ដីព្រៃលិចទឹកជិត១ពាន់ហិកតានៅត្បូងឃ្មុំ កំពុងត្រូវបានទន្ទ្រានយកដោយខុសច្បាប់ ខណៈអាជ្ញាធរមិនទាន់ចាត់វិធានការ
ហ៊ែល កំសាន
24 មេសា 2024 08:30 AM

ខេត្តត្បូងឃ្មុំ៖ តំបន់ដី​ព្រៃ​លិច​ទឹកជិត១​ពាន់​ហិកតារ ស្ថិត​ក្នុង​ខេត្តត្បូងឃ្មុំ ​បន្ត​បាត់បង់​ជា​បន្តបន្ទាប់ ធ្វើឱ្យកាន់​តែ​រួម​តូច ដោយ​ជំនួស​មក​វិញនូវដី​ស្រែ​ចម្ការ មាន​ដំណាំ​កសិកម្ម​ គ្រប់គ្រង​ជា​កម្ម​សិទ្ធិ​ឯកជន តាមរយៈការទន្រ្ទានយកដោយខុសច្បាប់ ខណៈអាជ្ញាធរមិនទាន់មានចំណាត់ការទប់ស្កាត់ឱ្យបានជាក់លាក់នៅឡើយ។ នេះគឺជាការលើកឡើងរបស់ពលរដ្ឋរស់នៅភូមិយាយ-ស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ...។

តាមរយៈការផ្ដល់បទសម្ភាសជាមួយភ្នាក់ងារ SBM News ប្រចាំខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋរស់នៅក្នុងភូមិយាយស ដែលស្នើសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនបានឱ្យដឹងថា តំបន់ដីព្រៃលិចទឹកមានទំហំប្រមាណ៧៤៨ហិកតា នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងរងនូវការកាប់បំផ្លាញ និងដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ពីសំណាក់ក្រុមជនខិលខូច។ ពលរដ្ឋបន្តថា បទល្មើសទន្រ្ទានដីព្រៃនៅតែបន្តកើតឡើង តែពុំទាន់ឃើញអាជ្ញាធរមានវិធានការបង្ក្រាបនៅឡើយទេ ការណ៍នេះ ធ្វើឱ្យពលរដ្ឋរស់នៅភូមិសាស្ត្រខាងលើ ព្រួយបារម្ភចំពោះការបាត់បង់ព្រៃលិចទឹកដែលជាទីជម្រកជីវៈចម្រុះ។ ពលរដ្ឋព្រួយបារម្ភថា ភ្លើងឆេះព្រៃ ដែលដុតដោយក្រុមមនុស្សខិលខូច អាចនឹងឆេះរាលដល់លំនៅដ្ឋានពួកគាត់ផងដែរ។

ពលរដ្ឋរស់នៅភូមិយាយស បានឱ្យដឹងបន្តថា បើគិតជាចម្ងាយចាប់ពីក្នុងភូមិទៅផ្លូវជាតិលេខ៧ មានចម្ងាយជាង ១០០ម៉ែត្រ ដែលប្រជាពលរដ្ឋអាចកាន់កាប់ និងអាចយកធ្វើជាកម្មសិទ្ធិិបាន។ លើសពីនេះ គឺជាដីដែលមន្ទីរបរិស្ថានខេត្តជាអ្នកការពារ ខណៈបច្ចុប្បន្នដីព្រៃខាងលើត្រូវបានជនខិលខូចលួចបោះបង្គោលព្រំយកធ្វើជាកម្មសិទ្ធិិផ្ទាល់ខ្លួនស្ទើរតែអស់ទៅហើយ។ ពលរដ្ឋអះអាងទៀតថា ក្រុមជនល្មើសបានលួចដុត និងកាប់ព្រៃទាំងយប់ថ្ងៃដោយមិនឃើញមានការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានទេ។

ពលរដ្ឋបានឱ្យដឹងបន្តទៀតថា ត្រឹមឋានៈពូកគាត់ជារាស្ត្រសាមញ្ញមិនហ៊ានទៅទន្រ្ទានយកដីព្រៃទាំងនោះទេ ព្រោះខ្លាចជាប់ទោសទណ្ឌ។ ពួកគាត់បានថ្លែងប្រាប់ភ្នាក់ងារ SBM News ប្រចាំខេត្តត្បូងឃ្មុំ ថា ក្រុមមនុស្សដែលហ៊ានចូលកាប់ទន្រ្ទានយកដីព្រៃ គឺសុទ្ធតែជាបុគ្គលមានទ្រព្យសម្បត្តិច្រើន និងអ្នកមានអំណាច ទើបហ៊ានទន្រ្ទានយកដីព្រៃបែបនេះ។ យ៉ាងណា ពួកគាត់ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសទាំងនោះ ដើម្បីរក្សាការពារដីព្រៃនៅតំបន់ខាងលើឱ្យបានគង់វង្សជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

  លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ  
  លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ  

ពាក់ព័ន្ធនឹងបញ្ហានេះ លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានឱ្យដឹងនារសៀលថ្ងៃទី២៣ ខែមេសា ថា ខាងមន្ទីរបរិស្ថានខេត្ត និងជលផលកំពុងតែសហការគ្នា ដោយនឹងធ្វើការដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ទៅលើជនល្មើសទាំងហ្លាយណា ដែលហ៊ានលួចដុតកាប់បំផ្លាញ និងទន្រ្ទានយកដីព្រៃក្នុងភូមិសាស្ត្រខាង ឱ្យទទួលទោសឱ្យខាងតែបាន៕ រាយការណ៍ដោយភ្នាក់ងារ៖​ ខេត្តត្បូងឃ្មុំ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត