ភ្នំពេញក្ដៅខ្លាំង តែខេត្តបាត់ដំបង និងបន្ទាយមានជ័យ រងខ្យល់កន្ត្រាក់ភ្លៀងយ៉ាងដំណំ
វុធ ច័ន្ទតារា
06 ឧសភា 2024 04:30 AM

រាជធានីភ្នំពេញ៖ ថ្ងៃក្ដៅចាំងចែងបន្តជះកម្តៅមកលើរាជធានីភ្នំពេញដដែល នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែអាកាសធាតុនៅតាមបណ្តាខេត្តផ្សេងទៀតមិនដូចគ្នាទេ។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែឧសភា សីតុណ្ហភាពខ្ពស់បំផុតនឹងមានដល់៣៧អង្សាសេ។ ចំណែកខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជាចំនួនពីររងភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់យ៉ាងដំណំ...។​

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅថ្ងៃទី៦ឧសភាថា ដោយសារតែសម្ពាធមកលើឈូងសមុទ្ទថៃ កម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្ទចិនខាងត្បូង ធ្វើឱ្យតំបន់ទំនាបក្នុងប្រទេសកម្ពុជា រួមមាន៖ រាជធានីភ្នំពេញ បាត់ដំបង បន្ទាយមានជ័យជាដើម មានសីតុណ្ហភាពខ្ពស់បំផុតដល់៣៧អង្សាសេ គួបផ្សំនឹងខ្យល់កន្ត្រាក់។ ចំណែកខេត្តទាំងនេះអាចមានភ្លៀងធ្លាក់២០ភាគរយ។

ដោយឡែក បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៥ឧសភា ឆ្នាំ២០២៤ ខេត្តភាគភាគពាយ័ព្យមួយនេះ មានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្ត្រាក់នៅតាមបណ្តាស្រុកមួយចំនួន ហើយក្នុងនោះស្រុកចំនួន០២រងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ បណ្តាលឱ្យដួលរលំ និងខូចខាត ផ្ទះពលរដ្ឋសរុបចំនួន១៥ខ្នង។ ស្រុករងគ្រោះទាំងពីររួមមាន ស្រុកគាស់ក្រឡ ខូចខាតអស់១០ខ្នង និងស្រុកសំពៅលូន បានខូចខាតផ្ទះ៥ខ្នង។ យ៉ាងណា មិនមានអ្នករងគ្រោះដល់អាយុជីវិតទេ។

ផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង 
ផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង 

ចំណែកនៅក្នុងថ្ងៃដដែល នៃស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋអស់១៤ខ្នង។ ដោយសារហេតុការណ៍នេះ កើតឡើងនៅម៉ោងជិត៥ល្ងាចទៅហើយ អាជ្ញាធរស្រុកថ្មពួកបានប្រមូលសម្ភារជំនួយបឋមសម្រាប់ពលរដ្ឋជាបណ្ដោះអាសន្នសិន។ ថ្ងៃ​នេះ កម្លាំង​ចម្រុះ​នឹង​ជួស​ជុល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ឡើងវិញ។ នេះបើតាមរដ្ឋបាលស្រុកថ្មពួក។

ផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តបន្ទាយមានជ័យ 
ផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅខេត្តបន្ទាយមានជ័យ 

សូមជម្រាបថា យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋជាង១០០ខ្នង បានទទួលរងការខូចខាតដោយ​សារតែបញ្ហាខ្យល់កន្រ្តាក់នៅទូទាំងប្រទេស។ នេះបើតាម លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់ SBM News ប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ បើតាមអ្នកនាំពាក្យរូបនេះ ក្នុងចំណោមផ្ទះជាង១០០ខ្នងនោះ មាន៣០ខ្នងបានទទួលរងខូចខាតទាំងស្រុង។ យ៉ាងណាមិញមកទល់ពេលនេះមិនមានអ្នកស្លាប់ដោយសារបាតុភូតធម្មជាតិនេះទេ៕ រាយការណ៍បន្ថែមដោយ៖ ភ្នាក់ងារខេត្តបាត់ដំបង និងបន្ទាយមានជ័យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត