
(រាជធានីភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ខណៈដែលប្រទេសមួយចំនួនកំពុងជួបវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសខ្លះបានផ្អាកដំណើរការសកម្មភាពសង្វាក់ផលិតកម្មនានា និងប្រទេសខ្លះទៀតកំពុងជួបវិបត្តិសង្រ្គាម ប៉ុន្តែកម្ពុជានៅតែមានស្ថានភាពល្អ និងមានកំណើនវិនិយោគនៅក្នុងប្រទេស។សម្តេចអះអាងថា កំណើនក្រុមហ៊ុនវិនិយោគនៅកម្ពុជា គឺកើតឡើងដោយសារកត្តាធំៗ២។

ថ្លែងក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កំណើនក្រុមហ៊ុនវិនិយោគនៅកម្ពុជា គឺកើតឡើងដោយសារកត្តាធំៗ២ គឺដោយសារតែសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជា រួមជាមួយនឹងការលើកទឹកចិត្តមូយចំនួន បានធ្វើឱ្យមានការទាក់ទាញវិនិយោគិនមកកម្ពុជាជាច្រើន។
សម្តេចតេជោបានបញ្ជាក់ដូច្នេះថា៖« ឥឡូវសូមសម្លឹងមើលទៅប្រទេសអ៊ុយក្រែន តើប្រទេសក្នុងពិភពលោក និងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ចង់ទៅវិនិយោគនៅប្រទេសមានសង្រ្គាមទេ? ចឹងគ្មានអ្នកណាអាចប្រថុយដាក់ទុនវិនិយោគ នៅប្រទេសមានសង្រ្គាម គ្មានសន្តិភាព និងសេ្ថរភាពនយោបាយនោះទេ ចឹងសព្វថ្ងៃកម្ពុជាមានកត្តា២ គឺសន្តិភាព និងស្ថិរភាពនយោបាយ ទើបជំរុញឱ្យបណ្ដាក្រុមហ៊ុនឈរជើងវិនិយោគនៅកម្ពុជាបាន»។

ប្រទេសកម្ពុជាត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឱ្យរហ័សនាមថា «ខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី» ដោយសារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ថេរ និងលឿនរហ័ស ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។
ជាងនេះទៀត អ្នកជំនាញផ្នែកសេដ្ឋកិច្ចធ្លាប់បានលើកឡើងដែរថា កំណើនក្រុមហ៊ុនវិនិយោគនៅកម្ពុជា គឺដោយសារតែក្រុមហ៊ុនទាំងនោះ បានសម្លឹងឃើញសក្តានុពលរបស់កម្ពុជា ដោយផ្អែកទៅលើកំណើនសេដ្ឋកិច្ចរឹងមាំជារៀងរាល់ឆ្នាំ បរិយាកាសវិនិយោគល្អ ទីតាំងវិនិយោគអំណោយផលល្អ នៅចំចំណុចកណ្តាលបេះដូងនៃបណ្តាប្រទេសអាស៊ាន កម្លាំងពលកម្មវ័យក្មេងច្រើន ពិសេស កត្តាស្ថិរភាពនយោបាយ សន្តិសុខ បានប្រែក្លាយកម្ពុជាពោរពេញទៅដោយឱកាសមាសសម្រាប់ការទាក់ទាញវិនិយោគ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៩ លំហូរទុនវិនិយោគពីបរទេសនៅកម្ពុជា មានចំនួនប្រមាណ ៣,៤ពាន់លានដុល្លារ ឆ្នាំ២០២០ បានបន្តកើនឡើងក្នុងទំហំតិចតួចប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិក និងឆ្នាំ២០២១ កើនដល់ ៤,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២២ ទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងដល់ទំហំជិតពាក់កណ្ដាលនៃឆ្នាំ២០២១ គឺប្រមាណ២ពាន់លានដុល្លារអាមេរិក ៕




