
ខេត្តសៀមរាប៖ តុលាការខេត្តសៀមរាប ចេញដីកានាំខ្លួនជនត្រូវចោទម្នាក់បន្ថែមទៀត ឈ្មោះ រ៉េត សុធីដា ពាក់ព័ន្ធសំណុំរឿង ក្រុមហ៊ុន ប៊ី្រលាន ស៊ីធី វើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ ៣២ឆ្នាំត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបចេញដីកាបង្គាប់ឱ្យនាំខ្លួន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ដីកាបង្គាប់ឱ្យនាំខ្លួននោះបញ្ជាឱ្យជនជាប់ចោទ បង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស [ជាក្រុម មានការចាត់តាំង]» ។ សេចក្តីប្រកាសព័ត៌មានដដែលបង្ហាញទៀតថា ការនាំខ្លួនជនត្រូវចោទ រ៉េត សុធីដា ធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង ព្រមទាំងបានសួរចម្លើយ ជនត្រូវចោទ អតីតឧកញ៉ា ឡេង ចាន់ណា រួចឃើញថាជនត្រូវចោទមានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ។

សូមរំឭកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកា ក្រុមហ៊ុន ប៊ី្រលាន ស៊ីធី វើលដ៍ និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបទល្មើសឆបោករំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។ ក្រោយមក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ តុលាការខេត្តសៀមរាប បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួកចំនួន២នាក់ផ្សេងទៀត ឈ្មោះ ចាន់ ឃីន ជាអគ្គនាយករង និងឈ្មោះ ផុន សាមាន ជាអគ្គនាយករង និងបក្ខពួក ពីបទល្មើសព្រហ្មទណ្ឌចំនួន៣។ បទល្មើសទាំងបីនោះ រួមមាន៖ ១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង)។ ២.មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់)។ ៣.សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។ យ៉ាងណា ក្រោយតុលាការសម្រេចបទចោទ អតីតឧកញ៉ាម្ចាស់ក្រុមហ៊ុនរូបនេះ ក៏ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារជា «ឧកញ៉ា» ផងដែរ កាលពីរសៀលថ្ងៃទី១៤មីនា ឆ្នាំ២០២៤។

ក្រោយមកជនសង្ស័យដែលពាក់ព័ន្ធសំណុំរឿងនេះ ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនជាបន្តបន្ទាប់ជាក់ស្តែង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ២នាក់បន្ថែមទៀត ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌដដែលនេះ។ ជនត្រូវចោទទាំងពីរនាក់រួមមាន៖ ឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មោះសយ កុសល ភេទប្រុស អាយុ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស[ជាក្រុមមានការចាត់តាំង]» និងបទ «សម្អាតប្រាក់»។ អ្នកនាំពាក្យបន្ថែមថា ក្រោយសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទទាំង២រូបជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តស៊ើបសួរតាមនីតិវិធីច្បាប់៕





