សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ស្រវឹងស្រាប្រើហិ.ង្សា.លើស្ត្រីពពោះ២នាក់ នៅស្រុកកំពង់សីលា
អុន សម្ផស្ស
10 កក្កដា 2023 03:30 PM

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញព្រហ្មទណ្ឌនគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់សីលា បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់កាលពីវេលាម៉ោង១០:១៥នាទីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោយផឹកស្រាស្រវឹងប្រើកណ្តាប់ដៃដាល់ទៅលើបងប្អូនស្រីពីរនាក់ ដែលកំពុងមានផ្ទៃពោះ ត្រូវចំផ្ទៃមុខនិងភ្នែក។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ហ៊ួរ ឡេង អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានវាយទៅលើស្ត្រីពីរនាក់ ក្នុងនោះមានម្នាក់កំពុងមានផ្ទៃពោះ៥ខែ និងម្នាក់ទៀតកំពុងមានផ្ទៃពោះ៦ខែ។ ចំពោះមូលហេតុដែលបណ្ដាលឱ្យមានហិង្សាបែបនេះ ដោយសារស្ត្រីទាំងពីរបានស្តីបន្ទោសឱ្យតិចតួច ក្រោយជនបង្កផឹកស្រាស្រវឹងស្រែកឡូឡា។ ស្ត្រីរងគ្រោះទាំងពីរមានឈ្មោះដូចតទៅ៖ ទី១.ឈ្មោះ ទួន ថៃ អាយុ២៦ឆ្នាំ និងទី២.ឈ្មោះ ទួន​ ស្រីរ៉ៃ​ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នាក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

គួររំលឹកថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី ជនសង្ស័យ ហ៊ួរ ឡេង បានផឹកស្រាជាមួយឪពុកជនរងគ្រោះ និងអ្នកជិតខាងក្រោមផ្ទះកើតហេតុ បន្ទាប់មកជនសង្ស័យស្រវឹងស្រាជោគជាំបានស្រែកលឺៗនិយាយឡូឡា។ ដោយឃើញដូចនោះ ជនរងគ្រោះក៏បានប្រាប់ថា «ផឹកចុះ តែកុំមាត់លឺពេក ព្រោះម្តាយគាត់កំពុងឈឺ» ភ្លាមនោះជនសង្ស័យ ក៏បានស្រែកជេរស្តីបន្ទោសទៅជនរងគ្រោះហើយបានដាល់ទៅលើជនរងគ្រោះទាំងពីរដោយម្នាក់ត្រូវចំថ្ងាស់ឆ្វេង១ដៃ និងស្មាឆ្វេង១ដៃទៀត។ រីឯម្នាក់ទៀតត្រូវជនបង្កក្រវៀសដៃត្រូវចំភ្នែកខាងឆ្វេងមួយដៃ បណ្តាលឱ្យជាំក្នុងភ្នែក។ ក្រោយកើតហេតុ​ កម្លាំងជំនាញព្រហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត