
ខេត្តសៀមរាប៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ស៊ាង អូន និង ប៊ី ពិសិដ្ឋ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់អតីតឧកញ៉ា ឡេង ចាន់ណា…។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានគូសបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូង បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទចំនួន២នាក់បន្ថែមទៀត ដែលជាមេក្រុមនៅក្នុងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក មានឈ្មោះ ស៊ាង អូន ភេទប្រុស និងឈ្មោះ ប៊ី ពិសិដ្ឋ ភេទប្រុស។ ទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា ៣៨០នៃក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យបានបន្ថែមថា ការឃុំខ្លួនជនត្រូវចោទទាំង២នាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង និងសួរចម្លើយជនត្រូវចោទឃើញថា ជនត្រូវចោទទាំង២នាក់មានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ។ សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់។

គួររំឭកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកា ក្រុមហ៊ុន ប៊ី្រលាន ស៊ីធី វើលដ៍ និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបទល្មើសឆបោករំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។ ក្រោយមកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ តុលាការខេត្តសៀមរាប បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួកចំនួន២នាក់ផ្សេងទៀត ឈ្មោះ ចាន់ ឃីន ជាអគ្គនាយករង និងឈ្មោះ ផុន សាមាន ជាអគ្គនាយករង និងបក្ខពួក ពីបទល្មើសព្រហ្មទណ្ឌចំនួន៣។

បទល្មើសទាំងបីនោះ រួមមាន៖ ១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង)។ ២.មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់)។ ៣.សម្អាតប្រាក់តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។ រហូតមកដល់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាបបានសម្រេចការឃុំខ្លួនអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ រ៉េត សុធីតា។ យ៉ាងណា ក្រោយតុលាការសម្រេចបទចោទ អតីតឧកញ៉ាម្ចាស់ក្រុមហ៊ុនរូបនេះ ក៏ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារជា «ឧកញ៉ា» ផងដែរ កាលពីរសៀលថ្ងៃទី១៤មីនា ឆ្នាំ២០២៤៕




