
គុនខ្មែរ៖ ព្រឹត្តិការណ៍ស្ដេចនាគទាំង៤ ប្រកួតម៉ារ៉ាតុនដណ្ដើមខ្សែក្រវាត់ IPCC Kun Khmer World Champion រៀបចំដោយស្ថានីយទូរទស្សន៍ថោន និងស្ថាប័នIPCC គុនខ្មែរប្រចាំប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី៣១មីនា ឆ្នាំ២០២៤ ស្ដេចនាគដំណាងកម្ពុជាបានផ្តួលស្ដេចនាគសមុទ្ទចិន និងម៉ុងហ្គោល ក្លាយជាម្ចាស់ខ្សែក្រវាត់ ក្នុងពេលដែលអ្នកគាំទ្រ រំពឹងថាមិនអាចទៅរួច។

គេនៅចាំបានថា ការប្រកួតម៉ារ៉ាតុននៅជុំទី១ កីឡាករ ចាន់ រតនា ចាប់ឆ្នោតប៉ះស្ដេចនាគសមុទ្ទចិនខាងកើត កឺ ជីងជុន ប្រកួតពេញ៣ទឹក អ្នកទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ដូច្នេះការប្រកួតតម្រូវឱ្យបន្ថែម១ទឹកទៀត។ នៅទឹកទី៤ ចាន់ រតនា ទាត់បានយ៉ាងល្អរហូតទទួលបានជ័យជម្នះដោយពិន្ទុឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ដោយឡែក នៅវគ្គផ្តាច់ព្រ័ត្ររវាង ចាន់ រតនា ស្ដេចនាគសមុទ្ទតំណាងទិសខាងជើងម៉ុងហ្គោលី បាទើដេនី ណាំជីលម៉ា អ្នកទាំងពីរបបួលគ្នាលេងអាវុធធ្ងន់ៗ ទាំងការទាត់ និងកណ្ដាប់ដៃ រហូតដល់ទឹកទី២ អ្នកលេងគុនចម្រុះកម្ពុជាទាត់ត្រូវពោះឱ្យអាជ្ញាកណ្តាលរាប់កីឡាករម៉ុងហ្គោលីដល់៨ម្ដង ធ្វើឱ្យកីឡាករម៉ុងហ្គោលីពិបាកស្រោចស្រង់ស្ថានការមកវិញបាន។ អ្វីដែលកាន់តែពិសេស ចាន់ រតនា បានរំលេចវិជ្ជាគុនចាស់របស់គេឱ្យអ្នកគាំទ្រគុនខ្មែរបានឃើញជាថ្មីម្ដងទៀតតាមរយៈប្រើក្បាច់សម្លាប់ដូចកាលរូបគេធ្លាប់ប្រកួតគុនខ្មែរកាលពីជាង៦ឆ្នាំមុន ដូចជានាគវាត់កន្ទុយ ទាត់កាប់ពីលើ ឬបាទជើងខ្មោចដែលនៅតែល្អ ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង។

គួររំឭកដែរថា ស្ដេចនាគសមុទ្ទតំណាងទិសខាងជើងម៉ុងហ្គោលី បាទើដេនី ណាំជីលម៉ា នេះទើបដណ្តើមបានខ្សែក្រវាត់កម្រិតពិភពលោក I-1 មួយថៃ World Champion មកពីទីក្រុងហុងកុងថ្មីៗ ហើយរូបគេគឺជាបេក្ខភាពម្នាក់ដែលអ្នកគាំទ្រកម្ពុជាសម្តែងការព្រួយបារម្ភ ព្រោះស្នៀតប្រយុទ្ធ កម្លាំងសុហ្វ និងភាពធន់របស់កីឡាករមកពីដែនដីចក្រភពម៉ុងហ្គោលមួយនេះ មិនធម្មតានោះទេ។ ប៉ុន្តែ ក្ដីបារម្ភរបស់អ្នកគាំទ្រពេលនេះត្រូវបានរសាត់បាត់ពីដួងចិត្តហើយ ក៏ព្រោះតែកីឡាករ ចាន់ រតនា បានក្លាយជាម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer World Champion យ៉ាងពិតប្រាកដ។ មែនទែនទៅ នេះគឺជាជោគជ័យដ៏ធំមួយ ហើយក៏ជាលើកទី១ដែរ ដែលរូបគេបានបាត់មុខអស់រយៈពេលជាង៧ឆ្នាំមកនេះ៕





