សង្ក្រាន្តគុនខ្មែរ! ថោនត្រៀមលេងឈុតធំថ្ងៃឆ្លងឆ្នាំ ដោយប្រមូលអ្នកប្រយុទ្ធខ្លាឃ្មុំទឹកកកមកពី៥ប្រទេស ខណៈធឿន ធារ៉ា អាចជាបេក្ខភាពម្នាក់
ជួន ចាន់ម៉ារ៉ាឌី
03 មេសា 2024 02:45 AM

គុនខ្មែរ៖ ​ លោក គឹម ស្រ៊ុនកុសល ហៅថមមី គីម ដែលជាប្រធាន MasFight Cambodia និង​ជា​តំណាង​ស្ថាប័ន International Professional Combat Council (IPCC) ប្រចាំ​​ប្រទេស​កម្ពុជា បានបង្ហោះសំណេរនៅលើគណនីរបស់លោកថា ជ្រុលជាផ្ទុះរឿងធំទៅហើយ អ៊ីចឹងលេងឱ្យធំម៉ងទៅ ធីមគុនខ្មែរ VS ខ្លាឃ្មុំទឹកកក វាយកម្រិត TOP 5 ប្រចាំប្រទេស”...។

តាមរយៈសំណេរមួយឃ្លាដែលបង្កប់ទៅដោយចម្ងល់រាប់ពាន់សំណួរ អ្នកគាំទ្រគុនខ្មែរមួយចំនួនធំ បានសម្តែងការភ្ញាក់ផ្អើលដូចខ្មោចស្លាប់៧ថ្ងៃ ខណៈដែលថោនបានបង្កើតព្រឹត្តិការណ៍ធំចំនួនពីរដងរួចមកហើយដូចជា៖ ព្រឹត្តិការណ៍សាម៉ូរៃនិនចាជប៉ុន និងព្រឹត្តិការណ៍គុនខ្មែរកុងហ្វូ ដែលកីឡាករកំពូលៗកម្ពុជាចំនួន៥រូប បានប្រយុទ្ធយ៉ាងជក់ចិត្ត និងបានផ្តល់មេរៀនជូរចត់ឱ្យកីឡាករមកពីប្រទេសជប៉ុន និងប្រទេសចិន បានស្គាល់អ្វីទៅជាគុនខ្មែរ ខណៈព្រឹត្តិការណ៍ខ្នាតយក្សទាំងពីរនេះ បានល្បីរន្ទឺដល់ប្រទេសសាមី និងនៅលើឆាកអន្តរជាតិផងដែរ។ ចុះព្រឹត្តិការណ៍អ្នកប្រយុទ្ធគុនខ្មែរជួបក្រុមខ្លាឃ្មុំទឹកកកទាំង៥នេះ តើកីឡាករប្រទេសណានឹងបង្ហាញខ្លួនបន្ទាប់? លោក ជួប វុត្ថា អ្នករៀបចំកម្មវិធីប្រដាល់ទូរទស្សន៍ថោន បានចេញមុខពន្យល់លើសំណួរខាងលើនេះ។

លោក ជួប វុត្ថា បានបង្ហើបប្រាប់ SBM NEWS តាមរយៈសារតេឡេក្រាមថា​ ក្រុមកីឡាករគុនខ្មែរ ត្រូវប្រកួតជាមួយ ក្រុមខ្លាឃ្មុំទឹកកក វាយកម្រិត TOP 5 ប្រចាំប្រទេស ពិតជាកើតឡើងយ៉ាងពិតប្រាកដ គឺនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ពោលគឺនៅថ្ងៃទី១៣​មេសា​ ឆ្នាំ២០២៤ឆាប់ៗ ខណៈព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងធ្វើដំណើរទៅអង្រួនបេះដូងអ្នកគាំទ្រនាទឹកដីនៃទីរួមខេត្តកំពង់ចាម។ លោក ជួប វត្ថា បញ្ជាក់ថា នៅថ្ងៃប្រកួតខាងមុខ នឹងមានកីឡាករបរទេសលំដាប់ប្រទេសចូលរួមប្រកួតដូចជា៖ ប្រទេសរុស្សី, ចិន និងមានកីឡាករបរទេសជាច្រើនរូបទៀតចូលរួមនៅលើសង្វៀនគុនខ្មែរក្នុងថ្ងៃនោះ។ លោក ជួប វុត្ថា បញ្ជាក់យ៉ាងដូច្នេះថា៖ធីមគុនខ្មែរ VS ខ្លាឃ្មុំទឹកកក គឺវាយកម្រិតកំពូលទាំង៥ ប្រចាំប្រទេស គឺមានន័យថា នៅថ្ងៃប្រកួតនោះ មានវត្តមានកីឡាករគុនខ្មែរលំដាប់ប្រទេសកម្ពុជា៥រូប ត្រៀមតតាំងជាមួយអ្នកលេងគុនខ្មែរមកពីបរទេសក្នុងព្រឹត្តិការណ៍មួយនេះដែរ”។ ជាមួយគ្នានោះ ប្រភពកៀកជិតអ្នករៀបចំកម្មធីរូបនេះ បានបង្ហើបឱ្យដឹងស្របគ្នាថា ព្រឹត្តិការណ៍ដ៏ធំដែលថោនគ្រោងនឹងត្រៀមដាក់ប្រកួតនៅពេលខាងមុខ អាចនឹងមាន​អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ភាគរយខ្ពស់ជាងគេ។​

យ៉ាងណា មហាជនកំពុងទន្ទឹងរង់ចាំមើលថា តើព្រឹត្តិការណ៍លើកទី៣ ដែលមានក្រុមអ្នកប្រយុទ្ធគុនខ្មែរទាំង៥ ជួបជាមួយ ក្រុមអ្នកប្រយុទ្ធខ្លាឃ្មុំទឹកកក អាចរញ្ជួយពិភពគុនខ្មែរ ដូចព្រឹត្តិការណ៍សាម៉ូរៃនិនចាជប៉ុន និងព្រឹត្តិការណ៍គុនខ្មែរកុងហ្វូ ដែរឬយ៉ាងណា ខណៈសង្ក្រានគុនខ្មែរដែលថោនត្រៀមរៀបចំ នៅមិនទាន់មានការទម្លាយអត្តសញ្ញាណកីឡាករនៅឡើយ ក្រៅតែពីមានព័ត៌មានល្ហិចល្ហៀងថា អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា អាចជាបេក្ខភាពទី១ក្នុងចំណោមអ្នកខ្លាំងទាំង៥។ តើកីឡាករកម្ពុជា៤រូបទៀតជានរណា...?អ្នកគាំទ្រអាចខម្មិននៅក្នុងប្រអប់សាររបស់ SBM News បានដោយសេរី...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត