ព្រឹត្តិការណ៍គុនខ្មែរប៉ះអ្នកលេងក្បាច់គុនកុងហ្វូចិននឹងធ្វើឡើងជាលើកទី២ តើម្ដងនេះគួរប្តូរទៅប្រកួតនៅចិនម្ដង ឬបន្តនៅកម្ពុជា?
ជួន ចាន់ម៉ារ៉ាឌី
03 មេសា 2024 08:45 AM

គុនខ្មែរ៖ ព្រឹត្តិការណ៍គុនខ្មែរកុងហ្វូ ដែលបានប្រមូលផ្តុំអ្នកលេងក្បាច់គុនកុងហ្វូចិននិងបានបរាជ័យក្រោមកណ្ដាប់ដៃអ្នកលេងគុនខ្មែរកាលពីពែលកន្លងទៅនេះ ឥឡូវនេះវិលត្រឡប់មកវិញជាលើកទី២ នៅបំណាច់ខែមេសា។ ប៉ុន្តែព្រឹត្តិការណ៍នេះស្ថិតក្នុងការរៀបចំពីអ្នករៀបចំកម្មវិធីនៅឡើយ ដោយគេកំពុងពិចារណាថាគួរលេងនៅទឹកកម្ពុជាឫទៅខាងចិនវិញម្ដង។ នេះបើតាម លោក គឹម ស្រ៊ុនកុសល ហៅ ថមមី គីម ប្រធាន MasFight Cambodia និង​ជា​តំណាង​ស្ថាប័ន International Professional Combat Council (IPCC) ប្រចាំ​​ប្រទេស​កម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី០២មេសាឆ្នាំ២០២៤។ 

លោក គឹម ស្រ៊ុនកុសល ហៅថមមី គីម ឱ្យដឹងថា កីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ ជាមុខសញ្ញាធំបំផុត ដែលចិនចិញ្ចឹមចិត្តតាមសងសឹក ហើយកីឡាករចិនរូបនោះបានស្នើទៅស្ថាប័នធំមួយនៅប្រទេសចិន រៀបចំឱ្យមានការប្រកួតរវាងអ្នកទាំងពីរ។ លោក គឹម ស្រ៊ុនកុសល បន្តថា ជំនួបសងសឹករវាងអ្នកទាំងពីរនេះ នឹងកើតមានឡើងយ៉ាងពិតប្រាកដគ្រាន់តែមិនទាន់ច្បាស់ពីទីតាំង ថាគួរប្រកួតនៅលើទឹកដីកម្ពុជាម្ដងទៀត ឬទៅខាងចិនវិញម្ដង។ សម្រាប់ថ្នាក់ដឹកនាំ IPCC រូបនេះ គឺចង់ឱ្យប្រកួតនៅកម្ពុជា ព្រោះនៅទីនេះមានបងប្អូនគាំទ្រគុនខ្មែរច្រើន សំឡេងស្រែកហោរគាំទ្រពីបងប្អូនជាកម្លាំងចិត្តធំបំផុតសម្រាប់កីឡាករកម្ពុជា។

គួររំឮកដែរថា​ ព្រឹត្តិការណ៍គុនខ្មែរកុងហ្វូដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ថោនកាលពីថ្ងៃទី១៩ មករា ២០២៤ កន្លងទៅ ទទួលបានការគាំទ្រពីមហាជនគុនខ្មែរយ៉ាងភ្លូកទឹកភ្លូកដី។ បើនិយាយពីការប្រកួតនៅសង្វៀនផ្ទាល់ មានអ្នកទៅទស្សនាផ្ទាល់ណែនណាន់តាន់តាប់គ្មានចន្លោះប្រហោងត្រង់ណាឡើយ។ ដូច្នេះសម្រាប់ការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍គុនខ្មែរកុងហ្វូរដូវកាលទីពីនេះ ត្រូវបានមហាជនដាក់ការរំពឹងថានឹងក្រើកទ្វេដង ព្រោះជាជំនួបសងសឹក៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត