
បាល់ទាត់៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង អាចគ្រងជើងឯកពានរង្វាន់លីគកំពូលក្នុងរដូវកាល២០២៣-២០២៤ បានដែរឫយ៉ាងណា ខណៈនៅសល់៥ប្រកួតទៀតប៉ុណ្ណោះ លីគនឹងត្រូវបញ្ចប់នោះ។

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលមាន៦៥ពិន្ទុនៅក្នុងដៃ និងកំពុងនាំមុខ៧ពិន្ទុ លើគូប្រជែងតែមួយគត់របស់ខ្លួន គឺភ្នំពេញក្រោន ដែលមាន៥៨ពិន្ទុ។ ដូច្នេះព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះតែ៣ប្រកួតទៀតប៉ុណ្ណោះនឹងក្លាយជាជើងឯកដោយស្វ័យប្រវត្តិតែម្ដង។ ប៉ុន្តែវាមិនងាយស្រួលពេកទេសម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងការគ្រងជើងឯកនៅរដូវកាលនេះ ព្រោះថាគូប្រជែងធំបំផុតនៅចំពោះមុខគឺភ្នំពេញក្រោន។ ក្រៅពីភ្នំពេញក្រោន គ្មានក្រុមណាផ្សេងអាចប្រជែងជាមួយព្រះខ័នរាជស្វាយរៀងឡើយ ពីព្រោះបានដាច់ពិន្ទុនិងអស់ឱកាសតែម្ដង ដូចជា ក្លិបអ្នកមានធូរធារវិសាខា ក្លិបបឹងកេត អាយអេសអាយដង្កោសែនជ័យ និងក្រសួងការពារជាតិជាដើម។

គួរឱ្យដឹងដែរថា គិតត្រឹម២៥សប្តាហ៍ ក្លឹបព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ការធ្វើសឹកសង្គ្រាមលើសមរភូមិវាលស្មៅ២៥ប្រកួតកន្លងមកនេះ ទទួលបានជ័យជម្នះ២១លើក ស្មើ២លើក និងចាញ់២លើក រកបាន៦៥ពិន្ទុ និងកំពុងឈរលើកំពូលតារាងដ៏រឹងមាំ។ មែនទែនទៅ ព្រះខ័នរាជស្វាយរៀង អាចនិយាយបានថាជាក្រុមដែលល្អបំផុតនៅក្នុងរដូវកាលនេះ ក៏ប៉ុន្តែមិនទាន់ល្អឥតខ្ចោះនោះឡើយ គឺទទួលបានជ័យជម្នះ៩លើកជាប់គ្នាក្នុងជុំទី១ ប៉ុន្តែចូលជុំទី២ពួកគេហាក់ធ្លាក់ទម្រង់លេងបន្តិច ដោយបានចាញ់២ដង ស្មើ២ដង ខណៈជុំទី៣ ពួកគេកំពុងធ្វើដំណើរយ៉ាងល្អដោយមិនទាន់ស្គាល់បរាជ័យឡើយ។

គួររំឭកដែរថា ក្លិបព្រះខ័នរាជស្វាយរៀង ធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា២លើក គឺឆ្នាំ២០១៣ និង២០១៩ ហើយធ្លាប់ទទួលបានជើងឯករង៣ដងផងដែរ ដោយត្រូវរបូតពានយ៉ាងឈឺផ្សាទៅលើភ្នំពេញក្រោន។ គួរជម្រាបថា សម្រាប់ការប្រកួតក្នុងខែមេសានេះ ព្រះខ័នរាជស្វាយរៀងត្រូវបន្តបេសសកម្មដោយត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមចំណាត់ថ្នាក់លេខ៩ គិរីវង់សុខសែនជ័យ នៅថ្ងៃសៅរ៍ទី៦ខែមេសា និងមកជួបបឹងកេតក្រៅដី នៅថ្ងៃទី២០ ខែមេសា៕




