
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានអះអាងថាបារីអេឡិចត្រូនិកមានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀតដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារីអេឡិចត្រូនិក។

ទន្ទឹមនឹងនេះ មានជនឆ្លៀតឱកាសបានធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកក្រោមខ្លឹមសារ បំផ្លើសថាជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជា ផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារទៅវិញ។ សេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិករបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជាផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារទៅវិញ»។ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់សាធារណជន ជាពិសេសយុវវ័យក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ដែលបង្កគ្រោះថ្នាក់មកលើសុខភាពធ្ងន់ធ្ងរ ខណៈបារីប្រភេទនេះមានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា៖ នីកូទីន (Nicotine) ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត សារធាតុគីមីដែលមានក្លិនដូចជា ឌីសេទីល (Diacetyl) ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ បង់សែន (Benzene) ជាសារធាតុសរីរាង្គមានក្នុងផ្សែងរថយន្ត សារធាតុគីមីដែលអាចបណ្តាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde និងក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។

ក្រសួងបានបន្ថែមទៀតថា បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្តាលឱ្យញៀនខ្លាំងបង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេងទៀត។ យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត។ ការប្រើប្រាស់នីកូទីនអាចបណ្តាលឱ្យសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។ គួររំឭកផងដែរថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការជួញដូរ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) នៅកម្ពុជា ដោយហេតុថាផលិតផលនេះបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ការធ្វើអាជីវកម្ម និងនាំចូលផលិតផលបារីអេឡិចត្រូនិក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់បារី អេឡិចត្រូនិក៕




