
ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលម្នាក់ក្នុងចំណោមនោះជានាយរងនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង រួមនឹងថ្នាំញៀន៥គីឡូក្រាម ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅមុខមន្ទីរពេទ្យជោវៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីនេះកើតឡើងចំពេលមានយុទ្ធនាការរបស់អាជ្ញាធរចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនសង្ស័យទាំងពីរមានទីមួយឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៊ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និងបក្ខពួកម្នាក់ទៀតមានឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

អាជ្ញាធរដកហូតវត្ថុតាងបានរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំស្មើនឹង៥គីឡូក្រាម និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៊ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687៕



