អ្នកគាំទ្រសាទរស្ថានីយទទក រៀបចំការប្រកួតគ្មានវត្តមានកីឡាករថៃ ខណៈសិស្សច្បងធំ កែវ រំចង់ មិនសប្បាយចិត្ត
ជួន ចាន់ម៉ារ៉ាឌី
04 ឧសភា 2024 11:15 AM

គុនខ្មែរ៖ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៤-0៥ឧសភា ឆ្នាំ២០២៤ នឹងធ្វើដំណើរទៅអង្រួនបេះដូងអ្នកគាំទ្រគុនខ្មែរនៅខេត្តបាត់ដំបងចំនួនពីរថ្ងៃ។ ក្រោយអ្នករៀបចំកម្មវិធីប្រកួត បានផ្សំផ្គុំឱ្យមានការប្រកួតលក្ខណៈគុនខ្មែរដណ្ដើម-ការពារខ្សែក្រវាត់ ខណៈមហាជនបានសម្ដែងការចាប់អារម្មណ៍អំពីការប្រកួត គឺគ្មានវត្តមានកីឡាករថៃចូលរួមនោះឡើយ។ ប៉ុន្តែ សិស្សច្បងធំ កែវ រំចង់ ហាក់មិនពេញចិត្តសម្រាប់ការប្រកួតរបស់ខ្លួនទេ បើទោះបីជាការប្រកួតនោះស្ថិតលើផ្ទៃដីនៃស្រុកកំណើតរបស់ខ្លួនក៏ដោយ។ នេះបើយោងតាមការឱ្យដឹងពីកីឡាករ កែវ រំចង់ ទម្លាយប្រាប់ក្រុមអ្នកយកព័ត៌មានកីឡា...។

កីឡាករ កែវ រំចង់
កីឡាករ កែវ រំចង់

ចុងសប្ដាហ៍នេះ ក្រៅពីគូ ការពារ-ដណ្ដើមខ្សែក្រវាត់គ្រុឌគុនខ្មែរ រវាងក្របីព្រៃ ពេជ្រ សម្បត្តិ ជាមួយស្ដេចតុកកែ ធន់ វណ្ណា ដែលអ្នកគាំទ្រកំពុងចាំអុតមើលថានរណាជាជើងខ្លាំងលើប្រភេទទម្ងន់៦០គីឡូក្រាមនេះ។ ចំណែកគូរមិត្តភាពអន្តរជាតិជាច្រើនប្រទេស ក៏បានចូលរួមដែរ ប៉ុន្តែសម្រាប់ការប្រកួតពីរថ្ងៃនេះ គ្មានវត្តមានកីឡាករថៃចូលរួមនោះទេ។ មហាជនបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង លើការរៀបចំការប្រកួតដោយគ្មានវត្តមានកីឡាករថៃចូលរួមបែបនេះ និងចាត់ទុកថាជារឿងមួយល្អ ហើយគួររក្សានិន្នាការបែបនេះបន្តទៀត។ យើងមិនស្អាប់កីឡាករថៃទេ តែមកពីខាងសង្វៀនប្រទេសគេមិនឱ្យតម្លៃកីឡាករយើងជាមុន ដូច្នេះ ការបិទកីឡាករថៃមួយរយៈក៏ល្អដែរ កុំឱ្យគេថាយើងចៀសគេមិនរួច។

សមសភាពកីឡាករប្រកួតទាំងជាតិ និងអន្តរជាតិថ្ងៃទី០៤-០៥ ឧសភា ឆ្នាំ២០២៤
សមសភាពកីឡាករប្រកួតទាំងជាតិ និងអន្តរជាតិថ្ងៃទី០៤-០៥ ឧសភា ឆ្នាំ២០២៤

ទន្ទឹមនឹងការប្រកួតដែលគ្មានវត្តមានកីឡាករផ្ទះលេខពីរចូលរួមប្រកួតនេះ សិស្សច្បងធំដែលមានរហ័សនាមតោកំណាច កែវ រំចង់ បានទម្លាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្លួនមិនសប្បាយចិត្តចំពោះការប្រកួតនេះឡើយ បើទោះជាការប្រកួតដែលនឹងគៀកជិតមកដល់ទៅហើយក្ដី។ តោកំណាច ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បាននិយាយថា ខ្លួនមិនពេញចិត្តចំពោះការប្រកួតនេះទេ ព្រោះការប្រកួតក្នុងប្រភេទទម្ងន់ធ្ងន់បែបនេះ គឺកាយសម្បទាមិនមានភាពរហ័សរហួនដូចមុនឡើយ​ និងបារម្ភថា ការឡើងប្រកួតមិនបានបង្ហាញទស្សនីយភាពដ៏ជក់ចិត្តដល់មហាជនអ្នកគាំទ្រ ពិសេសគឺអ្នកគាំទ្រនៅស្រុកកំណើតផ្ទាល់តែម្ដង។ កីឡាករ កែវ រំចង់ បន្តថា រូបគេមិនចង់ទទួលយកការប្រកួតនេះទេ ប៉ុន្តែដោយសារមានការស្នើសុំពីអ្នករៀបចំកម្មវិធី ទើបរូបគេត្រូវបង្ខំចិត្តទទួលយកការប្រកួតនេះ ទាំងដែលកំពុងសម្រកទម្ងន់នៅឡើយ។

កែវ រំចង់ បន្ថែមថា ប្រសិនបើបដិសេធមិនទទួលយកការប្រកួតក៏ពីបាក ព្រោះថាការដែលសំងំហ្វឹកហាត់តែម៉្យាង គឺមិនមានប្រាក់ចំណូលទេស្របពេលដែលរូបគេកំពុងជួបការលំបាកលើបញ្ហាជីវភាពផងដែរ។ យ៉ាងណា តោកំណាច កែវ រំចង់ នៅតែអះអាងថា ការប្រកួតមួយនេះបើទោះបីជាស្ថិតក្នុងលទ្ធផលយ៉ាងណា រូបបគេប្ដេជ្ញាមិនធ្វើឱ្យបងប្អូនអ្នកទស្សនាខកបំណងឡើយ។ សម្រាប់ការប្រកួតគីឡូធ្ងន់នេះ អាចជាការប្រកួតចុងក្រោយហើយ ព្រោះលោកបានសន្យាជាមួយអ្នកគាំទ្រហើយថា នឹងធ្វើគីឡូឱ្យមកនៅត្រឹមនៅ៦៩-៧៥គីឡូក្រាមវិញ តែក៏ត្រូវការពេលវេលាមួយរយៈ ពោលគឺយ៉ាងយូ៦ខែទៀតប៉ុណ្ណោះ នឹងត្រឡប់មកសាជាថ្មី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត