ទូច ចាន់វត្តី រងរបួសបាក់ដៃ ក្រោយរងបរាជ័យចាញ់កីឡាការិនីចិន
ជួន ចាន់ម៉ារ៉ាឌី
13 ឧសភា 2024 02:15 PM

គុនខ្មែរ៖ ការប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិកម្ពុជា-ចិន ក្នុងកម្មវិធីសេនាគុនខ្មែរយ័ន្ត៨ទិស ក្រោមការរៀបចំពីស្ដានីយទូរទស្សន៍ថោន កាលពីរាត្រីថ្ងៃទី១២ឧសភា ឆ្នាំ២០២៤ រវាងកីឡាការិនី ទូច ចាន់វត្តី និងកីឡាការិនីចិន លីន ជៀហៃ ដោយកីឡាការិនីកម្ពុជា បោះបង់ការប្រកួតនៅពាក់កណ្ដាលទឹកទី៣​ ព្រោះបាក់ឆ្អឹងកដៃខាងឆ្វេង។

គ្រាន់តែស្នូរជួងបន្លឺឡើងភ្លាម កីឡាការិនីកម្ពុជា ទូច ចាន់វត្តី មិនបង្អង់យូរឡើយ រូបនាងបានសម្រុកវាយសន្ធាប់ទៅលើកីឡាការិនីចិន លីន​ ជៀហៃ ពេញពីរទឹកមិនឱ្យកីឡាការិនីចិន ស្ទើររកឱកាសដកដង្ហើមរួច។ យ៉ាងណា ទស្សនីយភាពដ៏ជក់ចិត្តនេះ មហាជនអ្នកទស្សនាផ្ទាល់ និងមើលតាមបណ្តាញសង្គមមានជំនឿថា កីឡាការនីកម្ពុជានឹងទទួលបានជ័យជម្នះជាក់ជាមិនខាន។ ប៉ុន្តែគួរឱ្យស្ដាយ អ្វីៗត្រូវបានបញ្ចប់ ក្រោយ កីឡាការិនី ទូច ចាន់វត្តី ព្យាយាមប្រើក្បាច់ពិសេស ជង្គង់ហោះ ឬអ្នកគាំទ្រនិយមហៅក្បាច់នេះថា ហនុមានច្រានពពក ទៅកាន់ កីឡាការិនី លីន ជៀហៃ តែត្រូវកីឡាការិនីចិន យកជើងធាក់ទប់ធ្វើឱ្យកីឡាការិនី ទូច ចាន់វត្តី ធ្លាក់មកក្រោមលើក្តាតាបពី ស្របពេលជាមួយគ្នានោះ នាងក៏បានយកដៃច្រត់ដើម្បីទប់លំនឹង ប៉ុន្តែដៃរបស់នាងមិនអាចទ្រនឹងទម្ងន់បាន និងដោយសារធ្លាក់មកក្រឡាច់ច្បត់កដៃផងនោះ កដៃឆ្វេងរបស់នាងបានបាក់ ហើយជ័យជម្នះបានធ្លាក់ទៅលើកីឡាការិនីចិនតែម្ដង។

ភ្លាមៗកីឡាការិនីចិន ក៏មានការងឿងឆ្ងល់ដូចគ្នា ថាតើដៃគូរបស់នាងមានរឿងអ្វីទើបបានជាបោះបង់ការប្រកួតបែបបេះ ព្រោះក្នុងចិត្តនាងដឹងច្បាស់ហើយថា នាងបានចាញ់ពិន្ទុរួចទៅហើយ បើទោះបីជាមិនទាន់មានការកាត់សេចក្ដីពីចៅក្រមក៏ដោយ។ ទោះយ៉ាងណា មានការលើកឡើងពីអ្នកគាំទ្រថា ការឈ្នះរបស់កីឡាការនីចិន លីន ជៀហៃ ពេលនេះគឺជាសំណាងមួយដែលសូម្បីនាងខ្លួនឯងនឹកស្មានមិនដល់ ព្រោះការប្រកួតនេះ កីឡាការិនីកម្ពុជា ទូច ចាន់វត្តី មានប្រៀបជាងដាច់ឆ្ងាយ មិនថាបច្ចេកទេស កម្លាំងស៊ុហ្វ និងតិចនិច្ចប្រកួតទេ គឺកីឡាការិនីខ្មែរលើដាច់តែម្ដង។ ភ្លាមៗក្រុមគ្រូពេទ្រពិនិត្យឃើញថា ដៃខាងឆ្វេងរបស់កីឡាការិនី ទូច ចាន់វត្តី បានបាក់ឆ្អឹង​ ដោយតម្រូវឱ្យសម្រាកព្យាបាលរយៈពេលវែងទើបអាចជាសះស្បើយ តែរឿងថានាងអាចបន្តអាជីពប្រដាល់មួយនេះបានទៀត ឬយ៉ាងណា មានតែការរង់ចាំមើលនាងជាពីរបួសសិនតែប៉ុណ្ណោះ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត