មួយលើ១ពាន់គ្រោះថ្នាក់...! ស្ត្រីកម្សត់ម្នាក់ឈឺពោះឆ្លងទន្លេលើផ្លូវល្បឿនលឿន ត្រូវក្រុមសង្រ្គោះ៧១១ជួយទាន់ពេល
វុធ ច័ន្ទតារា
18 មេសា 2024 03:45 AM

រាជធានីភ្នំពេញ៖ ស្ត្រីកម្សត់ម្នាក់ បានឈឺពោះឆ្លងទន្លេម្នាក់ឯងនៅលើផ្លូវល្បឿនលឿន កាលពីវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺថ្ងៃទី១៧មេសា ឆ្នាំ២០២៤។ យ៉ាងណា ស្ត្រីរូបនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ៧១១នៃកងពលតូចលេខ៧០ ជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង បានទាន់ពេលវេលា...។ 

ម្តាយនិងទារកត្រូវបានជួយសង្គ្រោះលើឡានសាមុយរបស់ ៧១១​
ម្តាយនិងទារកត្រូវបានជួយសង្គ្រោះលើឡានសាមុយរបស់ ៧១១​

បើតាមការឱ្យដឹងពីកងកម្លាំង៧១១ នារីរូបនោះមានឈ្មោះថា ពូន សៀកម៉ី អាយុ២៨ឆ្នាំ។ ហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុចផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ដោយគុណទឹកដោះម្តាយថ្លៃ ​និងការបំពេញការងារបានលឿនរហ័សរបស់ក្រុមសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនមកសង្គ្រោះភ្លាមៗ ទាន់ពេលវេលា ហើយដឹកម្តាយ និងកូន ទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ជាកន្លែងដែលអ្នកទាំងពីរបានទទួលជំនួយ និងការមើលថែទាំងយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

ក្រុម៧១១កំពុងជួយសង្គ្រោះស្ត្រីរងគ្រោះ 
ក្រុម៧១១កំពុងជួយសង្គ្រោះស្ត្រីរងគ្រោះ 

ទាំងម្តាយ និងទារក ត្រូវបានគេរាយការណ៍ថា មានសុវត្ថិភាពហើយ និងមានសុខភាពល្អទាំងពីរនាក់ បន្ទាប់ពីម្តាយសម្រាលកូនតែម្នាក់ឯងនៅលើផ្លូវគួរឱ្យអាណិតជាពន់ពេកក្រៃ។ នៅចំពោះមុខភាពលំបាក និងជីវភាពក្រីក្ររបស់ស្ត្រីខាងលើ ក្រុមសង្គ្រោះបន្ទាន់៧១១ និងក្រុមការងារពេទ្យបង្អែកពោធិ៍ចិនតុង បុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន បានឧបត្ថម្ភសម្លៀកបំពាក់ ម្សៅទឹកដោះគោ និងថវិកាមួយចំនួនដល់ស្ត្រីទុរគតដ៏កម្សត់នេះផងដែរ៕ 

ស្ត្រីរងគ្រោះមកដល់មន្ត្រីពេទ្យបង្អែកពោធិចិនតុង
ស្ត្រីរងគ្រោះមកដល់មន្ត្រីពេទ្យបង្អែកពោធិចិនតុង
ម្តាយនិងទារកមានសុខភាពល្អ 
ម្តាយនិងទារកមានសុខភាពល្អ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត