បរទេសណាមិនញញើត! ភរិយា កែវ រំចង់ នាំយកកីឡាករគុនខ្មែររាប់ម៉ីននាក់ វាយតទល់បរទេសតែម្នាក់បែបនេះ
ជួន ចាន់ម៉ារ៉ាឌី
06 ឧសភា 2024 10:45 AM

គុនខ្មែរ៖ ការប្រកួតដ៏កក្រើកនៅលើសង្វៀនគ្រុឌគុនខ្មែរ ក្រោមការរៀបចំពីស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីរាត្រីថ្ងៃទី០៥ឧសភា ឆ្នាំ២០២៤ ជាការប្រកួតរវាងកីឡាករតោកំណាច កែវ រំចង់ ប៉ះជាមួយជើងខ្លាំងមកពីអ៊ីរ៉ង់ កីឡាករ សេយេដ ម៉ូស្តាហ្វា បញ្ចប់ត្រឹមដើមទឹកទី២ប៉ុណ្ណោះ។ យ៉ាងណា មានមតិពីមហាជនលើកឡើងថា ការប្រកួតគុនខ្មែរប្រើទម្រង់បែបនេះ បរទេសណាមិនញញើត ខណៈដែលភរិយាកីឡាករ កែវ រំចង់ គឺអ្នកស្រី ហម នីតា​ នាំយកកីឡាករគុនខ្មែររាប់ម៉ឺននាក់(អ្នកគាំទ្រ)មកវាយតទល់ជាមួយកីឡាករបរទេសតែម្នាក់ឯង...។

ការប្រកួតមិត្តភាពអន្តរជាតិដ៏អស្ចារ្យរវាងតោកំណាច កែវ រំ ចង់ ជាមួយកីឡាករអ៊ីរ៉ង់ សេយេដ ម៉ុស្តាហ្វា ដែលមានអ្នកទស្សនាការផ្សាយផ្ទាល់នៅលើផេកផ្លូវការ រហូតដល់ទៅជាង១២ម៉ឺន៥ពាន់នាក់ និងនៅលើគេហទំព័រយូធូបជាង១ម៉ឺន៥ពាន់នាក់ ខណៈអ្នកស្រី ហម នីតា ភរិយាតោកំណាច បាននាំយកអ្នកគាំទ្ររាប់ម៉ឺននាក់ចូលរួមស្រែកហ៊ោរកងរំពងលើកទឹកចិត្តស្វាមីខ្លួន​ ក៏ដូចជាលើកទឹកចិត្តដល់កីឡាករគុនខ្មែរ។ គ្រាន់តែកីឡាករ កែវ រំចង់ ឈានជើងឡើងសង្វៀនភ្លាម សំឡេងអ្នកគាំទ្រដែលត្រូវជាអ្នករួមស្រុកកំណើតនឹងគ្នាផងនោះ បានស្រែកហ៊ោរកងរំពងដង្ហើយហៅឈ្មោះកែវ រំចង់ៗៗៗ គឺប្រៀបបាននិងកំពុងវាយបំបាក់ស្មារតីកីឡាករអ៊ីរ៉ង ដែលត្រៀមប្រកួតតតាំងនៅលើសង្វៀន ដោយអារម្មណ៍បាក់ស្រុតមុនបាត់ទៅហើយ។ តែទោះយ៉ាងណាកីឡាករអ៊ីរ៉ង់រូបនេះ មិនរន្ធត់ទៅហ្នឹងសំឡេងហ៊ោរនោះទេ គេបានព្រឹងស្មារតីចូលវាយទៅលើកីឡាករ កែវ រំចង់ ភ្លាមៗបន្ទាប់ពីស្នូរជួងបន្លឺឡើង។ បន្ថែមលើនេះ កីឡាករ សេយេដ ម៉ុស្តាហ្វា បានបង្ហាញកាយវិការឌឺដងឱ្យកីឡាករ កែវ រំចង់ ថែមទៀតផង។

