
ខេត្តតាកែវ៖ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង និងស្រុកទ្រាំង ខេត្តតាកែវ ក្រោយមានពលរដ្ឋ ៧៧៦គ្រួសារ កំពុងខ្វះខាតទឹកប្រើប្រាស់...។

ក្រសួងថា ពលរដ្ឋដែលរងការខ្វះខាតទឹកទាំង ៧៧៦គ្រួសារនោះ ៥៣១គ្រួសាររស់នៅក្នុងភូមិបឹង ឃុំខ្វាវ ខេត្តកែវ។ ក្នុងពេលចុះទៅដល់មូលដ្ឋានោះ មន្ត្រីជំនាញនៃក្រសួង និងមន្ទីរពាក់ព័ន្ធខេត្តតាកែវ បានពិនិត្យស្ថានភាពសហគមន៍ផលិតទឹកស្អាតបឹងអមតៈ ស្ថានីយបូមទឹកតេជោ និងស្ថានីយផលិតទឹកស្អាតបត់រកា ដែលជាស្ថានីយផ្គត់ផ្គង់ទឹកស្អាតមួយដ៏ធំនៅក្នុងខេត្តតាកែវ ឃើញថា បច្ចុប្បន្នមានភាពរីងស្ងួតស្ទើរតែទាំងស្រុង។ នៅចំពោះមុខបញ្ហានេះ មន្ត្រីជំនាញបានចុះពិនិត្យជួសជុលអណ្តូងទឹក១កន្លែង និងស្រះទឹកសហគមន៍១កន្លែងទំហំ ៣០x៧៥ ម៉ែត្រ នៅក្នុងភូមិខ្វាវ និងភូមិអូរ ឃុំខ្វាវ ស្រុកសំរោង។

ដោយឡែក មានពលរដ្ឋ២៤៥គ្រួសារផ្សេងទៀតនៅភូមិព្រៃមៀន និងភូមិរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង គឺសុទ្ធសឹងតែរងផលប៉ះពាល់ដោយការខ្វះខាងទឹកប្រើប្រាស់។ ជាចំណាត់ការ មន្ត្រីជំនាញពាក់ព័ន្ធ បានបន្តពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់របស់សហគមន៍ទំហំ ៥០x៥០ ម៉ែត្រ។ ក្រសួងថា ជាវិធានការបន្ទាន់ អាជ្ញាធរប្រគល់ជូនប៊ីដុងស្តុកទឹកចំណុះ ៣០លីត្រ ចំនួន៧៧៦ប៊ីដុង ដែលជាអំណោយរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដល់ប្រជាពលរដ្ឋចំនួន៧៧៦គ្រួសារ ក្នុងភូមិទាំងបួនខាងលើ ប្រើប្រាស់បណ្តោះអាសន្ន។ ក្រសួងបញ្ជាក់ថា ស្ថាប័នខ្លួននៅតែយកចិត្តទុកដាក់ខ្ពស់ចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស ជាក់ស្តែង បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ចាត់វិធានការ និងផ្តល់កិច្ចអន្តរាគមន៍បន្ទាន់ លើការខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា។

គួរជម្រាបថា ដ្បិតរដូវវស្សានឹងឈានចូលមកដល់នៅដើមខែឧសភានេះក្ដី តែស្ថានភាពអាកាសធាតុនៅកម្ពុជា នៅតែបន្តកើនកម្តៅរហូតដល់ជិត៤០អង្សាសេ ជាហេតុបណ្តាលឱ្យតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។ ជាក់ស្តែង ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានក្រើនរំឭកដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា ការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសតាមតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ ការក្រើនរំឭករបស់ក្រសួងធ្វើឡើងក្រោយព្យាករឃើញថា ដើមរដូវវស្សាឆ្នាំ២០២៤នេះ ទឹកភ្លៀងនឹងធ្លាក់លើផ្ទៃដីត្រឹមតែ៤០ភាគរយប៉ុណ្ណោះ៕







