ពលរដ្ឋនៅភ្នំពេញត្អូញត្អែរអាកាសធាតុក្ដៅខ្លាំង និងស្នើឱ្យមន្ត្រីរាជរដ្ឋាភិបាលដាំដើមឈើបន្ថែម
ហ៊ែល កំសាន
10 មេសា 2024 03:30 AM

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ បាននាំគ្នាត្អូញត្អែរ និងបង្ហាញ​ក្ដី​បារម្ភ​អំពីការ​បម្រែបម្រួលអាកាសធាតុដែលកំពុងកើនឡើងខ្លាំង អាចនឹង​ប៉ះ​ពាល់​ដល់​សុខភាពរបស់​ពួកគេ ខណៈពលរដ្ឋមួយចំនួនលើកឡើងថា កម្តៅបានរំខាន​ដល់​ការ​ប្រកប​មុខរបរ និងទទូចឱ្យមន្ត្រីរាជរដ្ឋាភិបាលគិតគូរលើការដាំដើមឈើនៅក្នុងរាជធានី ដើម្បីជាម្លប់ និងបង្កើនសោភ័ណភាពផងដែរ...។

ស្រ្តីម្នាក់កំពុងលក់ដូងឱ្យអតិថិជនរបស់គាត់ ស្ថិតនៅក្រោមកម្តៅថ្ងៃក្តៅខ្លាំង នៅក្បែររបងវត្ត ឧណ្ណាលោម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្រ្តីម្នាក់កំពុងលក់ដូងឱ្យអតិថិជនរបស់គាត់ ស្ថិតនៅក្រោមកម្តៅថ្ងៃក្តៅខ្លាំង នៅក្បែររបងវត្ត ឧណ្ណាលោម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កំពុងឈរក្បែរស៊ីក្លូ ស្ថិតនៅក្រោមកម្តៅថ្ងៃដ៏ក្ដៅហួតហែងលោក ប៉ែន ឡត អាយុ៦៦ឆ្នាំ មានមុខរបរជាអ្នកធាក់ស៊ីក្លូ នៅម្តុំផ្សារចាស់ ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ បានថ្លែងប្រាប់ SBM News នៅថ្ងៃទី៩មេសា ថា នៅពេលអាកាសធាតុក្ដៅបែបនេះ សម្រាប់រូបលោកដែលជាអ្នកបម្រើសេវាកម្មដឹក និងអង្គុយរង់ចាំភ្ញៀវតាមដងផ្លូវ មិនងាយស្រួលប៉ុន្មានទេ ពិសេស គឺត្រូវទ្រាំជាមួយនឹងកម្តៅថ្ងៃដែលកំពុងក្ដៅខ្លាំងជារៀងរាល់ថ្ងៃបែបនេះ។ លោកបន្ថែមថា ព្រោះតែជាមេគ្រួសារ មានតួនាទីទំនុកបម្រុងអាហារបីពេលដល់សមាជិកគ្រួសារដទៃទៀត ទើបជំរុញឱ្យលោកតស៊ូ និងទ្រាំលំបាកក្រោមកម្តៅថ្ងៃដែលស្ទើរតែអស់ខ្យល់ម្ដងៗទៅហើយនោះ។ លោក ប៉ែន ឡត និយាយថា៖«ពិបាកតែចេះតែខំប្រឹងទៅ យើងចេះតែខំរកទៅ បើជីវភាពខ្វះខាត។ មេឃវាក្ដៅ តែយើងចេះតែខំរកទៅ ក្ដៅម៉េចក៏ត្រូវតស៊ូដែរ!»។ លោក ប៉ែន ឡត បន្ថែមថា កាលពីមុននៅតាមដងផ្លូវសម្បូរទៅដោយដើមឈើអមសងខាង ខណៈបច្ចុប្បន្ន ដើមឈើភាគច្រើនត្រូវបានកាត់មែកចោល ព្រោះអាជ្ញាធរថាដើម្បីរក្សាសុវត្ថិភាពដល់អ្នកធ្វើដំណើរ។ លោកថា បើនៅក្នុងរាជធានីមានការដាំដើមឈើច្រើនឡើងវិញ ប្រាកដជាផ្តល់ម្លប់ត្រជាក់ និងមិនក្ដៅខ្លាំងដូចពេលបច្ចុប្បន្នឡើយ។

