ឈ្វេងយល់ពីល្បែងប្រជាប្រិយខ្មែរ
K
Kimhuoy K.
13 មេសា 2024 11:30 AM

ប្រទេសកម្ពុជាមានល្បែងប្រជាប្រិយច្រើនជាអនេក ដែលប្រជាពលរដ្ឋទូទាំងប្រទេសនិយមលេងកម្សាន្តនៅពេលទំនេរ ពេលបុណ្យ និងពេលធ្វើពិធីតូច-ធំផ្សេងៗ មានពិធីចូលឆ្នាំជាដើម ជាប់ជាប្រពៃណី តាំងពីព្រេងនាយមក។ បើយើងសង្កេតដោយហ្មត់ចត់សព្វគ្រប់តាមលក្ខណាការរបស់ល្បែង ទាំងនោះទៅ នឹងឃើញថាមានប្រយោជន៍ខាងកាយសម្បទាខ្លះ ខាងចិត្តសម្បទាខ្លះដែលអាចរាប់ចូលក្នុងពួកអត្តពលកម្ម និងចិត្តពលកម្មបានគឺជាការហាត់ប្រាណ ហាត់ភ្នែក ហាត់ជើងដៃឱ្យរាងកាយកើត សាច់ឈាមមាំមួន មានសុខភាពល្អ មានកម្លាំងពលំ ភ្នែកវៃ ដៃ ដើងរហ័សរហួន និងជាការហាត់ចិត្តគំនិតហាក់ប្រាជ្ញាស្មារតីឱ្យមាន គំនិតវាងវៃ ស្មារតីប៉ិនបៅ ចេះកលល្បិចផ្សេងៗ។ 

មួយទៀតល្បែងទាំងនោះ ជាអារ្យធម៌ចាស់របស់ខ្មែរសុទ្ធសាធ ដោយហេតុប្រទេស វរៈជាប្រទេសចាស់មួយនៅអាស៊ីភាគអាគ្នេយមានអាយុរាប់ពាន់ឆ្នាំមក ហើយម៉្លោះហើយមានបង្កើតជាចំណេះចេះដឹង-ភ្លេង-ល្បែងជាច្រើន។ ឯល្បែងទាំងនោះ ពុំមានចារឹកជាក្បួន ជាតម្រាទេ គេលេងតែតាមដំណាំរបស់គេរៀនៗខ្លួនតៗគ្នាទៅតាមរច្បាប់ស្រុករបស់គេ។ ល្បែងប្រជាប្រិយខ្មែរមានច្រើន ប៉ុន្តែ SBM News សូមលើកឡើងល្បែងចំនួនតែ៨ប៉ុណ្ណោះដែលពលរដ្ឋនិយមលេងជាងគេ។

ចោលឈូង

ល្បែង​នេះ​លាក់​បង្កប់​ដោយ​អាថ៌កម្បាំង​ស្នេហាយ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កំលោះក្រមុំ ឧទាហរណ៍បទ​ចម្រៀង​មាន​ពាក្យ​ថា «កែវព្រលឹង – ប្រុស​ពន្លក​…» ជា​ដើម ដែល​ជា​គន្លឹះ​ទាក់ទាញ​អារម្មណ៍​ទឹកចិត្ត ក្រមុំកំលោះឱ្យ​ស្ថិត​នៅ​ក្នុង​ភាព​ត្រជាក់​រហ៊ឹម និង​ផ្អែមល្ហែម​ជានិច្ច។ ល្បែងចោលឈូងអាចលេងបានគ្រប់ទីកន្លែងដែលត្រូវការទីតាំងធំទូលាយ​។ សម្ភារៈលេងក្នុងល្បែងចោលឈូងនេះងាយបំផុត គឺគេគ្រាន់តែយកក្រមា ឬក្រណាត់សំពត់មកមូរឆ្មួលឱ្យមូលចងក្របួចឱ្យតឹងណែនទុកចុងបន្តិចជាកន្ទុយសម្រាប់កាន់បោះរកគ្នាទៅវិញទៅមក។

ចោលឈូង
ចោលឈូង

របៀបលេង ជា​ដំបូងល្បែងនេះតម្រូវឱ្យមានគ្នា​យ៉ាង​តិច​បំផុត​ចំនួន១០នាក់ ហើយ​ចែក​ជា​ពីរ​ក្រុម​ស្មើ​គ្នា គឺ​ខាង​ស្រី​មួយ​ពួក និងខាង​ប្រុស​មួយ​ពួក។ ក្រុម​ទាំង​ពីរត្រូវ​ឈរ​ទល់​មុខ​គ្នា ដោយ​ចម្ងាយ​ពី៣ម៉ែត្រទៅ៤ម៉ែត្រ​ពី​គ្នា​ដើម្បី​ងាយ​ស្រួល​ចោល​ឈូង​ទៅ​វិញ​ទៅ​មក។ ពេល​ឈរ​តម្រៀប​គ្នា​ជា​ជួរ ​ហើយក្រុម​ខាង​ប្រុស​ចាប់​ឈូង​បោះ​ទៅ​ឱ្យ​ខាង​ក្រុម​នារី។ ក្រុម​នារី​ចាំ​ចាប់​កុំ​ឱ្យ​ឈូង​ធ្លាក់​ដល់​ដី ។ កាល​បើ​ធ្លាក់​ដល់​ដីគេ​ហៅថា «ស្អុយ» ហើយខាង​នារី​ត្រូវ​រើស​បោះ​ទៅ​ខាង​ប្រុស​វិញ។ ក្រុមខាង​ប្រុស​ក៏​ត្រូវ​ប្រុង​ចាប់​កុំ​ឱ្យ​ធ្លាក់​ដល់​ដី​ដែរ។ កាល​ណា​ឈូង​ត្រូវ​បាន​បុរស ឬ​នារី​នៃក្រុមម្ខាងណាចាប់​បាន ខាង​នោះ គេ​មាន​សិទ្ធិ​គប់​សំដៅ​ទៅ​រក​បុរស ឬ​នារី​ណា​ម្នាក់​ដែល​ខ្លួន​ពេញ​ចិត្ត។ តាម​ទំនៀម​កាល​បើ​គប់​ត្រូវ​នរណា​ម្នាក់​ហើយ​ អ្នក​នោះត្រូវ​ច្រៀង–រាំ ជំនួស​ក្រុម ឯ​អ្នក​ឯ​ទៀត​ចាំ​បន្ទរ​ចុង​បទ។ លក្តន្ធិកៈក្នុងល្បែងប្រជាប្រិយនេះ គឺឈ្នះឬចាញ់គឺមើលទៅលើក្រុមណា ដែល​ចោល​ឈូង​ទៅ​ត្រូវ​ច្រើន​ជាង​គេ។

វាយក្អម
វាយក្អម

វាយក្អមប្រជាប្រិយ

ល្បែងនេះត្រូវមានការត្រៀមរៀបចំទុកដាក់ឱ្យបានល្អជាមុន ដោយត្រូវរកបង្គោលពីរសងខាង (អាចជាដើមឈើ ឬសសរណាមួយ) ដើម្បីចងខ្សែដែលមានប្រវែង និង​ទំហំសមរម្យក្នុងការទ្រទ្រង់នឹងទម្ងន់ក្អម ។ ​នៅក្នុងក្អមគេអាចដាក់ម្សៅក្រអូប ឬផ្កាដែលតំណាងឱ្យសិរីសួស្ដីជ័យមង្គលសម្រាប់ឆ្នាំថ្មី។ ដោយឡែកគេក៏ត្រូវត្រៀមដំបងមួយមានប្រវែងសមាមាត្រទៅនឹងកម្ពស់ក្អមដើម្បីត្រៀមវាយផងដែរ។ របៀបលេងល្បែងប្រជាប្រិយនេះ គេត្រូវការក្រមារុំភ្នែកអ្នកវាយឱ្យជិតកុំឱ្យមើលឃើញរួចតម្រូវឱ្យបង្វិលខ្លួន៣​ ជុំ។ បន្ទាប់មកទៀតគេប្រលែងឱ្យអ្នកវាយក្អមកាន់ដំបងស្វែងរកវាយក្អមតាមការទទួលអារម្មណ៍ដឹងរបស់ខ្លួន។ ល្គិកណាអ្នកនោះវាយខុសគ្រប់កំណត់បីដងចាត់ទុកថាចាញ់ ដោយឡែកប្រសិនបើវាយបែកក្អមនោះចាត់ថាឈ្នះ។

បោះអង្គុញ

ប្រវត្តិនៃល្បែងប្រជាប្រិយនេះមានវត្តមានក្នុងពិធីបុណ្យចូលឆ្នាំខ្មែរតាំងពីបុរាណកាលមក។ អង្គុញដែលយកមកលេងក្នុងល្បែងនេះតំណាងឱ្យ ហ្វូងក្អែកខ្មៅប្រយុទ្ធគ្នា ដោយដឹងថាសត្វក្អែកពីបុរាណគឺតំណាងសត្វអពមង្គល ដូច្នេះហើយល្បែងនេះត្រូវបង្កើតឡើងដើម្បីផ្ដួលឥទ្ធិពលអាក្រក់ពីឆ្នាំចាស់។  ហើយល្បែងប្រជាប្រិយបោះអង្គុញ​​​​នេះចែកជា ២បែប គឺលេងកេល និងបាញ់រង ។ ពោលគឺលេងកេល គេនិយមលេងនឹងជើង ចំណែកបាញ់រងវិញ គឺលេងដោយដៃ​ ដែលប្រជាជនខ្មែរនិយមលេងនាឪកាសចូលឆ្នាំថ្មី​។ ខាងក្រោមនេះជារបៀបលេងល្បែងបោះអង្គុញ​៖ មុនពេលលេង៖ គេចែកអ្នកចូលរួមលេងជាពីរពួក បុរសមួយពូកមានគ្នា​១០នាក់ និងនារីមួយពួកមានគ្នា ១០នាក់។ ក្រុមនីមួយៗមានអង្គុញស្មើៗគ្មា សម្រាប់គប់កើយ រីឯក្រុមអ្នកដាំកើយវិញ គឺមានកើយ៣ ឬ ៥ តាមគ្នាច្រើនឬតិច។ គេត្រូវមានមេក្នុងមួយពួកម្នាក់ មេត្រូវសួរគ្នាទៅវិញទៅមកថា លេងប៉ុន្មានកើយ? លេងប៉ុន្មានក្តារ?

អ្នកលេងត្រូវរៀបកើយតាមចំនួនដែលបាននិយាយគ្នា ហើយកើយត្រូវរៀបឡើងដោយផ្លែអង្គុញមួយនឹងដីដែលកាយជារន្ធ កើយត្រូវរៀបតាមលំនាំហ្វូងចាប។ កើយនាំមុខគេ កំណត់ជាទី ដោយអ្នកលេងត្រូវឈរ ៣ ទៅ ៤ ម៉ែត្រពីទី។ កំលុងពេលលេង៖ ជាទូទៅ ខាងស្រីមានសិទ្ធបោះមុន។ វិន័យនៃការបោះគឺ ត្រូវបោះកើយផ្សេងៗមុនកើយមេ បើគប់ត្រូវកើយមេមុន កើយដទៃទៀត សន្មត់ថាចាញ់ដោយស្វ័យប្រវត្តិ កាលណាក្រុមដែលបោះផ្ដួលកើយម្ខាងទៀតអស់នោះកំណត់ឈ្នះមួយក្ដារ។ ចំពោះការពិន័យ៖  ក្រុមដែលខុសវិន័យចាត់ទុកថាចាញ់ នោះត្រូវទទួលពិន័យដោយជោះ ដោយការជោះចែកជា ២ ប្រភេទផ្សេងគ្នា។ ទី១- ជោះបាយត្រជាក់ របៀបជោះគឺគេយកអង្គញ់មួយផ្ទាប់ទៅដល់ក្បាលជង្គង់ ហើយយកអង្គញ់មួយទៀតវាយជួយពីលើ រាប់ចំនួនតាមដែលគេត្រូវជួស ។  រីឯទី២-ជោះបាយក្ដៅ របៀបនេះគេផ្គុំអង្គញ់ពីរតម្រួតគ្នា គឺមួយផ្តេក មួយបញ្ឈរ ហើយជោះខ្លាំងៗទៅលើក្បាលជង្គង់មួយៗឡើងក្រហមសាច់ ទំរាំតែអស់ចំនួន ៣០-៤០ សឹងតែហើមក្បាលជង្គង់តែម្ដង។

បោះអង្គុញ​​​​
បោះអង្គុញ​​​​

ខ្លែងឆាបកូនមាន់

ល្បែងនេះពេលលេងគេចាត់ម្នាក់ឱ្យធ្វើជាមេហ្វូងហៅថាមេមាន់ ហើយចាត់ច្រើននាក់អ្នកឱ្យធ្វើជាកូនមាន់ឱ្យតោងបន្តគ្នាពីក្រោយមេមាន់ ហើយគេចាត់ម្នាក់ទៀតឱ្យធ្វើជាខ្លែងចាំចាប់កូនមាន់។ ហើយម្នាក់ៗយកក្រមាក្រវាត់ចង្កេះឱ្យតឹងណែន ដើម្បីស្រួលតោង។ គេនាំគ្នាបង្កាត់ភ្លើងឱ្យបានជាភ្នក់តូច១។ ហើយម្នាក់ដែលធ្វើមេមាន់ បញ្ជាឱ្យកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ហើយមេមាន់ពោលពាក្យចំអកឡកឡឺយឱ្យន័យទៅខ្លែងថា៖ «ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។ ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង»។ មាន់នាំកូនដើរព័ទ្ធភ្នក់ភ្លើងទៀត ដោយច្រៀងថា «ចាប់កូនខ្លែងប្រឡែងកូនមាន់ បើទៅទាន់យកមាន់ទៅលក់ លាក់ទុកឯណា លាក់ក្បាលដំនេក រលឹកពីដេក វាយមាន់តូងតាង»។ច្រៀងចប់ ខ្លែងស្រែកសុំភ្លើង ហើយមាន់ក៏តបថា ៖ «ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ហើយ» មាន់ដើរជុំវិញភ្នក់ភ្លើងម្ដងទៀតហើយច្រៀងទៀតថា «ប្អូនវិញខ្សែសូត្រ បង្ហូតខ្សែគោម ខ្លែងអើយកុំលោម មិនបានមាន់ទេ» រួចឈរស្ងៀមឱ្យខ្លែងស្រែកសួរហើយ

ខ្លែងឆាបកូនមាន់
ខ្លែងឆាបកូនមាន់

ខ្លែងក៏ស្រែក សួរ ៖ សុំកូនមុខមាន់ តប ៖ ឪពុកមិនឱ្យខ្លែង បន្ត ៖សុំកូនក្រោយមាន់ បញ្ចប់ ៖ ចាប់បានយកចុះពេលលឺដូច្នេះ ខ្លែងផ្ដើមដេញចាប់យកកូនដែលនៅពីក្រោយគេរហូតដល់អស់កូន។ អាចចាប់បានកូន១ ឬ ២ តាមដែលអាចទាញផ្ដាច់មកបាន។ ក្នុងករណីមានកូនដែលត្រូវបានផ្ដាច់ពីមេដោយសារគ្រវាត់គ្រវែងខ្លាំងពេក គេត្រូវក្រាបចុះ ហើយខ្លែងគ្មានសិទ្ធចាប់ទេ។

កំប្រុកដូរទ្រុង

អ្នកចូលរួម គួរមានយ៉ាងតិចណាស់ 5គូដែលស្នើនឹង១០នាក់ឈរកាន់ដៃទល់មុខគ្នា និង៥នាក់ផ្សេងទៀតជាកំប្រុក​​ដែលត្រូវនៅក្នុងរង្វង់ដៃដែលកាន់នោះ រីឯ១រូបទៀតជាអ្នកចាំទី។ នៅពេលដែលពិធីករស្រែកថា៖ «កំប្រុក» អ្នកដែលនៅក្នុងរង្វង់ជាកំប្រុកត្រូវរត់ដូរទៅរកទ្រុងថ្មី​។  ប្រសិនបើ ពិធីករស្រែកថា «ទ្រុង» អ្នកដែលកាន់ដៃគ្នាខាងក្រៅត្រូវ ឆ្លាស់ទៅរកគូផ្សេងដើម្បីកាន់ដៃម្ដង ឯកំប្រុកនឹងមិនដូរកន្លែងទេត្រូវឈរចាំរហូតដល់ទ្រុងថ្មីមករកខ្លួនចំណែកឯ «ភ្លើងឆេះព្រៃ» អ្នកគ្រប់គ្នាត្រូវដូរគូរទាំងកំប្រុកទាំងទ្រុង។ 

ទាញព្រ័ត្រសិរីសួស្តី

របៀបលេងល្បែងប្រជាប្រិយទាញព្រ័ត្រ៖ ដំបូងគេត្រូវជ្រើសរើសសមាជិកលេងយ៉ាងតិច២០នាក់ ឬច្រើនជាងនេះ ដែលក្នុងនោះតម្រូវឱ្យបែងចែក ជា២ក្រុម ដោយឈរនៅពាក់កណ្តាល នៃខ្សែព្រាត់ម្ខាងម្នាក់។ ក្រុមទាំងពីរមានសិទ្ធិក្នុងការជ្រើសរើសសមាជិកក្រុមរបស់ខ្លួន។ បន្ទាប់ពីមានសមាជិកគ្រប់ចំនួននិងស្មើគ្នាទាំងសងខាងហើយក្រុមទាំងពីចាប់ផ្តើមរៀបយុទ្ធសាស្ត្ររៀងខ្លួនដោយតម្រៀបទៅតាមកម្លាំងនៃសមាជិករបស់ខ្លួន ដោយឱ្យអ្នកដែលមានកម្លាំងមាំនិងមាឌធំឈរនៅខាងដើមព្រាត់។ ក្រោយពីរៀបចំរួចរាល់ហើយ គូប្រកួតទាំងសងខាង ត្រូវទ្រង់ត្រាប់ស្ដាប់សំឡេងស្រែកថា    «យក្ស ឱ» ៣ដង និងស្រែកហោតាមក្រោយ បន្ទាប់ពីសំឡេងស្រែកយក្សឱរួច គូប្រកួតទាំងសងខាងត្រូវស្ដាប់សំឡេងឧបករណ៍ គងជ័យ ចំនួន៣ដងទៀត ទើបអាជ្ញាកណ្ដាលផ្លុំកញ្ចែរដើម្បីបញ្ជាក់ពីដំណើរការនៃការប្រកួត។ នៅពេលប្រកួតក្រុមទាំងសងខាងត្រូវខំបញ្ចេញកម្លាំងរៀងខ្លួនដើម្បីទាញដណ្តើមយកខ្សែព្រ័ត្រ។ លក្តន្ធិកៈក្នុងល្បែងប្រជាប្រិយនេះ បើក្រុមម្ខាងណាទាញបានខ្សែព្រ័ត្រមុន ក្រុមនោះនឹងឈ្នះក្នុងល្បែងប្រជាប្រិយមួយនេះ។

ទាញព្រ័ត្រ
ទាញព្រ័ត្រ

ដណ្តើមស្លឹកឈើ

របៀបលេង៖ អ្នកលេងត្រូវបែងចែកគ្នាជា២ពួក ស្រី១ពួក ប្រុស១ពួក ដោយតម្រូវឱ្យមានការឈរនៅចម្ងាយឆ្ងាយពីគ្នាប្រហែល១០ម៉ែត្រ ដែលក្នុងម្ខាងៗ ត្រូវមានមនុស្សចាប់ពី ៥ទៅ ១០នាក់ឡើងដោយឈរតាមលេខរៀង ឧទាហរណ៍ លេខ១ លេខ២ ឬលេខ៣ ដែលសម្គាល់ទៅលើចំនួនអ្នកដែលបានចូលរួមលេង ហើយក៏តម្រូវឱ្យមានអ្នកតំណាង២នាក់ឱ្យក្រុមទាំងពីរ ដើម្បីឈរចាំហៅឈ្មោះនិងចាំមើលមែកឈើនោះ។ នៅពេលដែលចាប់ផ្តើមលេង អ្នកតំណាងនោះនឹងហៅលេខរៀងលេខ១ឬ២ដូច្នេះអ្នកដែលលឺលេខរៀងរបស់ខ្លួនត្រូវរត់ទៅ កណ្តាលកន្លែងដែលមានមែកឈើ ដើម្បីចាំដណ្តើមពីភាគីម្ខាងទៀត។ ប្រសិនបើអ្នកណាដណ្តើមមែកឈើនោះបានដោយភាគីម្ខាងទៀតចាប់មិនបាននោះជាអ្នកឈ្នះ។

ដណ្តើមស្លឹកឈើ
ដណ្តើមស្លឹកឈើ

ពង្រាត់កូនក្រមុំ

ល្បែងពង្រាត់កូនក្រមុំតែងនិយមលេងនៅក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរ ឬពេលទំនេរសម្រាកពីការងារ។ គេនាំគ្នាលេងល្បែងនេះជាការកម្សាន្តសប្បាយក៏ដូចជាបង្កើតឱ្យមាននូវចំណងមិត្តភាព និងភាពស្និតស្នាលគ្នារវាងយុវជនយុវនារី។ ល្បែងនេះ និយមលេងដោយ ក្រុមក្រមុំ កំលោះ ពេញវ័យដែលត្រូវការគ្នា ច្រើនចាប់ពី ៨ទៅ១០នាក់ឡើងទៅ ដោយមានចំនួនមនុស្ស ប្រុស និងមនុស្សស្រីស្មើៗគ្នា។ ពួកគេឈរកាន់ដៃគ្នាជារង្វង់ធំដោយឈរឆ្លាស់គ្នាប្រុសម្នាក់ស្រីម្នាក់ ហើយមានប្រុសស្រីមួយគូស្ម័គ្រចិត្តចេញរត់មុន។ ដំបូងប្រុសស្រីមួយគូនោះដើរជុំវិញវង់រួមទះឬប៉ះដៃនូវគូរមួយណាគូរនោះ ត្រូវរត់ចេញតាមទិសផ្ទុយគ្នានឹងគូរដែលមកទះដៃរបស់ពួកគេ។ បន្ទាប់ពីប្ដូរដៃគូរួចហើយ ពួកគេត្រូវរត់តាមទិសផ្ទុយគ្នាទៅបំពេញនៅកន្លែងដែលជាចន្លោះដៃដែលគេរត់ចេញ។ គូរដែលបានរត់ចូលមុនចាត់ទុកថារួចខ្លួន រីឯគូរដែលចូលមិនទាន់នោះត្រូវដើរបន្តហើយទះដៃគូផ្សេងទៀតដោយលេងបែបនេះដដែលៗ រួចគេបន្ដលេងរហូតដល់លេងបានគ្រប់គ្នាគ្រប់គូរ។ មួយវិញទៀត ពួកគេក៏អាចញាំុងបរិយាកាសឱ្យកាន់តែសប្បាយ ដោយទះដៃរត់៣គូរក្នុងពេលតែមួយក៏បាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត