ខេត្តកែប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ច្រានចោលការផ្សព្វផ្សាយថា អាជ្ញាធរមិនយកចិត្តទុកដាក់បណ្តាលឱ្យសត្វប្រើសដែលរត់ចូលស្រុកជិត១សប្តាហ៍ដេកត្រដរខ្យល់ងាប់ទើបមន្ត្រីជំនាញចុះមកយកទៅកាប់ចែកសាច់គ្នា។ អាជ្ញាធរអះអាងថា មិនមានការកាប់សាច់ចែកគ្នានោះទេ គឺមន្ត្រីដឹកយកសពសត្វប្រើសដែលងាប់នោះទៅកប់ចោលនៅក្រោយមន្ទីរកសិកម្មខេត្ត។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរកសិកម្មខេត្តកែបនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤..។

មន្ទីរកសិកម្មបញ្ជាក់តាមរយៈសេចក្តីបំភ្លឺថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មន្ទីរកសិកម្មខេត្តទទួលព័ត៌មាន និងរូបភាពពីពលរដ្ឋ ករណីថា មានសត្វប្រើស០១ក្បាលចុះពីភ្នំ ចូលក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ មន្ទីរកសិកម្ម អះអាងថា ក្រោយទទួលបានព័ត៌មាននោះ ស្ថាប័នខ្លួនបានចាត់នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីជំនាញ ចុះទៅពិនិត្យ និងសាកសួរព័ត៌មានអំពីសត្វប្រើសនោះ ប៉ុន្តែមិនបានទទួលព័ត៌មានជាក់លាក់ គ្រាន់តែដឹងថា ពិតជាមានប្រើស០១ក្បាលរត់ចូលភូមិនោះមែន តែមិនមានអ្នកដឹងអំពីព័ត៌មានច្បាស់លាស់ទេ។ លុះដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែប បានទទួលសេចក្តីរាយការណ៍ជាថ្មីម្ដងទៀត ពីអនុប្រធានភូមិកោះសោម ថាប្រើស០១ក្បាលបានរត់ចូលភូមិ។ លោកនាយខណ្ឌស្តីទី បានដឹកនាំមន្ត្រី ជំនាញចុះទៅពិនិត្យ ឃើញប្រើសនៅ ភូមិកោះសោមពិតមែន ហើយប្រើសនោះក៏បានបន្តរត់រហូតដល់ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ចូលដល់ក្នុងរបងផ្ទះប្រជាពលរដ្ឋឈ្មោះ ទេព សិលា ក្នុងស្ថានភាពផ្អើល រន្ធត់ និងភ័យខ្លាច ដើម្បីរកទីជម្រកសុវត្ថិភាព គឺវាបានរត់ចូលដល់ទ្រុងមាន់ប្រជាពលរដ្ឋ ទាំងស្ថានភាពដង្ហក់ហៀរទឹកមាត់។

មន្ទីរបញ្ជាក់បន្ថែមថា លុះដល់ម៉ោង៩ៈ២០នាទី មន្ត្រីរដ្ឋបាលព្រៃឈើបានទៅដល់ និងរាយការណ៍ជូនថ្នាក់លើ ដើម្បីស្នើសុំយោបល់យកសត្វប្រើសនោះទៅទុកដាក់នៅកន្លែងមានសុវត្ថិភាព។ ប៉ុន្តែគួរឱ្យសោកស្ដាយប្រើសនោះ ដង្ហក់រហូតដាច់ខ្យល់ស្លាប់ទោះមន្ត្រីខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ។ ចំពោះសត្វប្រើសឈ្មោលមានប្រវែងខ្លួន១៩០សង់ទីម៉ែត្រ កម្ពស់១៤០សង់ទីម៉ែត្រ និងស្នែងមានប្រវែង៦០សង់ទីម៉ែត្រនោះ មន្ត្រីដឹកយកមកមន្ទីរ និងស្នើសុំយោបល់ថ្នាក់ដឹកនាំដើម្បីមានវិធានការបន្ត។ មន្ទីរកសិកម្ម សង្កត់ធ្ងន់ថា៖«ដោយស្ថានភាពសត្វប្រើសងាប់ គួបផ្សំនឹងអាកាសធាតុក្ដៅផងបានធ្វើឱ្យខ្មោចសត្វឆាប់ប្រែប្រួលស្ថានភាពមានក្លិនស្អុយ មន្ត្រីយើងក៏សម្រេចចិត្តយកទៅកប់។ ពាក់ព័ន្ធមតិលើកឡើងថា អាជ្ញាធរមិនយកចិត្តទុកដាក់នោះ គឺមិនពិតប្រាកដទេ»។

ស្ថាប័នដដែលបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំ និងយកចិត្តទុកដាក់ណាស់លើការងាររថែរក្សា និងអភិរក្សសត្វព្រៃកម្រព្រោះជាសម្បត្តិជាតិ និងសម្បត្តិមនុស្សលោកដែលត្រូវរួមគ្នាការពារ ហើយបើមានអ្នកឃាត់ចាប់ ឬវាយឱ្យមានរបួសស្នាម សម្លាប់ នឹងត្រូវទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ស្តីពីព្រៃឈើដែលមានសុពលភាពជាធរមាន៕

