តម្លៃមាសហក់ឡើងខ្ពស់កប់ពពក ចំពេលជម្លោះភូមិសាស្ត្រនយោបាយស្មុគស្មាញខ្លាំង
ហៀប ស៊ីថេត
21 ឧសភា 2024 06:00 AM

រាជធានីបាងកក៖ ហាងឆេងមាសបានកើនឡើងដល់កម្រិតខ្ពស់គឺ ២៤៥០ដុល្លារក្នុងមួយអោន ឬស្មើនឹងជាង៨ជី កាលពីថ្ងៃចន្ទ ទី២០ ខែឧសភា ខណៈនិន្នាការអតិផរណាដែលធ្លាក់ចុះនៅក្នុងសហរដ្ឋអាម៉េរិកបានកើនឡើងនូវសុទិដ្ឋិនិយមដែលថា ធនាគារកណ្តាលអាម៉េរិក នឹងចាប់ផ្តើមបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅឆ្នាំនេះ ទន្ទឹមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាកាន់តែកើនឡើង។

តម្លៃមាសលើទីផ្សារបានកើនឡើង ១,៤ភាគរយ ពោលគឺកើនឡើងដល់ ២៤៥០,០៧ដុល្លារ ក្នុងមួយអោននៅអាស៊ីកាលពីថ្ងៃចន្ទ ទី២០ ខែឧសភា។ អនាគតមាសរបស់អាម៉េរិកនឹងកើនឡើង ១,៥ភាគរយ ពោលគឺឡើងដល់ ២៤៥៣,២០ដុល្លារ។ពាណិជ្ជករមាសក្នុងស្រុកលោក ហ័រ សេងហេង (Hua Seng Heng) បានលើកឡើងថា មាសដុំបានបន្តឡើងថ្លៃយ៉ាងខ្លាំងសម្រាប់សប្តាហ៍ទីពីរ បន្ទាប់ពីបានកើនឡើងជាង ៣៨ដុល្លារកាលពីថ្ងៃសុក្រសប្តាហ៍មុន។ លើសពីនេះ លោកបាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា ៖«ទីផ្សារកាន់តែមានទំនុកចិត្តថា ក្រុមប្រឹក្សាភិបាលសហព័ន្ធបម្រុងនឹងកាត់បន្ថយអត្រាការប្រាក់ពីរដងក្នុងឆ្នាំនេះ ហើយប្រទេសចិនបានចេញវិធានការជំរុញសេដ្ឋកិច្ចដើម្បីជំរុញវិស័យអចលនទ្រព្យដែលកំពុងធ្លាក់ចុះដុនដាបដោយការបន្ធូរបន្ថយបទប្បញ្ញត្តិកម្ចីទិញផ្ទះ»។

ឥឡូវនេះទីផ្សារកំពុងតាមដានយ៉ាងជិតស្និទ្ធលើកំណត់ហេតុនៃកិច្ចប្រជុំគោលនយោបាយចុងក្រោយរបស់ក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាម៉េរិក ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ទី២២ ខែឧសភា រួមជាមួយនឹងមតិយោបល់ពីវាគ្មិនមួយចំនួនក្នុងសប្តាហ៍នេះអំពីអត្រាការប្រាក់ និងនិន្នាការអតិផរណា។ មាសត្រូវបានគេស្គាល់ថាជារនាំងការពារអតិផរណា ប៉ុន្តែអត្រាខ្ពស់ជាងបង្កើនតម្លៃឱកាសនៃការកាន់កាប់មាសដែលមិនផ្តល់ទិន្នផល។

លោក ហ័រ សេងហេង
លោក ហ័រ សេងហេង

ទន្ទឹមនឹងនេះ ភាពតានតឹងកាន់តែខ្លាំងនៅមជ្ឈិមបូព៌ាគឺស្ថិតនៅលើរ៉ាដានៃអ្នកវិនិយោគជុំវិញសង្គ្រាមដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែលនិងហាម៉ាស ជាពិសេសបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រៃស៊ី(Ebrahim Raisi) និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះបានស្លាប់នៅក្នុងកាហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។ ជាចុងក្រោយ ពាណិជ្ជករមាសខាងលើរូបនេះបានកត់សម្គាល់ថា ៖«ប៉ុន្តែការវិនិយោគក្នុងស្ថានភាពតម្លៃខ្ពស់គឺមានហានិភ័យ ដូច្នេះយើងសូមផ្ដល់អនុសាសន៍ឱ្យធ្វើការប៉ាន់ស្មានលើកិច្ចសន្យាអនាគតវែងក្នុងរយៈពេលខ្លី»។ គួរបញ្ជាក់ថា SPDR ដែលជាមូលនិធិមាសដ៏ធំបំផុតរបស់ពិភពលោកបានទិញមាសបន្ថែមចំនួន ៦,៦២តោនកាលពីសប្តាហ៍មុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត