តើខុសទេដែលយកបណ្ណ ប.ស.ស មកធ្វើជាទីផ្សារអាជីវកម្ម ទាំងមិនមែនជាដៃគូសហការរបស់ក្រសួង?
K
Kimhuoy K.
22 មេសា 2024 10:45 AM

រាជធានីភ្នំពេញ៖ នាពេលថ្មីៗនេះ បណ្ណ ប.ស.ស បានក្លាយទៅជាប្រធានបទដ៏ពេញនិយម សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទន្ទឹមនឹងនេះដែរ ម្ចាស់អាជីវកម្មមួយចំនួនបានឆ្លៀតឱកាសយកបណ្ណ ប.ស.ស មកធ្វើជាទីផ្សារ ពោលគឺមានហាងខ្លះធ្វើប្រូម៉ូសិនបញ្ចុះតម្លៃចំពោះសមាជិក ឬអ្នកប្រើប្រាស់បណ្ណ ប.ស.ស ថែមទៀតផង...។ 

កន្លងមក បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. បានផ្តល់ការធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម និងលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាហេតុនាំឱ្យពលរដ្ឋតែងនឹកឃើញជារឿយៗថា បណ្ណ ប.ស.ស ជួយសម្រាលបន្ទុកជីវភាពបានមួយផ្នែកដែរ។ បន្ថែមពីនេះ ក៏មានការជជែកលេងតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងការប្រើបណ្ណនេះ លើវិស័យផ្សេងៗទៀត ដូច្នេះ ទើបឈានដល់ការយកបណ្ណ ប.ស.ស មកធ្វើជាទីផ្សារអាជីវកម្មជាបន្តបន្ទាប់។ ថ្លែងប្រាប់ SBM News តាមតេឡេក្រាម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាល បានបំភ្លឺយ៉ាងច្បាស់ៗថា៖«ពាក់ព័ន្ធនឹងការងារនេះ ប្រហែលជាអ្នកលក់ចង់បាន view, like & share ជា Marketing(ទីផ្សារ) សម្រាប់ក្រុមហ៊ុនគាត់ បានជាគាត់យកបណ្ណ ប.ស.ស ធ្វើជា Marketing។ សម្រាប់ក្រសួងការងារ គឺមិនបានទៅពាក់ព័ន្ធជាមួយការងារនេះទេ»។

ឯកឧត្ដម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាល
ឯកឧត្ដម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាល

យ៉ាងណាមិញ តើការយកបណ្ណ ប.ស.ស មកធ្វើជាទីផ្សារអាជីវកម្ម ទាំងមិនមែនជាដៃគូសហការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាល ខុសដែរឬទេ? ចំពោះករណីនេះ លោក ហេង សុផាន់ណារិទ្ធ បានលើកឡើងថា៖«សម្រាប់ខ្ញុំ[..]ខ្ញុំគិតថា មិនមែនជារឿងខុសទាស់អីទេ ព្រោះដោយសារប្រសិនបើក្នុងករណីដូចពួកគាត់ធ្វើបែបនេះ មានន័យថាគាត់ជួយផ្សព្វផ្សាយឱ្យប.ស.សវិញទេ។ តែរឿងជាក់ស្ដែង​ គឺខាងក្រសួងមិនបានទៅបង្គាប់បញ្ជាឱ្យពួកគាត់ជាអ្នកធ្វើទេ គឺគាត់ធ្វើខ្លួនឯង ដើម្បីប្រូម៉ូសិនផលិតផលរបស់ពួកគាត់ ចឹងប្រសិនបើករណីគេចង់បានប្រូម៉ូសិនរបស់ពួកគាត់ គេនាំគ្នាមកធ្វើបណ្ណ ប.ស.ស ច្រើន ហ្នឹងជារឿងមួយល្អសម្រាប់ ប.ស.ស ដែរ ដោយសារមានសមាជិកមកចុះបញ្ជីច្រើន»។ យោងតាមរបាយការណ៍ចុងក្រោយ ដែលផ្តល់ដោយក្រសួង គិតត្រឹមថ្ងៃទី១៩មេសា ឆ្នាំ២០២៤ បច្ចប្បន្នភាពនៃការងារចុះបញ្ជីសហគ្រាស គ្រឹះស្ថាន វិស័យឯកជន នៃកម្មករក្នុងប្រព័ន្ធ មានសមាជិកចំនួន៖ ផ្នែកហានិភ័យការងារ១ ៥៥៤ ០១៨នាក់ ផ្នែកថែទាំសុខភាព១ ៥៥៣ ៥៥៥នាក់ និងផ្នែកប្រាក់សោធន១ ៥៥៤ ០១៨នាក់៕  

បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. 
បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត