
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ហៅកាត់ថា ន.អ.ច. នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងប្រាប់សាធារណជនថា មានក្រុមហ៊ុនអភិវឌ្ឍដីឡូតិ៍ចំនួន១២ កំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ពីស្ថាប័នខ្លួន ខណៈគេសង្កេតឃើញថា ការប្រកាសរបស់ ន.អ.ច.នេះធ្វើឡើងចួនចំពេលផ្ទុះរឿងលោកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនដីឡូតិ៍ ឆបោកពលរដ្ឋអស់ប្រាក់រាប់លានដុល្លារអាម៉េរិក ត្រូវសមត្ថកិច្ចឃាត់ខ្លួន នឹងបញ្ចប់គោរមងារឧកញ៉ា។

ផ្អែកតាមសេចក្តីប្រកាសចំនួនពីរដាច់ដោយឡែកពីគ្នារបស់ ន.អ.ច. បានអះអាងថាក្រុមហ៊ុនទាំង១២នោះរួមាន៖ ទី១ ក្រុមហ៊ុនដែនដីអង្គរ អិមផាយអី ឯ.ក គម្រោង «ដែនដី អាណាចក្រអង្គរ» ភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ទី២ ក្រុមហ៊ុន ខេភី រៀល អ៉ីស្ទេត ឯ.ក ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ទី៣ គម្រោង «ដីឡូតិ៍ ម៉ន ដានី» ភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ទី៤ ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង «កំពតរីវើផាក» ភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ទី៥ ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រផីធី ឯ.ក គម្រោង «ចម្ការលំហែកាយ» ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ទី៦ ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង «ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង» ភូមិប្រស្នឹប ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រីឯទី៧ ក្រុមហ៊ុន ដាប់បិល ណាញ ឯ.ក គម្រោង «មរតកទំព័រមាស» ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី៨ ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង «បុរី រីស៊ត មណ្ឌលគិរី» ភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ទី៩ ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អ៊ិនវេសម៉ិន ឯ.ក គម្រោង «ដីឡូតិ៍ ស្កាយ ហ្គាឡាក់ស៊ី» ភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី១០ គម្រោង «ដីឡូតិ៍ ទីក្រុងមាស» ភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ទី១១ ក្រុមហ៊ុន ធីឌី អចលនទ្រព្យ សៀមរាប អង្គរ ឯ.ក គម្រោង «ដីឡូតិ៍ថ្មី ក្រុងតាខ្មៅ» ភូមិឆ្មារពួន ឃុំជើងកែប ស្រុកកណ្ដាលស្ទី ខេត្តកណ្តាល និងទី១២ គម្រោង «ដីឡូតិ៍ សំបូរមាស» ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ភ្ជាប់ជាមួយការប្រកាសឈ្មោះក្រុមហ៊ុន/គម្រោង ដែលគ្មានអាជ្ញាបណ្ណ ហើយកំពុងធ្វើអាជីវកម្មនៅកម្ពុជានេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំសង្កត់ធ្ងន់ថា ៖« សូមសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ទិញ ឬជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន/គម្រោងអភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណទាំងខាងលើ ដែលអាចធ្វើឱ្យ ខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម»។

គួរកត់សម្គាល់ថា ការប្រកាសរបស់ ន.អ.ច. ចួនចំពេលដែលមានការឃាត់ខ្លួនឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី វើលដ៍ និងបក្ខពួក២នាក់ទៀត រងបទចោទ ករណីឆបោក មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និងលាងលុយកខ្វក់។ ផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបទល្មើសឆបោករំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។ ដោយឡែក នៅរសៀលថ្ងៃទី១៤ មីនានេះ អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី វើលដ៍ នេះក៏ត្រូវបាន ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារជា «ឧកញ៉ា» ផងដែរ។ ទន្ទឹមគ្នានោះគេនៅចាំបានថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកស្រី ម៉ន ដានី ម្ចាស់គ្រប់ក្រុមហ៊ុន បុរី ម៉ន ដានី ដែលកំពុងមានបញ្ហាជាមួយអតិថិជនទិញផ្ទះ និងដីក្នុងគម្រោងទី២៩ ផ្លូវជាតិលេខ៣ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនមកបំភ្លឺ រឿងចេញសែកគ្មានប្រាក់ដូចគ្នា៕







