
រាជធានីភ្នំពេញ៖ ប្រទេសចិន នឹងជំរុញការអនុវត្តប្រកបដោយគុណភាពខ្ពស់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា គាំទ្រការនាំចេញកសិផលដែលមានគុណភាពរបស់កម្ពុជាទៅកាន់ប្រទេសចិន និងលើកទឹកចិត្តសហគ្រាសចិនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។ នេះគឺជាការប្តេជ្ញាចិត្តរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន អំឡុងដំណើរទេស្សនកិច្ចមកកម្ពុជា។

លោក វ៉ាង យី ប្តេជ្ញាចិត្តដូច្នេះនៅចំពោះមុខ ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហៅកាត់ថា CDC ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤។ ក្នុងជំនួបដដែលនោះ ភាគីទាំងពីរបានឯកភាពយកឆ្នាំផ្លាស់ប្ដូរប្រជាជនចិន-កម្ពុជា ឆ្នាំ២០២៤ ជាឱកាសដើម្បីបង្កើនការផ្លាស់ប្ដូរទេសចរណ៍ ជើងហោះហើរ និងអ្នកដំណើរ។ ភាគីទាំងពីរជឿជាក់ថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ គឺជាផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់។

គួរជម្រាបថា កាលពីឆ្នាំមុនចិនឈរលេខរៀងទី១ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាកស្តែង ក្នុងឆ្នាំ២០២៣ រំហូរទុនវិនិយោគឯកជននៅកម្ពុជា មានការកើនឡើងចំនួន២២ភាគរយបើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះមានគម្រោងវិនិយោគសរុបចំនួន២៦៨ ដែលមានទុនវិនិយោគប្រមាណជិត៥ពាន់លានដុល្លារ។ ក្នុងចំណោមគម្រោងវិនិយោគសរុប ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន២៤៧ ទើបអនុម័តនៅឆ្នាំ២០២៣។ ភាគច្រើនគម្រោងវិនិយោគនេះ គឺចិនបានឈរនៅលំដាប់លេខរៀងទី១ មានប្រមាណ៦៦ភាគរយ ចំណែកក្នុងស្រុកមានប្រមាណ២៤ភាគរយ ក្រៅពីនេះគឺបន្ទាប់បន្សំ។ ទាំងនេះបើតាមរបាយការណ៍របស់ CDC។

នៅចំពោះមុខទំនាក់ទំនងល្អទាំងនយោបាយ និងសេដ្ឋកិច្ចរវាងកម្ពុជា-ចិន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាប្រាប់ SBM News ឱ្យដឹងថា លោកជឿថា ការវិនិយោគរបស់ក្រុមហ៊ុនសហគ្រាសចិនធំៗ នឹងមកបណ្តាក់ទុននៅកម្ពុជា។ លោកចង់ឃើញការវិនិយោគរបស់ចិន ជាការវិនិយោគបែបផ្ទេរបច្ចេកវិទ្យា មានភាពយូរអង្វែង ដោយប្រើប្រាស់កម្លាំងពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកខ្មែរឱ្យបានច្រើនផងដែរ។

សូមរំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងខែតុលាឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយក្រុមហ៊ុនចិនធំៗជិត១០ក្រុមហ៊ុនសុទ្ធសឹងជាជំនួបមានសារសំខាន់។ ជំនួបរវាងនាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា ជាមួយក្រុមហ៊ុនចិនធំៗទាំងនោះ ធ្វើឡើងអំឡុងពេលដែលលោកទៅចូលរួមវេទិកាផ្លូវ និងខ្សែក្រវាត់លើកទី៣ នៅរដ្ឋធានីប៉េកាំងប្រទេសចិន។ ដោយឡែក កាលពីកាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចក៏បានធ្វើទស្សនកិច្ចនៅប្រទេសចិនម្ដងដែរ ដែលពេលនោះសម្តេចក៏មានជំនួបជាមួយក្រុមហ៊ុនចិនមួយចំនួនដូចគ្នា៕




