
រាជធានីភ្នំពេញ៖ ទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះមានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីដ្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឱ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ...។

ចំពោះទំនាក់ទំនងទ្វេភាគីវិញ តាមការលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ុលគូ កូកែហ្វេ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំកម្ពុជា នៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩មេសា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ សម្តេចជឿជាក់ថាគោលដៅ១ពាន់លានដុល្លារនៃការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អាចសម្រេចបាននាពេលខាងមុខ។

ស្របជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។ លោកជំទាវក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។

យ៉ាងណាមិញ ឆ្នាំនេះគឺជាខួបលើកទី៦៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះ សម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំអញ្ជើញប្រធានសភាតួកគីមកចូលរួមវេទិកាអន្តរសភា និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ។ គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ដែលកាលនោះសម្ដេចស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី ហើយក៏បានជួបជាមួយឯកឧត្តមប្រធានសភាតួកគីផងដែរ៕




