
តារាចម្រៀងពិភពលោក ថាយល័រ ស្វីហ្វ (Taylor Swift) ត្រូវបានគេប្រកាសងារជាមហាសេដ្ឋីជាផ្លូវការកាលពីថ្ងៃអង្គារ ទី២ ខែមេសា ខណៈតារាចម្រៀងដ៏ល្បីល្បាញរូបនេះត្រូវបានទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបលើសពីមួយពាន់លានដុល្លារ។

ជាមួយនឹងសមត្ថភាពនិពន្ធបទចម្រៀងដ៏ប៉ិនប្រសព្វ តារាចម្រៀងរូបនេះបានរៀបចំដំណើរប្រគំតន្រ្តីទេសចរណ៍ដែលមានតម្លៃរាប់ពាន់លានដុល្លារជាលើកដំបូងមិនធ្លាប់មាន(Eras Tour) ដោយបានជំរុញសេដ្ឋកិច្ចរបស់ប្រទេសជាម្ចាស់ផ្ទះ និងធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកសប្បាយរីករាយ។ តារាចម្រៀង ថាយល័រ ស្វីហ្វ មានអាយុ ៣៤ឆ្នាំដែលមានទ្រព្យសម្បត្តិច្រើនមហាសាលជាមួយនឹងផ្ទះនៅទីក្រុងញូយ៉ក (New York), ទីក្រុង Beverly Hills, ទីក្រុង Nashville និងផ្ទះលំហែមាត់សមុទ្ទនៅកោះ Rhode ។ ព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សរបស់ ថាយល័រ ស្វីហ្វ គឺជាកំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាជាច្រើនដែល នាងបានបំបែកកាលពីឆ្នាំមុន រួមទាំងការឈ្នះពានរង្វាន់ Grammy ទីបួនសម្រាប់អាល់ប៊ុមប្រចាំឆ្នាំ ក្នុងចំណោមសិល្បករឆ្នើមជាច្រើននាក់។

គួរបញ្ជាក់ថា តារាចម្រៀងពិភពលោក ថេល័រ ស្វីហ្វ បានទាក់ទាញការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងគំហុកនៅលើប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកពេញមួយឆ្នាំ២០២៣ ខណៈនាងជាបុគ្គលឆ្នើមប្រចាំឆ្នាំដែលជាមនុស្សពោរពេញដោយសមត្ថភាពទាំងការនិពន្ធចម្រៀង និងសំឡេងដ៏ក្រអួនក្រអៅ៕




