ព្រះខ័នរាជ្យស្វាយរៀងលើកពាន CPL ក្នុងផ្ទះភ្នំពេញក្រោន តែគ្រោងនឹងដង្ហែពានទៅខេត្តស្វាយរៀង
ជួន ចាន់ម៉ារ៉ាឌី
13 ឧសភា 2024 04:15 AM

បាល់ទាត់៖ ការប្រកួតជ្រើសរើសជើងឯកពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២៣-២០២៤ បានបិទបញ្ចប់ទៅកាលពីម្សិលមិញ ដោយក្រុបព្រះខ័នរាជ្យស្វាយរៀង បានលើកពាននៅក្នុងផ្ទះរបស់ក្រុមភ្នំពេញក្រោន ខណៈនៅថ្ងៃទី១៣ឧសភា ឆ្នាំ២០២៤នេះ អ្នកគាំទ្រនឹងធ្វើដំណើរមកភ្នំពេញ ដើម្បីរៀបក្បួនដង្ហែពានឆ្ពោះទៅកាន់ស្រុកកំណើតរបស់ខ្នួន...។

ពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២៣-២០២៤ សម្រាប់សប្ដាហ៍ទី៣០ ដែលជាការប្រកួតបិទបញ្ចប់រដូវកាល កាលពីយប់ថ្ងៃទី១២ឧសភា ឆ្នាំ២០២៤ និងពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគជាផ្លូវការ ដល់ក្លិបព្រះខ័នរាជ្យស្វាយរៀង ដោយបញ្ចប់ទៅក្នុងលទ្ធផលស្មើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ១-១។ នេះជាពានរង្វាន់ធំទី២ ក្នុងរដូវកាលនេះរបស់ក្រុមព្រះខ័នរាជ្យស្វាយរៀង បន្ទាប់ពីពួកគេឈ្នះពានរង្វាន់សម្តេចតេជោហ៊ុនសែន លើកទី១៧ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ និងបានក្លាយជាក្រុមដំបូងក្នុងរយៈពេល១៦ឆ្នាំចុងក្រោយ ដែលបានឈ្នះពានរង្វាន់២ក្នុង១រដូវកាល។ ក្នុងនាមជាជើងឯកពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ ព្រះខ័នរាជ្យស្វាយរៀង មានការងារកាន់តែច្រើនសម្រាប់រដូវកាលខាងមុខ។

គួរជម្រាបថា ក្រៅពីមានភារកិច្ចការពារតំណែងជើងឯកពានរង្វាន់ក្នុងស្រុកទាំងពីរ ពួកគេនៅមានភារកិច្ចលេងពានរង្វាន់អន្តរជាតិ២បន្ថែមទៀតដែរ ហើយប្រសិនបើពួកគេទទួលជោគជ័យក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ ASEAN Club Championship និង AFC Challenge League ក្រុមព្រះខ័នរាជ្យស្វាយរៀង នឹងឡើងទៅវគ្គចែកពូល ដែលមានការប្រកួតកាន់តែច្រើន។ ទន្ទឹមនឹងឧបសគ្គជាច្រើនបាននិងកំពុងរង់ចាំក្រុមខ្លាំងលីគកំពូលកម្ពុជាមួយនេះទៅដោះស្រាយ ថ្ងៃនេះត្រូវធ្វើរឿងសប្បាយៗជាមុនសិន ព្រោះអ្នកគាំទ្រនិបានធ្វើដំណើរមករាជធានីភ្នំពេញ​ រៀបចំក្បួនដង្ហែពានឆ្ពោះទៅស្រុកកំណើតរបស់ខ្លួននៅខេត្តស្វាយរៀងរួចហើយ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត