តើគួរធ្វើបែបណាដើម្បីឱ្យពលរដ្ឋខ្មែរងាកមកលេងល្បែងប្រជាប្រិយអំឡុងពិធីបុណ្យចូលឆ្នាំថ្មី?
អុន សម្ផស្ស
2 ឆ្នាំមុន

រាជធានីភ្នំពេញ​៖ ល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ល្បែង​ដែល​ពលរដ្ឋ​ក្មេង-ចាស់ ប្រុសស្រី​និយម​លេង​កម្សាន្ត ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីខ្មែរ​។ ពីបុរាណកាលមក ការ​លេង​ល្បែង​ប្រជាប្រិយត្រូវបាន​ចាប់​ផ្ដើម​តាំង​ពី​មួយ​ ឬ​ពីរ​ខែ​មុន​នៃពិធី​បុណ្យ​ចូល​ឆ្នាំ​ឈាន​ចូល​មក​ដល់​។ ប៉ុន្តែ​រហូត​មកដល់ពេលបច្ចុប្បន្ន គេសង្កេតឃើញ ល្បែង​ប្រជាប្រិយ​កំពុងតែ​សាប​រលាប​ពី​សង្គម​ខ្មែរ ខណៈពលរដ្ឋ​ខ្មែរ​ពិសេស​យុវជនមិនសូវ​និយម​លេង​​​ដូច​មុន​ទៀត​ហើយ បែរជាងាកទៅចាប់អារម្មណ៍ល្បែងបែបបរទេសទៅវិញ។ តើគួរធ្វើបែបណា​ ដើម្បីឱ្យយុវជនក្មេង-ចាស់ប្រុស-ស្រីងាកមកលេងល្បែងប្រជាប្រិយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងឡើងវិញ?

ល្បែងចោល​ឈូង
ល្បែងចោល​ឈូង

ល្បែង​ប្រជាប្រិយខ្មែរ​ ត្រូវបានគេចាត់ទុកជា​គូ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​តាំងតែពីបុរាណកាលមក។ ល្បែង​ប្រជាប្រិយ​ខ្មែរ​រួមមាន៖ ​​ចោល​ឈូង បោះ​អង្គុញ ស្ដេច​ចង់ ទាញ​ព្រ័ទ្រ ដណ្តើមស្លឹកឈើ លាក់កន្សែង និងចាប់​កូន​ខ្លែង។ល។ គឺ​ជា​ល្បែង​ដែល​ពេញ​និយម​នាំ​មក​លេង​កម្សាន្ត តាំង​ពីមួយ ឬ​ពីរ​ខែ​មុន​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ឈាន​ចូល​មក​ដល់ ហើយ​លេង​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ នៅ​តាម​វត្ត​អារាម ​​និង​ភូមិឋាន​នានា​។ តែគួរឱ្យសោកស្ដាយទំនៀមទម្លាប់ដ៏ល្អផូរផង់ទាំងនោះហាក់មានការបាត់បង់សាបរលាបទៅម្ដងបន្តិចៗក្នុងអំឡុងពេល២ទសវត្សរ៍ចុងក្រោយនេះ។ ជាក់ស្តែងល្បែងប្រជាប្រិយ​ខ្មែរ ​មិន​សូវ​ឃើញ​មានគេ​លេង​កម្សាន្ត​ច្រើន​ដូច​មុន​ទេ ទាំង​មុន​ពេល​ចូល​ឆ្នាំ ឬ​​អំឡុង​ពេល​ចូល​ឆ្នាំ​ក្ដី​។ ហេតុនេះដើម្បីទាក់ទាញឱ្យមានការនិយមចូលចិត្តឡើងវិញនៅល្បែងប្រពៃណីជាតិខ្មែរទាំងនោះ លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កម្ពុជា គួរតែបន្ថែមការផ្សព្វផ្សាយពីប្រវត្តិ និងគុណប្រយោជន៍នៃល្បែងប្រជាប្រិយទាំងនោះឱ្យកាន់តែទូលំទូលាយជាងមុន ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់យុវជនក្មេង-ចាស់ប្រុស-ស្រីក្នុងការចូលលេងល្បែងទាំងនោះបាននៅពេលដែលពួកគេចង់លេង។ លោកបណ្ឌិត ថ្លែងថា៖«ខ្ញុំយល់ថា ដើម្បីទាក់ទាញឱ្យមានការលេងល្បែងប្រជាប្រិយ យើងត្រូវផ្សព្វផ្សាយឱ្យយុវជនយើងបានយល់ពីសារសំខាន់នៃការចូលរួមលេងល្បែងប្រជាប្រិយហ្នឹង ថាតើបើគាត់ចូលរួមលេងវាមានសារសំខាន់អ្វីទៅដល់ការថែរក្សាអភិរក្ស អភិវឌ្ឍន៍ នូវល្បែងប្រជាប្រិយខ្មែរហ្នឹង»

លោក បណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជា
លោក បណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជា

លោកបន្ថែមថា ជាឧទាហរណ៍ ដូចជាការផ្សព្វផ្សាយថា យុវជនជាទំពាំងស្នងឫស្សី យុវជនជាអ្នកបន្តវេនដូច្នេះហើយត្រូវយល់ដឹងពីប្រវត្តិសាស្ត្រ និងយល់ដឹងពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងអរិយក្សធម៌ខ្មែរ ឬក៏អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ។ ប្រសិនជាយើងដែលជាអ្នកជំនាន់ក្រោយមិនចូលរួមថែរក្សានោះនឹងបាត់បង់នូវមរតកដ៏មានតម្លៃរបស់ជាតិយើង។ មន្ត្រីស្រាវជ្រាវផ្នែកវប្បធម៌ រូបនេះ បន្តថា សម្រាប់ការយល់ឃើញរបស់លោក ស្ថាប័នដែលគួរតែចូលរួមបន្ថែមការផ្សព្វផ្សាយនូវវប្បធម៌ដ៏ផូរផង់របស់ជាតិនេះគឺអាចមាន ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ក្រសួងធម្មការ និងក្រសួងទេសចរណ៍ រួមទាំងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដើម។ ជាងនេះទៀតលោកថា អ្នកជំនាញក៏គួរតែជជែកឱ្យបានច្រើនអំពីល្បែងប្រជាប្រិយទាំងនោះ ដើម្បីឱ្យយុវជនកាន់តែយល់ដឹងពីសារសំខាន់នៃការចូលរួមរបស់ពួកគេ។

ល្បែង ដណ្តើមស្លឹកឈើ 
ល្បែង ដណ្តើមស្លឹកឈើ 

លោកពន្យល់ថា ក្រៅតែពីការផ្សព្វផ្សាយ ពលរដ្ឋខ្មែរគ្រប់រូបក៏ត្រូវតែបង្កឱ្យមានភាពងាយស្រួលសម្រាប់យុវជនក្មេង-ចាស់ប្រុស-ស្រីចូលលេងកម្សាន្តផងដែរ។ ជាក់ស្តែងដូចជាយើងត្រូវរៀបចំកម្មវិធីនេះឱ្យបានមុនថ្ងៃចូលឆ្នាំមក ដោយតម្រូវឱ្យសាលារៀន វត្តអារាម ត្រូវប្រុងព្រៀបរៀបចំទុកជាមុន។ លោកបណ្ឌិតបញ្ជាក់ថា៖«គេអាចរៀបចំមុនថ្ងៃចូលឆ្នាំថ្មីមកដល់ មានន័យថា សាលារៀនទាំងរដ្ឋ និងឯកជន អីផ្សេងៗដែលមានកុមារ ឬយុវជន ដែលទៅរៀន អាចរៀបចំជាពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬក៏សង្ក្រាន្តខ្មែរ។ ហើយក្នុងការរៀបចំហ្នឹង យើងអាចលេងល្បេងប្រជាប្រិយហ្នឹងបាន​។ យើងអាចរៀបចំឱ្យមាន ការលេង បោះអង្កុញ​ ចោលឈូង ទាញព្រាត់ ដណ្តើមស្លឹកឈើ ឬមួយក៏ល្បែងអ្វីផ្សេងដែលជាល្បែងប្រជាប្រិយយើងលេង ហើយមុននឹងលេងហ្នឹងយើងអាចរៀបរាប់ពិពណ៌នាអំពីអត្ថន័យនៃល្បែងនីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋយើងជាពិសេសប្អូនៗកុមារយុវជនហ្នឹងគាត់យល់គាត់ចង់លេង បង្កលក្ខខណ្ឌឱ្យគាត់លេងសប្បាយអីអ៊ីចឹងទៅ»

លោកបណ្ឌិត ឈត ប៊ុនថង (ឆ្វេង) និង លោក ដួង សុខគា សិល្បករបុរាណខ្មែរ   
លោកបណ្ឌិត ឈត ប៊ុនថង (ឆ្វេង) និង លោក ដួង សុខគា សិល្បករបុរាណខ្មែរ   

ទន្ទឹមនឹងការពន្យល់យ៉ាងក្បោះក្បាយពីអ្នកសិក្សាស្រាវជ្រាវ លោក ដួង សុខគា ដែលជាសិល្បករបុរាណខ្មែរ យល់ឃើញថា ការផ្សព្វផ្សាយ និងការជំរុញឱ្យមានការលេងល្បែងរបាំប្រជាប្រិយជាតិ គឺជាវិធីសាស្ដ្រសំខាន់ដែលអាចទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរឱ្យងាកមកចាប់អារម្មណ៍ល្បែងខ្មែរឡើងវិញ ដ្បិតលោក ដឹងមុនហើយថា ដំបូងអាចនឹងមិនងាយទទួលបានការចាប់អារម្មណ៍ច្រើន។ ប៉ុន្តែលោកនៅតែសង្ឃឹមថា ការផ្សព្វផ្សាយជំរុញបន្ថែម អាចទាក់ទាញពលរដ្ឋខ្មែរ ក្មេង-ចាស់ប្រុស-ស្រីចាប់អារម្មណ៍លេងល្បែងឡើងវិញទោះតិចក្ដីច្រើនក្ដី។ លោក សុខគា រៀបរាប់ថា៖«ខ្ញុំគិតថាចង់មិនចង់គឺអាចងាកមកខ្លះទោះវាមិនបានច្រើនក៏ដោយ។ ដូច[ខ្ញុំ]និយាយចឹង តាមភូមិ តាមស្រុកអី យើងគួរតែនាំគ្នាផ្តើម ផ្តើមលេងឡើងវិញ តាមវត្តនានា ជៀសជាងយើងចាក់ធុងបាស់ បទបរទេស ហើយរាំ»។ និយាយដល់ចំណុចនេះ សិល្បៈរៀមច្បងរូបនេះបញ្ជាក់ថា​៖«មែនទែនទៅខ្ញុំក៏ធ្លាប់ដឹងហើយថា ប្រសិនបើយើងដាក់តែបទបុរាណៗចឹងក្មេងៗអាចអត់មកលេង វត្តខ្លះ [..]ប៉ុន្តែខ្ញុំគិតថា យើងមិនមែនផ្តាច់ភឹងចោលនោះទេតាមគំនិតខ្ញុំគិតថា យើងឱ្យមានវគ្គមានឃ្លារបស់វា ឧទាហរណ៍ថា ម៉ោងប៉ុណ្ណេះៗ គណកម្មការ​​ ចាស់ៗក្នុងភូមិត្រូវកំណត់ថា អ្នកណាខ្លះស្ម័គ្រចិត្តលេងល្បែង​​របាំប្រពៃណីរបស់យើង ដែលបង្កប់អត្ថន័យ ចេះមួយ ចេះពីរ ចេះបី ហើយវាអាចបន្សល់ទុក [គុណប្រយោជនអ្វីខ្លះ] របាំល្បែងរបស់យើងហ្នឹងគឺជាអត្តសញ្ញាណដែលមានតាំងតែពីយូណាស់ហើយ»

ល្បែង លាក់កន្សែង
ល្បែង លាក់កន្សែង

ជាមួយនឹងការលើកឡើងពីការផ្សព្វផ្សាយ និងជំរុញឱ្យមានការចូលរួមលេងល្បែងប្រជាប្រិយជាតិឡើងវិញនេះ លោក សុខគា ថា បើមានការជួយពីផេកហ្វេសប៊ុកល្បីៗ ឬអ្នកមានកេរិ៍ឈ្មោះ និងមានធនធានក្នុងសង្គមដល់ការបំផុសគំនិតនេះអាចនឹងទទួលបានផលលឿន។ លោក សុខគា ៖ «ជាយោបល់ខ្ញុំ ខ្ញុំចង់ថាឱ្យយើងដែលជាអ្នកសិល្បៈហ្នឹង ជាពិសេសផេកល្បីៗជួយគ្នាបង្ហោះ[ផ្សព្វផ្សាយ]នៅល្បែងប្រជាប្រិយដែលយើងលេង យើងច្នៃធ្វើម៉េចឱ្យវាសប្បាយ [..] ហើយមួយទៀតគឺចាស់ៗនៅតាមភូមិ គួរជួយបំផុសឱ្យបានលេង នោះក្ដីសង្ឃឹមគឺថាអាចនឹងមានក្មួយៗក្មេងៗងាកមកលេអ៊ីចឹង។ [..] ប្រសិនជាមានអ្នកដែលមានមុខ អ្នកដែលមានគេស្គាល់ច្រើន ចង់និយាយថា អ្នកដែលជាអាយដលរបស់គេណានាំលេងល្បែងទាំងនោះ ខ្ញុំគិតថាចលនាហ្នឹងអាចងាកមកវិញបានច្រើន»។ លោកលើកជា ឧទាហរណ៍ថា កញ្ញាណាម្នាក់ដែលជាអាយដល(idol) របស់យុវវ័យមានប្រជាប្រិយភាព ស្ម័គ្រចិត្តទៅលេងល្បែងរបាំអ្វីមួយនៅតាមភូមិស្រុក ឬភូមិឃុំកំណើតរបស់គាត់នោះ អាចថានឹងទាក់ទាញបានការចាប់អារម្មណ៍ចូលរួមលេងពីពលរដ្ឋខ្មែរកាន់តែច្រើន។

លោក ដួង សុខគា សិល្បករបុរាណខ្មែរ  
លោក ដួង សុខគា សិល្បករបុរាណខ្មែរ  

សិល្បកររៀមច្បងរូបនេះបន្ថែមថា បើនិយាយពីប្រយោជន៍នៃល្បែងនីមួយៗសុទ្ធសឹងតែមានតម្លៃ និងបង្កប់នូវអត្ថន័យហើយបង្ហាញនៅការប្រុងប្រយ័ត្ន ការពិនប្រសព្វ សាមគ្គីភាព ជាដើម។ ជាក់ស្តែងដូចជា ឈូងច្រៀង ​ ក្នុងហ្នឹងអាចធ្វើឱ្យអ្នកលេងយើងចេះពីចុងចួន​ចេះពីពាក្យកាព្យ ធ្វើឱ្យអរិយធម៌វប្បធម៌តន្ត្រីរបស់យើង មិនបាត់បង់។ ផ្ទុះទៅវិញលោកលើកឡើងថា បើយើងលេងល្បែងគេ ភាគច្រើនទិញវត្ថុតែពីបរទេស ហើយល្បែងខ្លះក៏គ្មានសុវត្ថិភាពសម្រាប់សុខភាពអ្នកលេងដែរ។ លោកបញ្ជាក់៖ «ខ្ញុំមិនហ៊ានថាយ៉ាងម៉េចយ៉ាងម៉ាទេ តែខ្ញុំធ្លាប់សួរដុទ័រថា ថាយើងកំពុងតែមកពីក្ដៅ ចៃដន្យអីជះទឹកចំរន្ធញើសយើងកំពុងតែបើកអ៊ីចឹងណា! វាអាចមានបញ្ហាសុខភាពក្ដៅឈួលអ៊ីចឹង ហើយទឹកហ្នឹងទឹកស្អាតអត់យើងក៏អត់ដឹងដែរ បើទឹកអត់អនាម័យទៅ វាទៅជាឆ្លង​មេរោគ បើមានផ្តាសាយអីទៅក៏អាចឆ្លងដូចយើងកាលជំនាន់កូវីតអ៊ីចឹងទៅផលលំបាករបស់វា។ ហើយបើម្សៅតាមដឹងគឺយើងទិញពីក្រៅមក កាំភ្លើងក៏ទិញពីក្រៅមក អាហ្នឹងយើងនិយាយដោយឡែក»

គួរជម្រាបថា ល្បែង​ប្រជាប្រិយ​ខ្មែរមាន​រហូត​ដល់​ទៅ​ជាង​២០​ទម្រង់ មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ពង្រឹង​សាមគ្គីភាព ធ្វើ​ឱ្យ​សប្បាយ មាន​សុខភាព​កម្លាំង​កាយ និង​ស្មារតី​រឹងមាំ​ វា​ក៏​ជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ ដែល​បន្សល់​ទុក​តាំង​ពី​បុរាណកាលដែរ​​។ ការ​លើក​តម្កើង​ល្បែង​ប្រជាប្រិយ​ខ្មែរ ចង​ក្រង​ជា​ឯកសារ ឬ​ចាក់​បញ្ចាំង​ការ​លេង​ល្បែង​នេះ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​​គឺ​ជា​រឿង​ល្អមួយ​ហើយ​។ ប៉ុន្តែ​ប្រសិន​បើ​​ជាក់​ស្ដែង ល្បែង​អស់​នេះ​​គ្មាន​សកម្មភាព​លេង​ឱ្យ​បាន​ផុលផុស​ទេ នៅ​ទី​បំផុតវា​អាច​នឹង​បាត់បង់​នៅ​ថ្ងៃណាមួយ​ជាក់​ជា​ពុំ​ខាន​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត