តើព្រះខ័នរាជស្វាយរៀងដើរតាមរូបមន្តចាស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ឬយ៉ាងណា?
ហៀប ស៊ីថេត
15 មីនា 2025 11:00 AM

បាល់ទាត់៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វារៀង គឺជាក្លឹបបាល់ទាល់កម្ពុជាទី២ ក្នុងប្រវត្តិសាស្ត្រដែលអាចឈានជើងឈោងចាប់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រាត់ នៃពានរង្វាន់ AFC Challenge League 2024/25 ខណៈមុខព្រះខ័នដ៏មុតស្រួច កំពុងគំរាមគូរសត្រូវលើសមរភូមវាលស្មៅបៃតងឱ្យបាក់បបខ្លបខ្លាច ជាពិសេស គឺ Madura United របស់ឥណ្ឌូណេស៊ី ខណៈកំពុងដើរតាមដានជើងក្លិបបាល់ទាត់ភ្នំពេញក្រោន។ តើព្រះខ័នរាជស្វាយរៀង អាចបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់សិង្ហក្រហមនេះបានដែរឬទេ..?

គួរជម្រាបថា ក្រុមព្រះខ័នរាជស្វាយរៀង ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។ ថ្វីដ្បិតតែព្រះខ័នរាជស្វាយរៀង បរាជ័យក្រោមថ្វីជើងអ្ន​កចម្បាំង Shan United ក្នុងជើងទី២ លទ្ធផល២ទល់នឹង១ក៏ពិតមែន ប៉ុន្តែក្រុមខ្លាំងកម្ពុជាមួយនេះនៅតែអាចឡើងទៅអង្គុយនៅកៅអីវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ AFC Challenge League 2024/25 ក៏ព្រោះតែជើងទី១ ព្រះខ័នរាជស្វាយរៀង បានលត់ក្រុមខ្លាំងភូមាមួយនេះក្នុងលទ្ធ៦ទល់នឹង២ឯណោះ។ ជាមួយគ្នា អ្នកគាំទ្របាល់ទាត់ជាច្រើនបានអបអរសាទរជាខ្លាំង ចំពោះដំណើររះថ្មីនៃវិស័យបាល់ទាត់កម្ពុជា។

គួរជម្រាបថា ក្នុងជំនួបបន្ទាប់នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រះខ័នរាជស្វាងរៀងនឹងត្រូវល្បងឫទ្ធិតទល់ជាមួយក្រុមគោលឿន Madura United របស់ឥណ្ឌូណេស៊ី ខណៈស្វាយរៀងធ្លាប់បរាជ័យក្រោមថ្វីជើងក្រុមនេះរួចទៅហើយ កាលពីចុងឆ្នាំ២០២៤ ក្នុងលទ្ធផល២ទល់នឹង១។ ជុំវិញជំនួបខាងមុខ អ្នកគាំទ្រចោទជាសំណួរថា តើព្រះខ័នរាជស្វាយរៀងអាចសងសឹក និងផ្តល់មេរៀនឱ្យក្រុម Madura United បានដែរឬទេ...? យ៉ាងណា អ្នកគាំទ្រមិនចាត់ទុកក្រុមឥណ្ឌូណេស៊ីមួយនេះ ជាក្រុមដែលមានសម្ពាធខ្លាំងសម្រាប់ក្រុមកម្ពុជាឡើយ ដ្បិតថា ក្រុមគោលឿន Madura United ធ្លាប់ឈ្នះក្រុមព្រះខ័នរាជស្វាងរៀងពិតមែន តែសមត្ថភាពហាក់នៅគម្លាតឆ្ងាយ បើធៀបនឹងក្រុមខ្លាំងៗផ្សេងទៀតក្នុង Leauge 1 របស់ឥណ្ឌូណេស៊ីនាពេលបច្ចុប្បន្ន។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែផ្ញើក្តីសង្ឃឹមទាំងស្រុងលើក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ហើយជឿងជាក់ថា ព្រះខ័នកម្ពុជាដ៏មុតស្រួចមួយនេះ អាចនឹងចាក់កាប់ចិញ្ច្រាំគោលឿន Madura United ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដូចដែលក្រុមសិង្ហក្រហមភ្នំពេញក្រោន ធ្លាប់បានធ្វើកាលពីឆ្នាំ២០១១។ គ្រានោះដែរ ក្រុមភ្នំពេញក្រោន បានត្រឹមជើងឯករងប៉ុណ្ណោះនៃពានរង្វាន់កម្រិតទ្វីបលំដាប់ទី៣ ក្រោយបរាជ័យក្រោមថ្វីជើងក្រុម Thaipower FC របស់កោះតៃវ៉ាន់ក្នុងលទ្ធផល៣ទល់នឹង២ (ពីមុនពាននេះមានឈ្មោះថា AFC President's Cup)។

គួរបញ្ជាក់ថា AFC Challenge League គឺជាពានរង្វាន់បាល់ទាត់កម្រិតអាស៊ីលំដាប់ទី៣ ខណៈពានរង្វាន់កំពូលនៃទ្វីបអាស៊ី គឺ AFC Champions League Elite ស្របពេលពានរង្វាន់ទ្វីបលំដាប់ទី២ គឺ AFC Champions League Two។ SBM News សូមជម្រាបជូនថា ក្រុមខ្លាំងថៃ Buriram​ United បានឡើង​ទៅដល់វគ្គ៨ក្រុមចុងក្រោយ​នៃពានរង្វាន់ទ្វីបអាស៊ី​លំដាប់​ទី១ (AFC Champions League Elite) ខណៈ Lion City របស់សិង្ហបុរីកំពុង​ឡើង​វគ្គ​៤ក្រុមចុងក្រោយ​ នៃពានរង្វាន់​ទ្វីបអាស៊ីលំដាប់​ទី២ (AFC Champions League Two)។ ជាមួយគ្នា ក្រុមព្រះ​ខ័នរាជ​ស្វាយរៀងកម្ពុជា និងក្រុម Madura United របស់ឥណ្ឌូណេស៊ី កំពុងដឹកដៃគ្នា​ឡើង​វគ្គ​៤ក្រុមចុងក្រោយ​ នៃពានរង្វាន់​ទ្វីបអាស៊ីលំដាប់​ទី៣ គឺ AFC Challenge League 2024/2025នេះឯង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត