
រាជធានីភ្នំពេញ៖ បងប្អូនដែលជាអ្នកគាំទ្រ និងស្រឡាញ់កីឡាបាល់ទាត់ប្រាកដជាជ្រាបច្បាស់ អំពីជីវប្រវត្តិនៃការកកើតពហុកីឡដ្ឋានជាតិអូឡាំពិក ច្បាស់ ប៉ុន្តែក្នុងនោះក៏អាចនៅមានបងប្អូនមួយចំនួន ដែលមិនទាន់ដឹង និងស្គាល់ឈ្មោះស្ថាបត្យករសាងសង់ និងមានប្រវត្តិយ៉ាងដូចម្តេច...។ SBM News សូមលើកយកជីវប្រវត្តិខ្លះៗនៃការកកើតពហុកីឡដ្ឋានជាតិអូឡាំពិកដូចតទៅ៖

ពីអតីតកាលនៃការកើត៖ ពហុកីឡដ្ឋានជាតិអូឡាំពិក បង្កើតឡើងក្រោមស្នាដៃលោក វណ្ណ មូលីវណ្ណ ដែលជាស្ថាបត្យករកម្ពុជាដ៏ល្បីល្បាញមួយរូបកាលពីសម័យសង្គមរាស្ត្រនិយម។ លោក វណ្ណ មូលីវណ្ណ មានស្រុកកំណើតនៅក្នុងខេត្តកំពត។ លោកបានកើតនៅក្នុងឆ្នាំ១៩២៦ នៅពេលដែលកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំង។ លោក វណ្ណ មូលីវណ្ណ ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ផ្នែកស្ថាបត្យកម្មនៅរដ្ឋធានីប៉ារីស នៅសាលា Ecole National Supérieure des Beaux-Arts ជាទីដែលផ្តល់ឱ្យលោកបានស្គាល់នូវស្ថាបត្យកម្មទំនើបរបស់អឺរ៉ុប។ លោកបានទទួលមរណភាពនៅជន្មាយុ៩០ឆ្នាំ ដោយជរាពាធ ក្រោយពេលលោកធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោង៩ៈ៤៥នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅឯគេហដ្ឋានរបស់លោកនៅក្នុងខេត្តសៀមរាប។

លោក វណ្ណ មូលីវណ្ណ បានសាងស្នាដៃតាមរយៈសំណង់អគារដ៏ស្រស់ស្អាតជាច្រើន កាលពីសម័យសង្គមរាស្ត្រនិយម (អំឡុងឆ្នាំ១៩៥៥-១៩៧០)។ ក្នុងនាមជាអ្នកសហការដ៏ជិតស្និទ្ធជាមួយអតីតព្រះមហាវីរក្សត្រ លោក វណ្ណ មូលីវណ្ណ កាលនោះត្រូវបាន ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ស្នើឱ្យសាងសង់ស្តាតអូឡាំពិក ដើម្បីទទួលស្វាគមន៍កីឡាស៊ីហ្គេមឆ្នាំ១៩៦៣។ ស្តាតអូឡាំពិកត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៩៦២ ហើយពីរឆ្នាំក្រោយមកត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ ទោះជាយ៉ាងណា កម្ពុជាមិនបានធ្វើជាម្ចាស់ផ្ទះកីឡានេះទេ ដោយសារបញ្ហាស្ថិរភាពនយោបាយកម្ពុជានៅពេលនោះមិនល្អប្រសើរ។

ក្នុងចំណោមស្នាដៃជាច្រើនទៀតរបស់លោក វណ្ណ មូលីវណ្ណ ពហុកីឡដ្ឋានអូឡាំពិក ត្រូវបានប្រជាជនកម្ពុជា និងជនបរទេសកោតសរសើរថា ជាស្ថាបត្យកម្មមួយដែលមានការគិតគូរយ៉ាងដិតដល់ចំពោះបរិស្ថាន និងជាស្ថាបត្យកម្មខ្មែរសម័យទំនើប។ រហូតមកដល់ពេលនេះ ពហុកីឡដ្ឋានអូឡាំពិក ដែលមានទីតាំងនៅចំទីប្រជុំជន បានក្លាយជាកន្លែងលំហែកាយ និងហាត់ប្រាណ សម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ ជានិច្ចកាល ពហុកីឡដ្ឋានអូឡាំពិក ត្រូវបានប្រើប្រាស់ជាកន្លែងប្រកួតកីឡាធំៗ ជាមួយប្រទេសជាសមាជិកអាស៊ាន និងប្រទេសដទៃទៀត ដោយមានមនុស្សរាប់ម៉ឺននាក់ចូលទស្សនា ជាពិសេស ការចាប់អារម្មណ៍ពីសំណាក់យុវជនកម្ពុជា នៅពេលមានការប្រកួតបាល់ទាត់ធំៗ ម្ដងៗ មានអ្នកចូលទស្សនាដល់ប្រហែល៥ម៉ឺននាក់។

បច្ចុប្បន្ន ពហុកីឡដ្ឋានអូឡាំពិក ត្រូវបានហ៊ុមព័ទ្ធដោយសំណង់អគារខ្ពស់ៗ ហើយសំណង់ផ្សេងៗទៀតកំពុងដំណើរការ និងបានវិវឌ្ឍខ្លួនទៅតាមយុគៈសម័យឌីជីថល។ គិតត្រឹមថ្ងៃទី១១មេសា ឆ្នាំ២០២៤នេះ ការបំពាក់កៅអីមានបង្អែកថ្មី ស្របតាមស្ដង់ដារគោលការណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិរួចរាល់ជាស្ថាពរ តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលបានផ្តល់ជំនួយជាកញ្ចប់ថវិកា ដើម្បីឱ្យគម្រោងនៃការដំឡើងកៅអីមានបង្អែកថ្មីនេះសម្រេចទៅបាន។ ជាក់ស្ដែង ការបំពាក់កៅអីមានបង្អែកថ្មីនៅពហុកីឡដ្ឋានជាតិរួចរាល់ជាស្ថាពរ ក៏មានធ្វើពិធីប្រគល់-ទទួល ជាផ្លូវការនូវការបំពាក់កៅអីក្នុងពហុកីឡដ្ឋានជាតិ ដែលជាជំនួយពីសហព័ន្ធបាល់ទាត់អាស៊ាន(AFF) ជូនទៅក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី០៩មេសា ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាផងដែរ..៕





