
រាជធានីភ្នំពេញ៖ ក្រុមយុវជនដែលជាជនសង្ស័យមានគ្នាចំនួន១០នាក់ត្រូវបានសមត្ថកិច្ចក្រុងឃាត់ខ្លួន ក្រោយសង្ស័យថា ពួកគេបានជាប់ពាក់ព័ន្ធករណីរក្សាទុកអាវុធគ្មានការអនុញ្ញាត ប៉ុនប៉ងធ្វើសកម្មភាពលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...។

ការឃាត់ខ្លួនក្រុមយុវជនទាំងនោះធ្វើឡើងនៅថ្ងៃទី០៥មេសា អំឡុងពេលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះពិនិត្យរដ្ឋបាលតាមបន្ទប់ជួល នៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ របាយការណ៍មួយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦មេសា បានឱ្យដឹងបន្តថា ដោយអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលជាគោលនយោបាយមួយរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ភាពអសន្តិសុខ បទល្មើសនានាក្នុងសង្គម នៅវេលាម៉ោង៣ៈ០០នាទីរសៀលកម្លាំងសមត្ថកិច្ច ខណ្ឌកំបូល បានចុះប្រតិបត្តិការ ដោយធ្វើការឆែកឆែនៅក្នុងបន្ទប់ជួលរបស់ក្រុមជនសង្ស័យ ស្ថិតនៅទីតាំងខាង ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង១០នាក់ខាងលើ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនក្នុងនោះរួមមាន៖ ដាវកែច្នៃចំនួន០៣ដើម, ស្លាកលេខម៉ូតូចំនួន០២, ដែកកែច្នៃចុងស្រួចចំនួន០១ និងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

គួរឱ្យដឹងថា ភាពអសន្តិសុខដែលភាគច្រើនបង្កឡើងដោយក្មេងទំនើង បានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ពិសេសក្នុងរាជធានីភ្នំពេញ។ ករណីកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យរហូតបណ្តាលឱ្យមានអ្នករងរបួស ឬដល់ស្លាប់ កើតមានឡើងស្ទើរតែជាងរៀងរាល់ថ្ងៃនៅទូទាំង២៥រាជធានី-ខេត្ត ហើយកន្លងមក មន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានអះអាងថា អាជ្ញាធរនៅតាមបណ្តាខេត្តក្រុងមួយចំនួន បាននិងកំពុងបង្ក្រាបករណីក្រុមក្មេងទំនើងដែលបង្កសកម្មភាពអសន្តិសុខក្នុងប្រទេស ខណៈចំណាត់ការនេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋបានបង្ហាញក្ដីព្រួយបារម្ភអំពីសកម្មភាពរបស់ក្រុមក្មេងទំនើងប្រើប្រាស់ហិង្សា និងវាយតប់គ្នាជាបន្តបន្ទាប់។ យ៉ាងណា ទោះជាមានការរឹតបន្តឹង និងការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចក្ដី ប៉ុន្តែសកម្មភាពអុកឡុករបស់ក្រុមក្មេងទំនើងទាំងនោះ នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កជាការព្រួយបារម្ភយ៉ាងខ្លាំងដល់សន្តិសុខសង្គម និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ៕




