តុលាការសម្រេចឃុំខ្លួនជនជាប់ចោទ២នាក់បន្ថែមទៀត ពាក់ព័ន្ធសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ឆបោកពលរដ្ឋ
អុន សម្ផស្ស
21 មីនា 2024 06:30 AM

រាជធានីភ្នំពេញ៖ តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនជាប់ចោទ២នាក់បន្ថែមទៀត ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ដែលមានអតីតឧកញ៉ា ឡេង ចាន់ណា ជាអគ្គនាយិកាក្រុមហ៊ុន។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាបចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤...។

រូបភាព៖ ឈ្មោះ សយ កុសល និងឈ្មោះ អ៊ឹម ស្រីវុទ្ធ 
រូបភាព៖ ឈ្មោះ សយ កុសល និងឈ្មោះ អ៊ឹម ស្រីវុទ្ធ 

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បញ្ជាក់ថាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ២នាក់បន្ថែមទៀត ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌនោះ។ ជនត្រូវចោតទាំងពីរនាក់រួមមាន៖ ឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ៣៤ឆ្នាំមកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស[ជាក្រុមមានការចាត់តាំង]» និងបទ «សម្អាតប្រាក់»។ អ្នកនាំពាក្យបន្ថែមថា ក្រោយសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទទាំង២រូបជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តស៊ើបសួរតាមនីតិវិធីច្បាប់។ ជាមួយគ្នានោះ សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។

រូបភាព៖ អតីតឧកញ៉ា ឡេង ចាន់ណា
រូបភាព៖ អតីតឧកញ៉ា ឡេង ចាន់ណា

សូមរំឭកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកា ក្រុមហ៊ុន ប៊ី្រលាន ស៊ីធី វើលដ៍ និងបក្ខពួកតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបទល្មើសឆបោករំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។ ក្រោយមក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ តុលាការខេត្តសៀមរាប បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួកចំនួន២នាក់ផ្សេងទៀត ឈ្មោះ ចាន់ ឃីន ជាអគ្គនាយករង និងឈ្មោះ ផុន សាមាន ជាអគ្គនាយករង និងបក្ខពួក ពីបទល្មើសព្រហ្មទណ្ឌចំនួន៣។

រូបភាព៖ អតីតឧកញ៉ា ឡេង ចាន់ណា, ឈ្មោះ ផុន សាមាន និងឈ្មោះ ឈ្មោះ ចាន់ ឃីន
រូបភាព៖ អតីតឧកញ៉ា ឡេង ចាន់ណា, ឈ្មោះ ផុន សាមាន និងឈ្មោះ ឈ្មោះ ចាន់ ឃីន

បទល្មើសទាំងបីនោះ រួមមាន៖១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង)។ ២.មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់)។ ៣.សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។ យ៉ាងណា ក្រោយតុលាការសម្រេចបទចោទអតីតឧកញ៉ាម្ចាស់ក្រុមហ៊ុនរូបនេះ ក៏ត្រូវបាន ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារជា «ឧកញ៉ា» ផងដែរកាលពីរសៀលថ្ងៃទី១៤មីនា ឆ្នាំ២០២៤៕

រូបភាព៖ ឈ្មោះ សយ កុសល និងឈ្មោះ អ៊ឹម ស្រីវុទ្ធ 
រូបភាព៖ ឈ្មោះ សយ កុសល និងឈ្មោះ អ៊ឹម ស្រីវុទ្ធ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត