
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលជាតិកម្ពុជា សហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវរយៈពេលមួយសប្តាហ៍ ឃាត់ខ្លួនជនជាតិថៃចំនួន ៤នាក់ ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឱ្យកើតមានអំពើឃាតកម្មស្លាប់ពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រកាន…។

យោងតាមការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះថា បន្ទាប់ពីមានបទបញ្ជាម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិកម្ពុជា និងមានការចង្អុលដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការផ្លាស់ប្ដូរព័ត៌មានជាមួយនគរបាលភូមិន្ទថៃ រហូតកំណត់បាន និងឃាត់ខ្លួនមុខសញ្ញាចំនួន ៤នាក់ជាស្ត្រី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។ ប្រភពបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះធ្វើឡើងនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បន្ទាប់ពីជនទាំងនោះបានរត់គេចនិងសំងំលាក់ខ្លួន ពីការតាមចាប់របស់សមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឱ្យជនរងគ្រោះជាជនជាតិថៃម្នាក់បានសម្លាប់គ្រួសាររបស់ខ្លួនឯង មានម្តាយ និងកូនពីរនាក់ រួចជនសង្ស័យព្យាយាមធ្វើអត្តឃាតខ្លួនតាមក្រោយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

គួរបញ្ជាក់ថា ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនេះបានធ្វើឡើង ក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងគណៈប្រតិភូកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់ អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឱ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត សំដៅសម្រេចឱ្យបាននូវលទ្ធផលធំៗ ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ៕



