
(រាជធានីភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល៣ខែដំបូង នៃឆ្នាំ២០២៤ បាន១៦៦ពាន់តោនដែលគិតជាទឹកប្រាក់មានចំនួន១២៣,៦១លានដុល្លារសហរដ្ឋអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងរយៈពេលមួយត្រីមាសនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន១៦៦៤៥១តោន ទៅកាន់គោលដៅចំនួន៥៦ ដែលក្នុងនោះ ប្រទេសចិននិងតំបន់រដ្ឋបាលស្វយ័ត៤៣០៣៩តោន ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៥ បានចំនួន៧៨៦៧៥តោន។ ប្រទេសសមាជិកអាស៊ានចំនួន៦ បានចំនួន២៩៧១៩តោន និងផ្សេងៗចំនួន២២ប្រទេស នៅអាហ្រ្វិក មជ្ឈិមបូព៌ា បានចំនួន១៥០១៨តោន។ ក្នុងនោះផងដែរ ចំពោះប្រភេទអង្ករដែលកម្ពុជាបាននាំចេញមានដូចជាអង្ករក្រអូបចំនួន ៨១,២៩ភាគរយ ប្រភេទអង្ករសធម្មតា ១៤,៦៨ភាគរយ អង្ករចំហ៊ុយ ២,១៨ភាគរយ និងអង្ករសរីរាង្គចំនួន១,៧១ភាគរយ។ ចំនួន៧២ភាគរយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕





