ក្រោយហេតុការណ៍រថភ្លើងបុកឡានក្រុងរ.បួ.ស៤៦នាក់ ក្រុមហ៊ុនផ្លូវដែកសម្រេចដាក់បារ៉ាសសុវត្ថិភាព១ក្នុងចំណោម៤ទីតាំង
អុន សម្ផស្ស
17 មេសា 2024 10:00 AM

ខេត្តពោធិ៍សាត់៖ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្តក្រុងបណ្តាលឱ្យមនុស្សប្រុស-ស្រីក្មេង-ចាស់របួសធ្ងន់-ស្រាល៤៦នាក់ នៅចំណុចច្រកចូលទៅកាន់រមណីយដ្ឋានច្រកល្អៀង ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពេលនេះក្រុមហ៊ុនរថភ្លើង សម្រេចដាក់បារ៉ាសសុវត្ថិភាព និងមនុស្សយាមពីរនាក់ប្រចាំគោលដៅកើតហេតុ ខណៈចំណុចផ្លូវដែកឆ្លងកាត់ផ្លូវ៣ផ្សេងទៀតក្នុងឃុំឈើតុំនៅមិនទាន់មានដដែល...។

លោក ជុំ ប៊ុនយឿន មេឃុំឈើតុំ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន SBM News តាមរយៈទូរសព្ទថា៖«ក្រុមហ៊ុនឱ្យពីរកន្លែង..ដាក់បារ៉ាស១កន្លែងហើយឱ្យមនុស្សយាមពីរនាក់យាម[ជាកន្លែងដែលកើតគ្រោះថ្នាក់ក្បែរវិទ្យាល័យហ៊ុនសែនឈើតុំ] ហើយមួយកន្លែងទៀតឱ្យតែមនុស្សចាំម្នាក់ទេ គឺខាងកើតរ៉ាបំណក់ អត់មានដាក់ប៉ារាសទេ...តែឱ្យមនុស្សចាំ»។ ទន្ទឹមនិងការបញ្ជាក់នោះ លោកមេឃុំនៅតែចង់ឱ្យក្រុមហ៊ុនផ្លូវដែកគិតគូររៀបចំដាក់បារ៉ាសត្រង់ចំណុងរថភ្លើងឆ្លងកាត់ខាងលិចរ៉ាបំណក់ផង ព្រោះលោកយល់ថា ទីតាំងនោះដាក់តែមនុស្សយាមមិនគ្រប់គ្រាន់អាចធានាសុវត្ថិភាពពលរដ្ឋឆ្លងកាត់។ លោកបញ្ជាក់ជាសំណូមពរទៅកាន់ក្រុមហ៊ុនផ្លូវដែកថា៖«ប្រសិនជាក្រុមហ៊ុនអាចដាក់បារ៉ាសកន្លែងដែលឱ្យតែមនុស្សយាមរិតតែល្អ[..] ដោយសារ..ខ្ញុំគិតថាការមើលឃើញទៅអនាគតផ្លូវហ្នឹងត្រូវមានការឆ្លងកាត់ច្រើន ដោយសារផ្លូវហ្នឹងអាចឆ្លងកាត់ទៅដល់គេហៅថាតំណាក់ត្រយឹង ជាទីតាំងដែលសម្តេចម៉ែ បានកសាងសម្រាប់ប្រជាពលរដ្ឋពិសេសនិវត្តន៍ជន»។ 

លោក ជុំ ប៊ុនយឿន មេឃុំឈើតុំ 
លោក ជុំ ប៊ុនយឿន មេឃុំឈើតុំ 

ដោយឡែក ចំពោះទីតាំងដែលមានរថភ្លើងឆ្លងកាត់លើកំណាត់ផ្លូវពីរផ្សេងទៀតក្នុងឃុំឈើតុំ ដែលក្រុមហ៊ុនមិនបានដាក់បារ៉ាស ឬមនុស្សយាមលោកមេឃុំថា ទីតាំងទាំងនោះមិនមានអនិភ័យដែលបង្កឱ្យកើតមានគ្រោះថ្នាក់ទេដោយសារ ស្ថានភាពផ្លូវត្រង់អ្នកដំណើរអាចមើលឃើញបានឆ្ងាយ។ លោ ជុំ ប៊ុនយឿន បញ្ជាក់៖«ខ្ញុំគិតថា ៩០ភាគរយនៃច្រកដែលក្រុមហ៊ុនមិនបានដាក់បារ៉ាស ឬមនុស្សយាមនោះមិនអាចមានគ្រោះថ្នាក់កើតឡើងទេដោយសារច្រកហ្នឹងវាផ្លូវត្រង់ហើយស្រឡះទៀត..ដូចថាមុនឆ្លងកាត់យើងមើលឃើញបានឆ្ងាយ»

សូមរំឭកថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មានករណីរថភ្លើងបុករថយន្តក្រុង នៅចំណុចច្រកចូលទៅកាន់រម្មណីយដ្ឋានច្រកល្អៀង ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឱ្យមានរលកនៃការដាក់បន្ទុកយ៉ាងខ្លាំងពីមហាជន ទៅលើក្រុមហ៊ុនធ្វើអាជីវកម្មរថភ្លើង និងអាជ្ញាធរមូលដ្ឋាន នោះក៏ព្រោះតែពួកគេយល់ថា ប្រសិនបើក្រុមហ៊ុនបានដាក់បារ៉ាស់មានអ្នកប្រចាំការត្រឹមត្រូវ ម្ល៉េះករណីគ្រោះថ្នាក់បណ្តាលឱ្យក្មេងចាស់ប្រុស-ស្រី៤៦នាក់ រងគ្រោះធ្ងន់-ស្រាល មិនកើតមានដែរ ព្រោះទីតាំងខាងលើកើតមានគ្រោះថ្នាក់មកជាហូហែរមកហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត