ភាគីចិនអះអាងជាថ្មី ថានឹងជំរុញកិច្ចសហប្រតិបត្តិការលើគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវបន្ថែមទៀតជាមួយកម្ពុជា
វុធ ច័ន្ទតារា
25 ឧសភា 2023 08:00 AM

ភាគីចិនបានបង្ហាញឆន្ទៈថា នឹងបន្តជំរុញកិច្ចសហការលើគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ឬ BRI បន្ថែមទៀតជាមួយនឹងកម្ពុជា។ ការអះអាងជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ឧសភា បានមានប្រសាសន៍ថា កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន...

សម្តេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ប្រទេសចិនបានជួយកម្ពុជាក្នុងការសាងសង់ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ទន្ទឹមនឹងការផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាព បានធានាការនាំចេញរបស់កម្ពុជាទៅទីផ្សារបរទេស ក៏ដូចជាបានជួយបង្កើតការងាររាប់លានកន្លែង។ គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលផ្ដួចផ្តើមឡើងដោយប្រទេសចិន បានប្តេជ្ញាជំរុញការតភ្ជាប់ និងការអភិវឌ្ឍរួមនៃប្រទេសហត្ថលេខីទាំងអស់ ហើយចិននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវជាមួយកម្ពុជាបន្ថែមទៀត ដោយផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះ។ អ្នកនាំពាក្យក្រុងប៉េកាំងរូបនេះអះអាងទៀតថា៖ «ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ចាប់តាំងពី BRI ត្រូវបានបង្កើតឡើង ចិនរួមចំណែកផ្តល់ផលប្រយោជន៍រួម ដោយបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកយ៉ាងស៊ីជម្រៅជាមួយបណ្តាប្រទេសនានា ពិសេសគឺកម្ពុជា»។

 លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន
លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន

បើតាមទិន្នន័យផ្លូវការរបស់ចិន រហូតមកដល់ពេលនេះ មានជាងបីភាគបួននៃប្រទេសទាំងអស់ជុំវិញពិភពលោក បានចូលរួមក្នុងគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយបានបង្កើតការងារជាមធ្យម៤២ម៉ឺនកន្លែងនៅក្នុងប្រទេសនីមួយៗ ព្រមទាំងបានជួយប្រទេសកាន់តែច្រើនឡើងជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ។ គួររំឭកថា សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធៀន អំឡុងពេលប្រារព្ធពិធីចំនួន៣នៅតំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ បានមានប្រសាសន៍ថា គ្មានអំណាចអសិរពិសណា មកបំបែកទំនាក់ទំនងកម្ពុជា-ចិនបានឡើយ ហើយចិនជាមិត្តរបស់កម្ពុជាយូរអង្វែង និងជាចំណែកមួយជួយអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន ដែល​កើត​ចេញពីគំនិតផ្ដួចផ្តើម BRI និងជាប្រទេសគោរពសិទ្ធិគ្នាទៅវិញទៅមកដោយគ្មានការកំណត់លក្ខខណ្ឌលើប្រទេសជាដៃគូទេ

សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិនធៀន
សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិនធៀន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត