មេដឹកនាំឥណ្ឌូណេស៊ីថ្មី៖ ទំនាក់ទំនងការទូត ការចរចា និងវិធីសាស្ដ្ររបស់អាស៊ី ជួយលុបបំបាត់ភាពតានតឹង
ម៉េងហុង
13 ឧសភា 2024 02:30 AM

រដ្ឋធានីហ្សាការតា៖ កាលពីថ្ងៃទី១២ ខែឧសភា ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតថ្មីថ្មោងរបស់ឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីនតូ (Prabowo Subianto) ត្រៀមចូលកាន់តំណែងក្នុងខែតុលា លោកហាក់ដូចជាមានជំហររឹងមាំបន្ថែមទៀតនៅក្នុងគោលនយោបាយការបរទេស ដោយនិយាយថា ទំនាក់ទំនងការទូត ការចរចា និងវិធីសាស្ដ្ររបស់អាស៊ី (Asian way) បានជួយដោះស្រាយភាពតានតឹង។

លោក ប្រាបូវូ ស៊ូប៊ីនតូ
លោក ប្រាបូវូ ស៊ូប៊ីនតូ

លោក ប្រាបូវូ អាយុ៧២ឆ្នាំ បានឈ្នះការបោះឆ្នោតសកលនៅខែកុម្ភៈដោយចំនួនដ៏ច្រើនរួមជាមួយអនុប្រធានាធិបតី លោក ជីបរ៉ាន រ៉ាកាប៊ុមមីងរ៉ាកា (Gibran Rakabuming Raka) ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតីផុតអាណត្តិ ចូកូ វីដូដូ (Joko Widodo)។ នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានកាតា Al Jazeera ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក ប្រាបូវូ បាននិយាយថា៖«អាស៊ីអាគ្នេយ៍បានជួបប្រទះសង្គ្រាម អាណានិគមបរទេស និងការជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុង។ ប៉ុន្តែយើង​ដោះស្រាយ​វា​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​បរទេស យើងជជែកពិភាក្សា​គ្នា ​យើង​បាន​ជួបប្រជុំគ្នា​»​។ ការ​លើក​ឡើង​នេះ ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​មួយ​អំពី​អត្ថន័យ​នៃ​ពាក្យ​ថា វិធីសាស្ដ្ររបស់អាស៊ីសម្រាប់លោក។

នៅពេលសួរអំពីការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាម៉េរិកសម្រាប់ឥទ្ធិពលនៅក្នុងតំបន់ អតីតមេបញ្ជាការកងកម្លាំងពិសេសរូបនេះបានឆ្លើយថា៖«ឥណ្ឌូណេស៊ីបើកចំហយ៉ាងខ្លាំងចំពោះប្រទេសទាំងពីរ។ យើង​គោរព​អ្នក ហើយ​ដឹង​គុណ​ចំពោះ​ជំនួយ​កន្លង​មក​របស់​អ្នក»។ លោកបានបន្តថា៖«យើងអញ្ជើញទាំងសហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េ អឺរ៉ុប។ ជាការពិតដែលថា យើងជាមិត្តជាមួយអ្នកមិនមានន័យថា យើងមិនអាចធ្វើជាមិត្តជាមួយប្រទេសចិន ឥណ្ឌា រុស្ស៊ីបានទេ»។ លោកក៏បានលើកឡើងពីប្រពៃណី និងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី នៃការមិនចូលបក្សសម្ព័ន្ធ។ នៅក្នុងវេទិកាថ្នាក់តំបន់កាលពីខែវិច្ឆិកាកន្លងទៅ លោក ប្រាបូវូ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានប្តេជ្ញាចិត្តចំពោះគោលនយោបាយរបស់ខ្លួន ដែលមិនចូលបក្សសម្ព័ន្ធ ហើយនឹងរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន និងសហរដ្ឋអាម៉េរិក។

កាល​ពី​ខែ​មេសា លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ជប៉ុន និង​ម៉ាឡេស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​បរទេស​លើក​ដំបូង​របស់​លោក​ចាប់​តាំង​ពី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។ ក្នុងអំឡុងបទសម្ភាស លោកបានបដិសេធការដើរថយក្រោយតាមលទ្ធិប្រជាធិបតេយ្យ ដោយនិយាយថា ប្រទេសឥណ្ឌូណេស៊ីបានមើលឃើញការផ្ទេររដ្ឋាភិបាលដោយសន្តិវិធីជាច្រើនឆ្នាំ បើទោះបីជាមានបញ្ហាដែលចាំបាច់ត្រូវដោះស្រាយ ដូចជាអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។ មេដឹកនាំថ្មីថ្មោងរូបនេះបានបន្ថែមថា៖«ផលប្រយោជន៍ជាតិរបស់យើង នឹងណែនាំវិធីសាស្ដ្រចំពោះស្ថានភាពនៅខេត្តភាគខាងកើតបំផុតនៃប្រទេសប៉ាពូ (Papua) ដែលជាកន្លែងដែលក្រុមផ្តាច់ខ្លួនប្រដាប់អាវុធបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត