
ខេត្តសៀមរាប៖ តុលាការខេត្តសៀមរាប សម្រេចបង្កកគណនីធនាគារចំនួន១៨៣គណនី និងទ្រព្យសម្បត្តិមួយចំនួន ហើយបន្តស៊ើបអង្កេតលើអ្នកពាក់ព័ន្ធនានា ទាំងសវតាជាតិ និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធសំណុំរឿង ក្រុមហ៊ុន ប៊ី្រលាន ស៊ីធី វើលដ៍ ឯ.ក របស់អតីតឧកញ៉ា ឡេង ចាន់ណា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី វឌ្ឍនភាពចំណាត់ការសំណុំរឿងរបស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤...។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា វឌ្ឍនភាពចំណាត់ការសំណុំរឿងនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្តកិច្ចនីតិវិធីជាច្រើនរួមមាន៖ សម្រេចបង្កកគណនីធនាគារចំនួន១៨៣គណនី និងទ្រព្យសម្បត្តិមួយចំនួន។ សាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនជនត្រូវចោទចំនួន៥នាក់ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន២នាក់។ ទន្ទឹមគ្នានោះ តុលាការថាបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន២៤នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ បន្ថែមលើនេះ ស្ថាប័នដដែលអះអាងថា បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួសដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតារជាតិរបស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ចំពោះមុខនៃការបញ្ជាក់ពីវឌ្ឍនភាពចំណាត់ការសំណុំរឿងនេះ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបសង្កត់ធ្ងន់ថា សាលាដំបូងខេត្តសៀមរាប បាននិងកំពុងចាត់ការហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ី្រលាន ស៊ីធី វើលដ៍ របស់ជនត្រូវចោទ ឡេង ចាន់ណា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។ ដូច្នេះ សាលាដំបូងខេត្តសៀមរាបស្នើបងប្អូនប្រជាពលរដ្ឋ សាធារណជន និងបណ្តាញសារព័ត៌មាន សហការគ្រប់ជ្រុងជ្រោយរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ដើម្បីឱ្យសាលាដំបូងខេត្តសៀមរាប បន្តចាត់ការសំណុំរឿងនេះប្រកបដោយប្រសិទ្ធភាព និងផ្តល់យុត្តិធម៌ជូនភាគីដែលមានការពាក់ព័ន្ធទាំងអស់នាពេលខាងមុខ។

សូមរំឭកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយិកា ក្រុមហ៊ុន ប៊ី្រលាន ស៊ីធី វើលដ៍ និងបក្ខពួក តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបទល្មើសឆបោករំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។ ក្រោយមក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ តុលាការខេត្តសៀមរាប បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួកចំនួន២នាក់ផ្សេងទៀត ឈ្មោះ ចាន់ ឃីន ជាអគ្គនាយករង និងឈ្មោះ ផុន សាមាន ជាអគ្គនាយករង និងបក្ខពួក ពីបទល្មើសព្រហ្មទណ្ឌចំនួន៣។ បទល្មើសទាំងបីនោះ រួមមាន៖១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង)។ ២.មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់)។ ៣.សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។ យ៉ាងណា ក្រោយតុលាការសម្រេចបទចោទ អតីតឧកញ៉ាម្ចាស់ក្រុមហ៊ុនរូបនេះ ក៏ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារជា «ឧកញ៉ា» ផងដែរ កាលពីរសៀលថ្ងៃទី១៤មីនា ឆ្នាំ២០២៤។

ក្រោយមកជនសង្ស័យដែលពាក់ព័ន្ធសំណុំរឿងនេះ ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនជាបន្តបន្ទាប់ ជាក់ស្តែង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ២នាក់បន្ថែមទៀត ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌដដែលនេះ។ ជនត្រូវចោទទាំងពីរនាក់រួមមាន៖ ឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មោះសយ កុសល ភេទប្រុស អាយុ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស[ជាក្រុមមានការចាត់តាំង]» និងបទ «សម្អាតប្រាក់»។ អ្នកនាំពាក្យបន្ថែមថា ក្រោយសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទទាំង២រូបជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តស៊ើបសួរតាមនីតិវិធីច្បាប់៕