ភ្លាមៗ តោកំណាច កែវ រំចង់ មិនបង្អង់យូរ រូបគេបានព្យាយាមវាយសន្ធាប់ទៅលើកីឡាករអ៊ីរ៉ង់​ រហូតធ្វើឱ្យកីឡាករ សេយេដ ម៉ុស្តាហ្វា វង្វេងវង្វាន់ពេញសង្វៀននៅចុងទឹកទី១ និងតវ៉ាទៅលោកអាជ្ញារកណ្ដាលបញ្ជាការប្រកួត ថារូបគេរងភាពអយុត្តិធម៌ គឺត្រូវតោកំណាចវាយត្រូវក្បាលពីខាងក្រោយជាការខុសលក្ខន្តិកនៃការប្រកួតទាំងជាក់ស្ដែង គឺវាយចូលផ្ទៃមុខច្បាស់ៗ។ ឈានចូលទឹកទី២ កែវ រំចង់ បានបន្ថែមល្បឿនវាយប្រហារលើដៃគូដោយប្រើអាវុធកែង ការទាត់ធ្ងន់ៗ និងកណ្ដាប់ដៃវាយសន្ធាប់រហូតរាប់២ដងនៅដើមទឹកតែម្ដង។ ជាលទ្ធផល តោកំណាចចាស់វស្សារូបនេះ មិនទុកយូរឱ្យជូផ្អូមឡើយ គេបានសម្រុកវាយផ្ដាច់មិនពិបាករាប់ជាលើកទី៣នោះទេ គឺលោកអាជ្ញារកណ្ដាលបញ្ជាការប្រកួតសម្រេចប្រើឆន្ទានុសិទ្ធិបញ្ឈប់ការប្រកួតតែម្ដង ព្រោះបើបណ្ដែតបណ្ដោយឱ្យប្រកួតបន្ត ច្បាស់ជាគ្រូពេទ្យរវល់ជាក់ជាមិនខាន។

តាមរយៈជ័យជម្នះនេះ អាចនិយាយបានថា ជាជ័យជម្នះលើកដំបូងហើយសម្រាប់តោកំណាច កែវ រំចង់ ដែលធ្វើការប្រកួតក្នុងព្រឹត្តិការណ៍ធំលើដែនដីនៃស្រុកកំណើតរបស់ខ្លួនផ្ទាល់បន្ទាប់ពីវិលចូលអាជីពប្រដាល់ឡើងវិញ។ ទោះជាយ៉ាងណា តោកំណាចចាស់វស្សាដែលមានស្រុកកំណើតមកពីខេត្តបាត់ដំបងរូបនេះ បានគន់គូរគិតទុកជាមុនហើយថា សម្រាប់ការប្រកួតគីឡូធ្ងន់ អាចជាការប្រកួតចុងក្រោយរបស់គេ។ ប៉ុន្តែ សិស្សច្បងធំ កែវ រំចង់ ក៏បានសន្យាជាមួយអ្នកគាំទ្រដែរថា នឹងធ្វើគីឡូឱ្យមកនៅត្រឹមនៅ៦៩-៧៥គីឡូក្រាមវិញ តែត្រូវការពេលវេលាមួយរយៈ ពោលគឺយ៉ាងយូ៦ខែទៀតនឹងត្រឡប់មកសាជាថ្មី។​ មែនទែនទៅ សម្រាប់ការប្រកួតគីឡូធ្ងន់កក្រើកដល់ម្លឹងហើយ តែគួរឱ្យស្ដាយ បើនេះជាការប្រកួតចុងក្រោយពិតមែននោះ។​ ដូច្នេះ បងប្អូនគាំទ្រគុនខ្មែរមានតែរង់ចាំមើលតោកំណាចរូបនេះបង្ហាញខ្លួនសាជាថ្មីប៉ុណ្ណោះ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត