សែន ច័ន្ទរិទ្ធីគុន វិលត្រឡប់មកសង្វៀនគុនខ្មែរជាថ្មី ប៉ះជើងខ្លាំងប្រចាំKKIF តែមហាជនបារម្ភពីការបាត់មុខពីសង្វៀនយូរអាចធ្លាក់ទម្រង់ប្រយុទ្ធ
ជួន ចាន់ម៉ារ៉ាឌី
03 មេសា 2024 02:15 AM

គុនខ្មែរ៖ កីឡាករសញ្ជាតិខ្មែរ-ប្រេស៊ីល សែន ចន្ទឫទ្ធីគុន ឬធីអាហ្គោ ក្រោយបាត់មុខពីសង្វៀនគុនខ្មែរអស់រយៈពេលជាង១ឆ្នាំ ពេលនេះ បានលេចមុខសាជាថ្មីក្នុងឋានៈជាគូឯកប្រចាំព្រឹត្តិការណ៍ ក្រោមការរៀបចំពីសង្វៀន KKIF នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ខាងមុខ ខណៈមហាជនបារម្ភពីការធ្លាក់ទម្រង់ប្រកួត និងកម្លាំងស៊ុហ្វអាចថ្លាក់ចុះ ព្រោះតែរបួសញាំញី ជាងមួយឆ្នាំមកនេះ រូបគេមិនបានឡើងសង្វៀននោះឡើយ...។

ក្រោយទទួលបានដំណឹងមានឈ្មោះប្រកួតក្នុងកម្មវិធីអាយដលគុនខ្មែរ កីឡាករ សែន ចន្ទឫទ្ធីគុន ​បានបង្ហោះសារលើគណនីផ្ទាល់ខ្លួនថា Finally, there is a date and place scheduled for the next appointment, I hope for the support of all my fans, thank you very much for the opportunity for me to return Bayon  and BTV Boxingដែលមានន័យជាខេមរភាសាថា “នៅទីបំផុត គឺមានការរៀបចំពេលវេលា និងទីកន្លែងសម្រាប់ការណាត់ជួបច្បាស់លាស់នៅពេលខាងមុខ, ខ្ញុំសង្ឃឹមថា នឹងមានការគាំទ្រពីអ្នកគាំទ្រទាំងអស់គ្នា សូមអរគុណស្ថានីយទូរទស្សន៍បាយ័ន និង BTV Boxing ដែលផ្ដល់ឱកាសឱ្យខ្ញុំ បានត្រលប់មកវិញ

កីឡាករ សែន ចន្ទឫទ្ធីគុន បន្តថា ជម្រាបសួរ! ខ្ញុំ ឫទ្ធីគុន ខ្ញុំជាម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក៥គ្រឿង និងជាអ្នកប្រដាល់គុនខ្មែរ។ ឥឡូវនេះ ខ្ញុំមានសុខភាពល្អរឹងមាំ និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរវិញ។ សម្រាប់ការប្រយុទ្ធរបស់ខ្ញុំ[..]ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីកម្ពុជា។ ខ្ញុំដឹងថា..អ្នកទាំងអស់គ្នាកំពុងរង់ចាំការប្រកួតរបស់ខ្ញុំ! ខ្ញុំមិនត្រឹមតែលើកស្ទួយគុនខ្មែរតែក្នុងប្រទេសនោះទេ ប៉ុន្តែជុំវិញសកលលោក។ នឹកបងប្អូន និងសង្វៀនគុនខ្មែរជាខ្លាំង...!​។ មែនទែនទៅ កីឡាករ សែន ចន្ទឫទ្ធីគុន ឬ Tiago Teixeiar នឹងត្រូវទទួលភារកិច្ចធ្ងន់ ដោយត្រូវប៉ះជាមួយជើងខ្លាំងមកពីទួកគី កីឡាករ ស៊ីណាន ឆាហ្កាឡា ក៏វាយតំណាងឱ្យគុនខ្មែរ មកពីក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF ផងដែរ។ ប្រវត្តិកីឡាកររូបនេះមិនធម្មតាឡើយ​ ក្នុងចំណោមការប្រកួតរបស់គេ ៣៧ប្រកួត ចាញ់តែ៣ប្រកួតប៉ុណ្ណោះ ដែលភាគច្រើនផ្ដួលដៃគូឱ្យសន្លប់បាត់មាត់ឈឹងតែម្ដង។  ជាក់ស្ដែង ការប្រកួតចុងក្រោយរបស់ជើងខ្លាំងមកពីទួកគី​រូបនេះ កាលពីថ្ងៃទី២៣មីនា កន្លងទៅ រូបគេបានផ្ដួលដៃគូឱ្យសន្លប់ដូចគ្នា ដូច្នេះ យើងរង់ចាំមើលថា តើកីឡាករ សែន ចន្ទឫទ្ធីគុន អាចផ្ដួលជើងខ្លាំងម្នាក់នេះបាន ឬយ៉ាងណា។

គួរឱ្យដឹងដែរថា ទោះបីកីឡាករ សែន ចន្ទឫទ្ធីគុន ជាសះស្បើយពីរបួសជើងរបស់គេបានមួយរយភាគរយ និងបានសម្ងំហ្វឹកហាត់ជាមួយសិស្សគុនរបស់ខ្លួនយ៉ាងសកម្មយ៉ាងណាក្ដី ក៏នៅតែមានឧបសគ្គសម្រាប់រូបគេនៅឡើយ ព្រោះជាងមួយឆ្នាំមកនេះ រូបគេមិនដែលបានឡើងលើសង្វៀនប្រកូតនោះទេ ដូច្នេះ សម្រាប់ការបាត់មុខពីសង្វៀនយូរបែបនេះ អាចនឹងធ្វើឱ្យកីឡាករ សែន ចន្ទឫទ្ធីគុន ជួបបញ្ហាខ្លះៗមិនខាន។ ទោះយ៉ាងណា SBM News សូមជូនពរឱ្យកីឡាករ សែន ចន្ទឫទ្ធីគុន ទទួលបានជោគជ័យនាការប្រកួតថ្ងៃទី៧មេសាខាងមុខនេះ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត