កម្ពុជា-ចិនប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស១២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នេះ
វុធ ច័ន្ទតារា
21 មីនា 2023 07:00 AM

ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសជាមិត្តទាំង២ កម្ពុជា-ចិន តាមរយៈ ក្របខ័ណ្ឌគោលនយោបាយវិថីសូត្រខ្សែក្រវាត់សេដ្ឋកិច្ចនិងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានបង្ហាញការប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស១២ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ 

ថ្លែងក្នុងពិធីបើកសន្និសីទផ្សព្វផ្សាយស្តីពីព្រឹត្តិការណ៍ពិព័រណ៍ផលិត​ផលនាំចេញ-នាំចូលចិនលើកទី១៣៣ នៅខេត្តក្វាងទុង ប្រទេសចិន លោក អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាលើកឡើងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពី​មិត្តភាពដែកថែប គឺទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញា​​រួមគ្នាកសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។

ប្រទេសទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ ក្នុងក្របខ័ណ្ឌ​គោលនយោបាយវិថីសូត្រខ្សែក្រវាត់សេដ្ឋកិច្ចនិងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១គឺប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស១២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣នេះ។

សូមរំឭកថា ​នៅប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសចិន​​បន្ត​ឈរកំពូល​តារាង​ជា​ប្រទេស​ មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ច្រើនជាងគេ។ ជាក់ស្តែងកាលពី​ឆ្នាំ ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន​ជាង ១១,៦៨ពាន់​លាន​ដុល្លារ​កើន​ជាង៤ភាគរយ​បើ​ធៀប​ឆ្នាំ២០២១។ នេះ​បើ​យោងតាម​ទិន្នន័យពី​អគ្គនាយក​ដ្ឋា​ន​គយនិង​រដ្ឋាករ​កម្ពុជា​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត