
ក្រសួងសុខភិបាលបានក្រើនរំឭកឱ្យពលរដ្ឋទទួលទានទឹកឱ្យបានច្រើន អំឡុងពេលអាកាសធាតុក្ដៅខ្លាំងដូចពេលនេះ និងត្រូវបង្កើនការប្រុងប្រយ័ត្នសម្រាប់អ្នកងាយរងគ្រោះដោយសាររលកកម្តៅ ដូចជា ទារក កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកធ្វើការក្រោមកម្តៅថ្ងៃជាដើម។ ថ្ងៃនេះ SBM News សូមចូលរួមក្រើនរំឭក នឹងណែនាំផ្លែឈើ៧ មុខសម្រាប់លោកអ្នកទទួលទាន ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់ បន្ថែមពីលើការទទួលទានទឹក។

ការទទួលទានទឹកឱ្យបានច្រើនពិតជាសំខាន់និង ជាមធ្យោបាយដ៏ល្អសម្រាប់ការថែទាំសុខភាពនារដូវក្ដៅហួតហែងនេះ។ អ្វីដែលយើងត្រូវដឹងនោះគឺ ផ្លែឈើក៏ជា អាហារដ៏ល្អបំផុតមួយដែលត្រូវទទួលទានក្នុងងរដូវក្ដៅនេះ ពិសេសផ្លែឈើដែលផ្តល់ឱ្យអ្នកនូវជាតិទឹកច្រើន គួបផ្សំនឹងសារធាតុចិញ្ចឹមផងដែរ ទាំងនេះគឺជាផ្លែឈើ ៧មុខដែលនឹងជួយអ្នកជាខែលទប់ទល់នឹងរលកកម្តៅ។
១-ផ្លែឪឡឹក៖ ផ្លែឪឡឹកគឺជាជម្រើសដំបូងគេនិងល្អបំផុត។ ប្រសិនបើអ្នកអាចទទួលទានបាន ១ផ្លែក្នុង១ថ្ងៃនៅរដូវក្ដៅនេះ អ្នកមិនត្រឹមតែអាចធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយរបស់អ្នកចុះត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែឪឡឹកក៏មានជាតិទឹកដល់ទៅ ៩២ភាគរយ ដែលមានន័យថាកម្រិតជាតិទឹករបស់អ្នកនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងរាងកាយ។ លើសពីនេះ ឪឡឹកសម្បូរទៅដោយ៖ វីតាមីន សារធាតុរ៉ែ កាល់ស្យូម និងសារធាតុសរសៃ។ លើសពីនេះ ឪឡឹកក៏មានសារសំខាន់សម្រាប់សុខភាពឆ្អឹង និងសរសៃឈាមបេះដូងផងដែរ។

២-ផ្លែម្នាស់៖ ម្នាស់គឺជាផ្លែឈើត្រូពិចដ៏ល្អសម្រាប់ទទួលទាននៅរដូវក្ដៅនេះ ព្រោះវាផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា៖ វីតាមីនC និងវីតាមីនD។ លើសពីនេះ ម្នាស់គឺជាសារធាតុប្រឆាំងនឹងអាកាសធាតុក្ដៅខ្លាំង និងអាចជួយអ្នកឱ្យជាសះស្បើយពីការដុតកម្លោចដោយពន្លឺព្រះអាទិត្យ។

៣-ផ្លែស្វាយ៖ ផ្លែស្វាយ គឺជាផ្លែឈើមួយប្រភេទទៀត ដែលត្រូវបានគេទទួលទានដើម្បីបង្កើនភាពត្រជាក់ក្នុងរាងកាយ ពីព្រោះវាសម្បូរទៅដោយ៖ វីតាមីនA, វីតាមីនC, វីតាមីនD, កាល់ស្យូម, ប៉ូតាស្យូម និងជាតិដែក ដែលធ្វើឱ្យវាក្លាយជាផ្លែឈើដ៏ល្អឥតខ្ចោះសម្រាប់រដូវក្ដៅនេះ ជាពិសេសអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក និងការពាររអ្នកពីការឈឺស្កាត់។ ទោះបីជាស្វាយមានជាតិផ្អែមធម្មជាតិ និងមានជាតិស្ករពីធម្មជាតិក៏ដោយ ក៏ផ្លែស្វាយពិតជាអាចជួយគ្រប់គ្រង និងរក្សាកម្រិតកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាមបានផងដែរ។

៤-ផ្លែក្រូច៖ ក្រូចគឺជាផ្លែឈើល្អបំផុតនៅក្នុងរដូវក្ដៅនេះដោយសារវាមានសារធាតុចិញ្ចឹម និងវីតាមីនខ្ពស់ ជាពិសេសមានជាតិទឹករហូតដល់៨០ភាគរយ។ ក្រៅពីនេះ ផ្លែក្រូចមានផ្ទុកជាតិសូដ្យូមគ្រប់គ្រាន់ដើម្បីបំពេញជាតិទឹកពីការបែកញើស ការពាររការរមួលសាច់ដុំ ក៏ដូចជាការឈឺសន្លាក់។ ប្រការនេះហើយធ្វើឱ្យវាជាផ្លែឈើដ៏ល្អសម្រាប់ទទួលទានក្នុងអំឡុងពេលបែកញើសដោយសារកម្តៅ និងក្រោយពេលហាត់ប្រាណ។

៥- ផ្លែរ៉ាស់ប៊ឺរី៖ ផ្លែឈើនេះគឺជាផ្លែឈើដ៏ល្អបំផុតមួយដែលអ្នកគួរទទួលទាននៅក្នុងរដូវក្ដៅ ព្រោះវានឹងផ្តល់ជាតិទឹកដល់អ្នក និងល្អសម្រាប់រដូវក្ដៅព្រោះថាវាមានផ្ទុកនូវវីតាមីន C ច្រើន ដែលអាចជួយការពាររស្បែកពីការក្ដៅរលាកដោយពន្លឺព្រះអាទិត្យ ជាពិសេសជួយឱ្យស្បែកស្រស់ថ្លា។

៦-ផ្លែស្ត្របឺរី៖ ផ្លែស្ត្របឺរីនឹងជួយអ្នកកម្ចាត់កម្តៅក្នុងខ្លួនតាមវិធីពីរយ៉ាង។ ជាដំបូង វានឹងផ្តល់ជាតិទឹកដល់អ្នក ក៏ដូចជាការបន្ថយសីតុណ្ហភាពក្នុងរាងកាយរបស់អ្នក។ ទីពីរ ផ្លែស្ត្របឺរីមានផ្ទុកសារជាតិ ដែលអាចជួយបង្កើនលំហូរឈាមក្នុងស្បែក និងកាត់បន្ថយការក្ដៅនិងរលាក ដែលបង្កដោយពន្លឺព្រះអាទិត្យផងដែរ។

៧-ផ្លែប៉េងប៉ោះ៖ ទោះបីជាអ្នកមួយចំនួនជជែកវែកញែកថា ប៉េងប៉ោះគឺជាបន្លែក៏ដោយ ក៏វាសមនឹងទទួលបានងារមួយក្នុងបញ្ជីជាផ្លែឈើល្អបំផុតមួយក្នុងរដៅវក្ដៅនេះ ដោយសារតែប៉េងប៉ោះ មានសមត្ថភាពដ៏អស្ចារ្យក្នុងការជួយកម្ចាត់កម្តៅក្នុងខ្លួន។ វាមិនត្រឹមតែមានជាតិទឹកខ្ពស់ក្នុងការការពាររការខះជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែផ្លែប៉េងប៉ោះក៏មានផ្ទុកនូវវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយការពាររស្បែកខូច និងការពាររស្បែកពីការប៉ះរលាកនឹងពន្លឺព្រះអាទិត្យខ្លាំងផងដែរ។

មែនទែនទៅ ក្រៅពីការទទួលទានផ្លែឈើ វាជារឿងសំខាន់ក្នុងការធ្វើឱ្យប្រាកដថារាងកាយរបស់អ្នកឈានដល់តម្រូវការរបបអាហារគ្រប់គ្រាន់។ វាមានន័យថា អ្នកត្រូវតែទទួលទានសាច់ និងបន្លែសមរម្យ ដើម្បីទ្រទ្រង់សុខភាពពេញមួយរដូវក្ដៅនេះ។ យ៉ាងណា កុំពឹងផ្អែកលើផ្លែឈើទាំងស្រុងសម្រាប់ជាតិទឹក តែត្រូវប្រាកដថាអ្នកផឹកទឹកឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ។ យ៉ាងណា ផ្លែឈើអាចផ្តល់ឱ្យអ្នកនូវសារធាតុចិញ្ចឹមមួយចំនួន និងធ្វើឱ្យរាងកាយរបស់អ្នកត្រជាក់ ប៉ុន្តែវានៅតែមិនមានប្រសិទ្ធភាពដូចការទទួលទានទឹកត្រជាក់ដដែល។ ដូច្នេះ អំំឡុងពេលព្រះអាទិត្យកំពុងដុតរោល អ្នកត្រូវចេះរកវិធីការពាររស្បែក ដូចជា៖ ទទូរឆ័ត្រ ពាក់មួក អាវដៃវែង ខោជើងវែង និងសម្លៀកបំពាក់ក្រាស់ ឬអាចលាបឡេការពាររកម្តៅថ្ងៃជាដើម៕





