
រាជធានីភ្នំពេញ៖ នៅពេលដែលសីតុណ្ហភាពរដូវក្ដៅកើនឡើង ឪពុកម្តាយអាចប្រឈមមុខនឹងបញ្ហាក្នុងការរក្សាកូនរបស់ពួកគេឱ្យមានសុវត្ថិភាពផ្នែកសុខភាពក្នុងអំឡុងខែក្ដៅ។ ទោះជាយ៉ាងណាក្ដី ឪពុកម្តាយនៅតែអាចសាកល្បងនូវវិធានការបង្ការមួយចំនួន ដោយស្វែងយល់ពីរបៀបជួយការពារកុមារពីអាកាសធាតុក្ដៅខ្លាំង។

អង្គការសហប្រជាជាតិនៅកម្ពុជា (UN) បានណែនាំចំណុចខ្លះៗដែលគួរធ្វើ៖ ទី១-ពិនិត្យកូនៗរបស់អ្នកឱ្យបានទៀងទាត់ប្រសិនបើពួកគេស្រេកទឹក បែកញើស មានអារម្មណ៍ក្ដៅ ក្អួត មាត់ស្ងួត និងស្អិត ឬឈឺក្បាលជាដើម។ ប្រសិនបើកូនរបស់អ្នកមានអាការៈមិនស្រួល ក្ដៅខ្លួនខ្លាំង វិលមុខ ឬដកដង្ហើមញាប់ សូមយក ពួកគេទៅមន្ទីរពេទ្យជាបន្ទាន់។ទី២-ឱ្យកូនរបស់អ្នកស្លៀកពាក់ខោអាវរលុង។ វាអាចជួយការពារការរលាកដោយកម្ដៅ និងឡើងកម្ដៅបាន។ និងទី៣-ពិនិត្យមើលថា កូនរបស់អ្នកញ៉ាំទឹកបានគ្រប់គ្រាន់ហើយឬនៅ។ ពួកគេប្រហែលជាមិនដឹងថា ការខ្វះជាតិទឹកនិងការឡើងកម្ដៅក្នុងខ្លួនមានអារម្មណ៍បែបណានោះទេ។ សូមបំបៅកូនក្រោមអាយុ៦ខែ ដោយទឹកដោះម្តាយតែមួយមុខគត់។ ម្តាយដែលបំបៅដោះកូន គួរតែទទួលទានទឹកឱ្យបានច្រើនព្រោះការខ្វះជាតិទឹក អាចប៉ះពាល់ដល់ការផលិតទឹកដោះ។ កុមារដែលមានអាយុចាប់ពី៦ខែឡើង គួរញ៉ាំទឹកឱ្យបានទៀងទាត់ក្នុងមួយថ្ងៃ។

ដោយឡែក UN ក៏បានណែនាំឱ្យឪពុកម្តាយជៀសវាសនូវចំណុចមួយចំនួនផងដែរ ដែលក្នុងនោះរួមមាន៖ ទី១-កុំផ្តល់ថ្នាំដល់ទារក ដោយមិនបានពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើពួកគេមាន អាការៈឡើងកម្ដៅ។ ទី២-កុំទុកទារក និងកុមារក្នុងកន្លែងបិទជិតដោយគ្មានខ្យល់ចេញចូល ដូចជារថយន្ត ឬបន្ទប់ ដែលមានបង្អួចបិទជិត។ និងទី៣- កុំទុកឱ្យកុមារលេងនៅខាងក្រៅយូរពេកនៅពេលអាកាសធាតុក្ដៅ និងមិនបាននៅមើលពួកគេ។ ឱ្យពួកគេសម្រាករៀងរាល់៣០នាទីម្ដង នៅពេលហាត់ប្រាណ ឬលេងនៅ ខាងក្រៅ។ ការហាត់ប្រាណ ឬលេងក្រោមសីតុណ្ហភាពក្ដៅអាចនាំឱ្យបាត់បង់ជាតិទឹកនិងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ៕





