
អត្ថបទ៖ អាន ប៊ុនរ័ត្ននៈ+ហៀប ស៊ីថេត
បទវិភាគ៖ យោធា និងនាវាចម្បាំងខ្នាតយក្សរបស់ចិន កំពុងបង្ហាញវត្តមាននៅឯមូលដ្ឋានកងទ័ពជើងទឹកសមុទ្ទរាមក្នុងខេត្តព្រះសីហនុ ដើម្បីបំពេញបេសកកម្មប្រតិបត្តិការសមយុទ្ធយោធាមួយដែលមានឈ្មោះថា «នាគមាស» ប្រចាំឆ្នាំ២០២៤ ខណៈសមយុទ្ធនេះកំពុងធ្វើឱ្យវៀតណាម និងបងធំអាម៉េរិកជ្រួលច្របល់...។

សមយុទ្ធនាគមាស កើតឡើងមិនបានប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់ប្រមុខការទូតចចកចម្បាំងចិនមកកាន់កម្ពុជា។ ជាការពិត កម្ពុជានឹងធ្វើសមយុទ្ធយោធាជាមួយភាគីចិនក្នុងសប្តាហ៍នេះ ខណៈសមយុទ្ធយោធាដ៏ធំដែលមិនធ្លាប់មានពីមុន នឹងក្លាយជាបន្លាពិសចាក់ដោតក្នុងទ្រូងវៀតណាមមួយផ្នែកទៀត បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោ ត្រៀមនឹងលេចចេញជារូបរាងឆាប់ៗនាចុងឆ្នាំ២០២៤នេះ។ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ SBM News តាមទូរសព្ទនៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះថា មែនទែនទៅ កម្ពុជា-ចិន តែងមានការប្រារព្ធពិធីសមយុទ្ធយោធាជាមួយគ្នាជាប្រចាំឆ្នាំ និងពុំមែនជារឿងថ្មី ឬចៃដន្យនោះឡើយ ព្រោះយើងដឹងហើយថា កម្ពុជា ជាមិត្តដែកថែបរបស់ចិន ដូច្នេះការជួយពង្រឹងវិស័យយោធា សេដ្ឋកិច្ច និងទំនាក់ទំនងកិច្ចការនយោបាយទាំងក្នុងតំបន់ និងពិភពលោក គឺចៀសមិនផុត។

គេនៅចាំបានថា ច្មីៗនេះ វៀតណាមព្យាយាមបំប៉ោងសំឡេងទៅកាន់បងប្អូនអាស៊ាន លើគម្រោងព្រែកជីកហ្វូណន-តេជោ មានប្រវែង១៨០គីឡូម៉ែត្រ ដែលផ្តល់ហិរញ្ញប្បទានដោយមហាយក្សចិន ក្នុងទំហំទឹកប្រាក់១,៧ពាន់លានដុល្លារអាម៉េរិក ដើម្បីតភ្ជាប់ផ្លូវទឹកថ្មីរបស់កម្ពុជា ពីរាជធានីភ្នំពេញទៅកាន់ឈូងសមុទ្ទថៃ កាត់តាមខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដោយភាគីវៀតណាមបានចងផ្អោបភ្ជាប់យោធាចិនជាមួយនឹងគម្រោងមិនទាន់ប្រសូតនេះ ដើម្បីឱ្យបងប្អូនអាស៊ានដែលកំពុងមានជម្លោះដែនទឹកជាមួយចិន មើលមកកម្ពុជាក្នុងផ្លូវអាក្រក់។ ត្រង់ចំណុចនេះ លោកបណ្ឌិត គិន ភា ពន្យល់ថា៖«វៀតណាមកំពុងលេងល្បែងយុទ្ធសាស្ត្រខ្លួនមួយជាន់ទូកពីរ ពោលគឺជើងម្ខាងជាន់ទូកបងធំអាម៉េរិក ដើម្បីកេងចំណេញយកប្រយោជន៍សេដ្ឋកិច្ច និងជាខ្នងបង្អែកដ៏រឿងមាំលើវិស័យការពារជាតិ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីពេលថ្មីៗ ចំណែកជើងម្ខាងទៀត វៀតណាមក៏បានបោះជំហានទៅលើទូកចិនផងដែរ តាមរយៈការចុះកិច្ចព្រមព្រៀងកសាងសហគមន៍ដែលមានជោគវាសនារួមគ្នាជាមួយភាគីចិន! ប៉ុន្តែវៀតណាមបែរជាស្រែកប្រាប់គេឯងថា ខ្លួនជាជនរងគ្រោះនៅក្នុងគម្រោងព្រែកជីកហ្វូណន-តេជោ ដែលអាចនឹងមានវត្តមានយោធាចិនទៅវិញ»។

តែទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានរូតវាំងននខ្មៅនៅពីក្រោយការតវ៉ាឡាំប៉ារបស់វៀតណាមលើ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលពួកគេព្យាយាមមិនព្រមស្តាប់ការបកស្រាយរបស់កម្ពុជា ព្រោះតែខ្លាចបាត់បង់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចមួយភាគធំដែលធ្លាប់ទទួលបានពីកម្ពុជា បន្ទាប់ពីគម្រោងផ្លូវទឹកដ៏លេចធ្លោមួយនេះលេចចេញជារូបរាង។ យ៉ាងណា គម្រោងព្រែកជីកហ្វូណន-តេជោ ប្រៀបបាននឹងថ្មក្ដៅមួយដុំដែលកំពុងស្អិតជាប់ទ្រូងថ្នាក់ដឹកនាំវៀតណាមរួចទៅហើយ ប៉ុន្តែពេលនេះ សមយុទ្ធយោធា «នាគមាស» បាននិងកំពុងធ្វើឱ្យវៀតណាមព្រួយបារម្ភកាន់តែខ្លាំងចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងចិន។ លោកបណ្ឌិត គិន ភា គូសបញ្ជាក់យ៉ាងដូច្នេះថា៖«មែនទែនទៅ នាវាចម្បាំងខ្នាតយក្ស និងទំនើបបំផុតរបស់ចិនចូលចតដើម្បីធ្វើសមយុទ្ធយោធារួមគ្នា រវាងកម្ពុជា-ចិន ខាងមុខនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ស្អិតល្មួតនៃចំណងមិត្តភាពដែកថែប និងការលើកកម្ពស់វិស័យយោធាកម្ពុជាឱ្យកាន់តែមានទំនើបកម្មបន្ថែមទៀត ដែលប្រទេសទាំងពីរធ្លាប់អនុវត្តជាប់ជាប្រចាំឆ្នាំ តែយ៉ាងណា ទោះចង់ឬមិនចង់ ការបារម្ភរបស់វៀតណាមត្រូវតែមាន ជាពិសេសការព្រួយបារម្ភទៅលើភាពចុះខ្សោយនៃឥទ្ធិពលរបស់ខ្លួន ដែលធ្លាប់មានមកលើកម្ពុជា ទាំងទិដ្ឋភាពផ្នែកនយោបាយ និងសេដ្ឋកិច្ចជាដើម»។

តើពិតដែរឬទេ ដែលថាកម្ពុជាជាគជ់នៃនាគរាជអាស៊ី កំពុងជះពន្លឺក្នុងតំបន់អាស៊ាន...? ពិតណាស់ គេមិនអាចប្រកែកបានឡើយ នៅពេលដែលនិយាយអំពីទំនាក់ទំនងល្អដ៏យូរលង់រវាងនាគរាជអាស៊ីចិន និងអតីតប្រទេសធ្លាប់មានប្រវត្តិជាចក្រភពដ៏ធំមួយក្នុងជ្រោយឥណ្ឌូចិនសម័យបុរាណ គឺកម្ពុជា។ ដ្បិតថាបច្ចុប្បន្ន កម្ពុជាជាប្រទេសមួយតូចជាងបណ្តាប្រទេសជាប់ភូមិផងរបងជាមួយក៏ពិតមែន ប៉ុន្តែការកសាងទំនុកចិត្តឱ្យមហាមិត្តចិនជឿជាក់លើគោលនយោបាយរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់បែបនេះ គឺជារឿងមួយដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃទៀតពិបាកធ្វើដូច ជាពិសេសទំនាក់ទំនងស្អិតល្មួតរាប់ចាប់តាំងពីប្រមុខដឹកនាំរដ្ឋ រហូតដល់ប្រជាពលរដ្ឋធម្មតា។ ចំណុចនេះហើយដែលកម្ពុជា ក្លាយជាគុជដ៏មានសារសំខាន់មួយរបស់ប្រទេសចិនចាប់យកធ្វើជាស្ពានយុទ្ធសាស្ត្រ ដើម្បីតភ្ជាប់ និងពង្រីកអំណាចខ្លួនចូលទៅកាន់ភូមិភាគអាស៊ីអាគ្នេយ៍ដ៏មានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

បើយើងក្រឡេកមកមើលសមយុទ្ធយោធា «នាគមាស» កម្ពុជា-ចិន ដែលបាននិងកំពុងរីកធំធាត់យ៉ាងលឿនឯណេះវិញ មិនត្រឹមតែជាបន្លាពិសក្នុងទ្រូងវៀតណាមប៉ុណ្ណោះទេ សម្រាប់បងធំអាម៉េរិក ក៏បានសម្ដែងការព្រួយបារម្ភ និងកំពុងសម្លឹងមើលមិនដាក់ភ្នែកផងដែរ ជុំវិញសកម្មភាពយោធាចិនបង្ហាញវត្តមានក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ដែលសម្ព័ន្ធមិត្តជិតស្និទ្ធ ហ្វីលីពីន កំពុងមានវិវាទយ៉ាងក្ដៅគគុកលើការទាមទារតំបន់ត្រួតស៊ីគ្នាក្នុងលម្ហសមុទ្ទចិនខាងត្បូងជាមួយភាគីចិន។ ទោះជាយ៉ាងណាក៏ដោយ បងធំទី១សហរដ្ឋអាម៉េរិក ក៏មិននៅស្ងៀមឱ្យរដ្ឋធានីប៉េកាំងវាទទីរុលចូលកាន់តែជ្រៅទៅក្នុងតំបន់ដ៏មានសក្តានុពលលើភូមិសាស្ត្រនយោបាយរបស់ខ្លួនកំពុងប្រជែងយកនេះដែរ។ វៀតណាម គឺជាកូនអុកដ៏មានសារសំខាន់មួយ ដែលរដ្ឋធានីវ៉ាស៊ីនតោនកំពុងចាប់យកធ្វើជាយុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពលនាគរាជអាស៊ីចិន ដែលជាបងធំទី២បន្ទាប់ពីខ្លួន ដូច្នេះទោះចង់មិនចង់ វៀតណាមត្រូវតែបន្លឺសំឡេងដាក់កម្ពុជា ដើម្បីបង្ហាញប្រាប់បងធំពីភក្តីភាព និងថាខ្លួនក៏កំពុងព្រួយបារម្ភពីវត្តមានយោធាចិន ដែលបាននិងកំពុងធ្វើដំណើរមកដល់ពីមុខ (ពីខាងកម្ពុជា) និងក្រោយរបងផ្ទះរបស់ខ្លួន ទាំងដែលវៀតណាមខ្លួនឯងដឹងច្បាស់ថា យោធាចិនដែលមកធ្វើសមយុទ្ធជាមួយកម្ពុជា ក្នុងពេលនេះ មិនបានស្នាក់នៅជាអចិន្ត្រៃយ៍លើដីកម្ពុជានោះឡើយ។ នេះជាការគូសបញ្ជាក់របស់លោកបណ្ឌិត គិន ភា។

សូមបញ្ជាក់ថា យោធាកម្ពុជាប្រមាណ២០០០នាក់ និងយោធាចិនចំនួន៧៦០នាក់ នឹងចូលរួមក្នុងសមយុទ្ធនាគមាសកម្ពុជា-ចិន រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ដែលគាំទ្រដោយនាវាចម្បាំងចិន៣គ្រឿង និងនាវាកម្ពុជា១១គ្រឿង។ គេគ្រប់គ្នាដឹងថា កម្ពុជាគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិន នៅក្នុងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ ខណៈចិនក៏ជាខ្នងបង្អែកដ៏សំខាន់របស់កម្ពុជាផងដែរ ជាមួយនឹងឥទ្ធិពលលើផ្នែកសេដ្ឋកិច្ចជាតិ ជាពិសេសគម្រោងព្រែកជីកហ្វូណន-តេជោ, ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសដែលរួមមាន៖ ព្រលានយន្តហោះ និងផ្លូវថ្នល់។ បន្ថែមពីនេះ ក៏នៅមានគម្រោងអភិវឌ្ឍក្នុងវិស័យឯកជនដូចជា៖ សណ្ឋាគារ កាស៊ីណូ និងអចលនទ្រព្យផងដែរ ដូច្នេះ ទំនាក់ទំនងរវាង កម្ពុជា-ចិន គឺបានផ្តល់ឱ្យគ្នាទៅវិញទៅមក ខណៈដែលកម្ពុជាទទួលបានផលប្រយោជន៍ពីប្រទេសចិនលើការពង្រឹងផ្នែកអភិវឌ្ឍវិស័យការពារជាតិ សេដ្ឋកិច្ច ផ្លូវគមនាគមន៍ និងនយោបាយការបរទេស។ ចំណែក ភាគីចិន ក៏ទទួលបានប្រយោជន៍ពីកម្ពុជាវិញដូចគ្នា នោះគឺការទទួលបានទំនុកចិត្តដ៏រឹងមាំនៃទំនាក់ទំនងការទូត ដែលជាស្ពានតភ្ជាប់ភូមិសាស្ត្រនយោបាយក្នុងតំបន់ និងអន្តរជាតិ ដើម្បីសម្រេចគោលដៅជាមហាអំណាចទី១ពិភពលោកនាពេលអនាគត៕




