
រាជធានីភ្នំពេញ៖ លោក ទ្រី ភាព ដែលមានងារជាអ្នកឧកញ៉ា និងត្រូវបានគេស្គាល់ថា ជាឈ្មួញរកស៊ីជំនាញគ្រាក់ៗមួយរូបនៅកម្ពុជា ត្រូវបានតែងតាំងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភានៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ។ ការតែងតាំងធ្វើឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផ្ទាល់តែម្ដង និងក្នុងនាមសម្តេចជាប្រមុខរដ្ឋស្តីទីអំឡុងពេលអវត្តមាននៅក្នុងប្រទេសរបស់ព្រះមហាក្សត្រ...។

ព្រះរាជក្រឹត្យ ដែលបានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទីនៅថ្ងៃសៅរ៍នេះ បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា ទ្រី ភាព ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើទេសរដ្ឋមន្ត្រី ដោយពុំទទួលបានប្រាក់បំណាច់មុខងារ។ ប្រធានព្រឹទ្ធសភា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ។ គួររំឭកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ ប្រមុខរដ្ឋស្ដីទី គឺកាលនោះជាសម្តេច ជា ស៊ីម បានចុះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំង លោក ទ្រី ភាព ដែលជាឈ្មួញឈើដ៏ល្បីជា «ឧកញ៉ា»។ ក្រោយមកនៅ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ឧកញ៉ា ទ្រី ភាព ដែលជាអគ្គនាយកក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួមទាំងក្រុមហ៊ុនច្រើនទៀត ពិសេសក្រុមហ៊ុនរកស៊ីលើវិស័យរ៉ែ និងបានទទួលដីសម្បទានសេដ្ឋកិច្ច និងតំបន់សេដ្ឋកិច្ចពិសេស ពីរាជរដ្ឋាភិបាលផងដែរ។

យ៉ាងណា សារព័ត៌មានក្រៅស្រុក និងអង្គការអន្តរជាតិមួយចំនួនចាត់ទុករូបលោកជាឈ្មួញកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ នៅថ្ងៃទី១៩កក្កដា ឆ្នាំ២០១៥ អ្នកឧកញ៉ា ទ្រី ភាព បានផ្តល់បទសម្ភាសដ៏កម្រមួយដល់សារព័ត៌មានក្នុងស្រុកមួយចំនួន ដោយអះអាងថា លោកបានប្រកបរបរស្របច្បាប់ បានបង់ពន្ធឱ្យរដ្ឋ ហើយក៏កំពុងអភិវឌ្ឍដាំដំណាំកៅស៊ូ និងម្រេច ដោយផ្តល់ការងារឱ្យពលរដ្ឋខ្មែរថែមទៀតផង។ សូមជម្រាបថា អ្នកឧកញ៉ា ទ្រី ភាព មិនមានឋានៈក្នុងជួររាជរដ្ឋាភិបាលទេ តែលោកត្រូវបានតែងតាំងជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំរដ្ឋ ជាហូរហែ រាប់ចាប់តាំងពីទីប្រឹក្សារបស់សម្តេចសង្ឃផងដែរ។ ក្រៅពីនោះ លោកក៏ជាអ្នកដើរតួនាទីសំខាន់ក្នុងជួរបក្សកាន់អំណាច ជាក់ស្តែងលោកជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយទើបនឹងត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមពីលើខេត្តកណ្តាល កាលពីដើមឆ្នាំ២០២៤នេះ៕