  លោក ប៉ែន ឡត 
  លោក ប៉ែន ឡត 

ទោះជាយ៉ាងណា លោក ប៉ែន ឡត បានស្នើឱ្យមន្ត្រីរាជរដ្ឋាភិបាលគិតគូរលើការដាំដើមនៅក្នុងរាជធានីឱ្យបានច្រើន គ្រាន់បានជាម្លប់សម្រាប់ពលរដ្ឋជ្រកកោនពេលមេឃក្ដៅខ្លាំងដែរ។ ពលរដ្ឋរូបនេះ និយាយថា៖«ចង់ឱ្យរាជរដ្ឋាភិបាល(មន្ត្រី)ដាំដើមឈើបានជ្រកម្លប់ត្រជាក់។ បើរាជរដ្ឋាភិបាលដាំដើមឈើបានច្រើនទៅ វាត្រជាក់ដល់យើងដែរ»។ ចំណែកអ្នកស្រី លៀង សារឿន អាយុ៦០ឆ្នាំ ជាអ្នកដើរលក់បង្អែមលតនៅរាជធានីភ្នំពេញអស់រយៈពេលជិត៧ឆ្នាំមកហើយនោះ បានថ្លែងថា ការកើនឡើងនៃកម្តៅថ្ងៃបូកផ្សំជាមួយនឹងរាងកាយកំពុងចាស់ទ្រុឌទ្រោមផងនោះ រឹងរិតតែធ្វើឱ្យអ្នកស្រីប្រឈមជាមួយបញ្ហាផ្សេងៗ ដូចវិលមុខម្ដងម្កាលជាដើម។ អ្នកស្រីថា ដោយសារតែជីវភាពខ្វះខាត និងត្រូវចិញ្ចឹមចៅ២នាក់ផង ទើបអ្នកស្រីមិនហ៊ានសម្រាក។ អ្នកស្រីនិយាយថា៖«ក្ដៅណាស់! ក្ដៅចឹងចេះតែចេវ(ខំ)រកទៅ បើមិនរកមានអ្វីចិញ្ចឹមចៅ ចិញ្ចឹមអី? ចេះតែរកទៅបានលុយបានកាក់ទៅឱ្យចៅរៀនតែប៉ុណ្ណឹង»។ អ្នកស្រី សារឿន ក៏យល់ឃើញថា បើនៅក្នុងរាជធានីមានដើមឈើច្រើន ពិតជាមិនសូវក្ដៅខ្លាំងប៉ុន្មានទេ។​ អ្នកស្រីនិយាយថា៖«អាជ្ញាធរគួរដាំដើមឈើឱ្យបានច្រើនកុំឱ្យក្ដៅចឹងពេក!»។

  អ្នកស្រី លៀង សារឿន
  អ្នកស្រី លៀង សារឿន

រីឯពលរដ្ឋម្នាក់ទៀតប្រកបមុខរបរលក់ ឪឡឹក នៅក្បែររបងវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ លោក ស៊ី ណាន់ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ទាំងនៅក្នុងរាជធានី និងព្រៃដើមឈើនៅតាមបណ្តាខេត្តទូទាំងប្រទេសត្រូវបាន ក្រុមឈ្មួញទុច្ចរិតកាប់បំផ្លាញជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យអាកាសធាតុប្រែប្រួលមកជាក្ដៅខ្លាំងបែបនេះ។ លោកថា បើរាជរដ្ឋាភិបាល ផ្តោតលើការដាំដើមឈើ និងព្យាយាមការពារព្រៃឈើដែលនៅសេសសល់តិចតួចនេះឡើងវិញ ប្រហែលជាអាចកាត់បន្ថយកម្តៅបានខ្លះ។ លោក ស៊ី ណាន់ និយាយថា៖«បើបានខាងរាជរដ្ឋាភិបាល គាត់រៀបចំការដាំដុះដើមឈើច្រើន គឺយើងមានម្លប់ជ្រកដែរ។ វាល្អដែរ!»។ ដោយឡែក បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ទី២មីនា​ ថា ប្រទេស​កម្ពុជា​នឹង​ប្រឈម​នូវ​អាកាសធាតុ​ក្ដៅស្ងួត​ចាប់ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២៤ ដោយសារតែ​ប្រទេស​កម្ពុជា​ទទួលរង​នូវ​បាតុភូត​អែល​នីណូ (El Niño)។ ក្រសួង​បន្ថែម​ថា សីតុណ្ហភាព​នៅ​ទូទាំង​ប្រទេស​នឹង​ឡើង​កម្តៅ​នៅ​ឆ្នាំ​នេះ បរិមាណ​ទឹក​ភ្លៀង​ធ្លាក់​ទាប ហើយ​ភ្លៀង​កក់​ខែ​ក៏​តិច​​ជាង​ឆ្នាំ​២០២៣។ ទន្ទឹមនឹងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុក្ដៅខ្លាំង និងជួយចូលរួមការប្រើប្រាស់ទឹកភ្លើងដោយការសន្សំសំចៃខ្ពស់៕

  លោក ស៊ី ណាន់
  លោក ស៊ី ណាន់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត