លោក តាន់ គីមសួរ នៅតែរំពឹងលើអាជ្ញាធរនឹងអាចស្វែងរកមេក្លោងកាប់បំផ្លាញព្រៃឈើក្នុងស្រុកឱរ៉ាល់ និងចាប់ខ្លួនអ្នកលួចដុតម៉ូតូ
ហ៊ែល កំសាន
18 មេសា 2024 07:00 AM

រាជធានីភ្នំពេញ៖ ជាសកម្មជនការពារបរិស្ថានមួយរូប និងជាបុគ្គលដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម លោក តាន់ គីម​សួរ នៅតែបង្ហាញក្ដីរំពឹង និងជឿជាក់យ៉ាងម៉ុតមាំថា អាជ្ញាធរនឹងអាចវែកមុខរកមេក្លោងដែលនៅពីក្រោយនៃការកាប់បំផ្លាញធនធានធម្មជាតិប្រចាំតំបន់ស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ខណៈលោកក៏ជំរុញឱ្យអាជ្ញាធរឆាប់វែកមុខក្រុមជនល្មើស​ដែលបាន​លួច​ដុតបំផ្លាញ​ម៉ូតូ​៤​គ្រឿងកាលពីសប្តាហ៍មុន...។

រយៈពេលចុងក្រោយនេះ លោក តាន់ គីម​សួរ តែងបង្ហាញពីសកម្មភាពចុះល្បាតបទល្មើសព្រៃឈើជាមួយក្រុមអ្នកស្រឡាញ់បរិស្ថាន និងមន្រ្តីអាជ្ញាធរ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនជាញឹកញាប់។ តាមរយៈរូបភាព និងវីដេអូជាច្រើនដែលត្រូវបានចែករំលែក គេឃើញមានដើមឈើធំៗមានអាយុច្រើនជាង១០០ឆ្នាំជាច្រើនដើម ត្រូវបានក្រុមឈ្មួញព្រៃឈើកាប់បំផ្លាញ និងខ្លះទៀតកំពុងដឹកជញ្ជូនដោយរថយន្តកែច្នៃយ៉ាងគគ្រឹកគគ្រេងស្ថិតនៅភូមិសាស្ត្រស្រុកឱរ៉ាល់។

នៅលើទំព័រហ្វេសប៊ុកផ្លូវការដែលមានឈ្មោះជាអក្សរឡាតាំង Tan Kimsour កាលពីថ្ងៃទី១៧មេសា លោក តាន់ គីម​សួរ បានបង្ហោះសារយ៉ាងខ្លីមានខ្លឹមសារយ៉ាងដូច្នេះថា៖«គ្រប់គ្នាកំពុងតែរង់ចាំមើលថា តើមេខ្លោងដុះស្នឹមធំប្រចាំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនឹងត្រូវវែកមុខបានដែរឬទេ? ខ្ញុំជឿជាក់លើសមត្ថកិច្ចនៅតំបន់នេះ ព្រោះពួកគាត់មានឆន្ទៈបម្រើរាស្ត្រដ៏ពិតបា្រកដ»។ ទោះបីជាអាជ្ញាធរនៅមិនទាន់អាចចាប់ជនល្មើស ដែលបានលួចដុតបំផ្លាញម៉ូតូរបស់ក្រុមលោកអស់ចំនួន៤គ្រឿងកាលពីថ្ងៃទី៥ ខែមេសាក្ដី តែការបញ្ចេញសាររបស់លោក តាន់ គីម​សួរ បែបនេះហាក់បន្តបង្ហាញក្ដីរំពឹង និងជឿជាក់ចំពោះចំណាត់ការរបស់អាជ្ញាធរនៅតំបន់ខាងលើដដែល តែលោកជំរុញឱ្យអាជ្ញាធរជួយពន្លឿនការចាប់ជនល្មើសដើម្បីយកមកទទួលកំហុសចំពោះមុខច្បាប់។

ទោះជាយ៉ាងណា លោក តាន់ គីមសួរ ថាការលួចដុតម៉ូតូនេះ​ជា​ស្នារ​ដៃ​​របស់ក្រុមឧក្រិដ្ឋជនព្រៃឈើ ដែលធ្វើឡើងក្នុងបំណងគំរាមកំហែងលោក កុំឱ្យឈឺឆ្អាល​នឹងការអភិរក្សព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់។ លោកបន្តថា ព្រឹត្តិការណ៍លួចដុតម៉ូតូ ក៏ផ្តល់ជាសញ្ញាល្អផងដែរ ព្រោះវាបានជួយជំរុញដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ឱ្យងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើធនធានធម្មជាតិឡើងវិញ។ តាមរយៈវីដេអូជាង២នាទីបង្ហោះនៅថ្ងៃទី១៨ ខែមេសានេះ លោក តាន់ គីមសួរ បាននិយាយថា៖«ម៉ូតូ៤គ្រឿងនេះបានបំផុសឱ្យទាំងស្ថាប័នពាក់ព័ន្ធ ទាំងមហាជន គឺងាកមកចូលរួមខ្វាយខ្វល់ជាមួយគ្នាខ្លាំងមែនទែន។ ជាពិសេសយើងបានធ្វើឱ្យបែកនៅតំបន់ដែលកំពុងតែមានវិនាសកម្មព្រៃឈើដ៏ធំនៅខាងតំបន់ឱរ៉ាល់នេះ!»។

គួរឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី១២ ខែមេសា ដែលគៀកដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរលោក តាន់ គីម​សួរ បានថតវីដេអូខ្លីមួយដោយបង្ហាញអំពីដើមឈើមានអាយុកាលជិត៣០០ឆ្នាំ ត្រូវបានឧក្រិដ្ឋជនព្រៃឈើកាប់បំផ្លាញស្ថិតនៅតំបន់វាលក្រិច ភូមិសំរោង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កាលពីថ្ងៃទី១១ ខែមេសា លោកក៏បានប្រទះឃើញករណីបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយធំបន្ថែមទៀតដែរ ស្ថិតនៅភូមិសាស្ត្រតែមួយ។  

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើអស់១២ម៉ឹន១ពាន់ហិកតា ក្នុងនោះ មានជាងពាក់កណ្តាលជាព្រៃឈើដែលស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។ នេះបើតាមទិន្នន័យស្រាវជ្រាវនៅសកលវិទ្យាល័យ Maryland និងការវិភាគលើរូបភាពផ្កាយរណបរបស់អង្គការ Global Forest Watch ដែលកាសែតម៉ុងហ្គាបេយកមកចុះផ្សាយនៅថ្ងៃទី១៧មេសា ឆ្នាំ២០២៤។ ទិន្នន័យសរុបប្រមូលដោយ Global Forest Watch ត្រឹមថ្ងៃទី៤មេសា ឆ្នាំ២០២៤ បានបង្ហាញថា ឆ្នាំ២០២៣ ព្រៃឈើក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់រងការកាប់បំផ្លាញច្រើនជាងគេលំដាប់ទី១ ដែលមានទំហំ១១៥០០ហិកតា។ លំដាប់ទី២ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរដែលបាត់បង់អស់៧២៣២ហិកតា និងលំដាប់ទី៣ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសដែលបាត់បង់អស់៦១២៥ហិកតា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត