
រដ្ឋធានីម៉ានីល៖ នៅថ្ងៃអង្គារទី២ខែមេសា ហ្វីលីពីនបានឱ្យដឹងថាទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន និងសមភាគីសហរដ្ឋអាម៉េរិកបានពិភាក្សាតាមការហៅទូរសព្ទកាលពីថ្ងៃចន្ទអំពីសកម្មភាពបង្ខិតបង្ខំ ឈ្លានពាន និងបង្ករឿង ដោយរដ្ឋធានីប៉េកាំងនៅសមុទ្រចិនខាងត្បូង ខណៈដែលជម្លោះការទូតកាន់តែតានតឹងរវាងប្រទេសជិតខាងអាស៊ីទាំងពីរ។

ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក អេឌូអាដូ អាណូ (Eduardo Ano) បានសម្តែងការកោតសរសើរចំពោះការបន្តការធានា និងការអះអាងឡើងវិញនៃការប្តេជ្ញាចិត្តដែកថែបរបស់សហរដ្ឋអាម៉េរិក ចំពោះសម្ព័ន្ធមិត្តរបស់ពួកគេ។ ការហៅទូរសព្ទកាលពីថ្ងៃចន្ទគឺធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅដែនសមុទ្រជាបន្តបន្ទាប់ និងសង្គ្រាមពាក្យសំដីដ៏ក្ដៅគគុករវាងចិន និងហ្វីលីពីន ដែលបានបង្កឱ្យមានការព្រួយបារម្ភអំពីជម្លោះហួសពីការគ្រប់គ្រង។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានប្រកាសក្តែងៗកាលពីសប្តាហ៍មុនថានឹងមានវិធានការតបតប្រឆាំងនឹងការឈ្លានពានរបស់ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន ខណៈដែលរដ្ឋធានីប៉េកាំងបានចោទប្រកាន់ហ្វីលីពីនពីបទក្បត់សន្យាដែលថានឹងអូសនាវាកងទ័ពជើងទឹកចាស់ដែលចុះចតដោយចតទុកចោលក្នុងច្រាំងសមុទ្រដែលមានជម្លោះ។ យ៉ាងណា រដ្ឋធានីម៉ានីលបដិសេធមិនដែលសន្យានោះទេ។ មហាយក្សចិនក៏បានព្រមានហ្វីលីពីនឱ្យប្រព្រឹត្តដោយប្រុងប្រយ័ត្ន និងស្វែងរកកិច្ចសន្ទនា ដោយសំអាងថា ទំនាក់ទំនងរបស់ប្រទេសទាំង២បានឈានដល់ «ផ្លូវបំបែក»។ ក្រោយមក មន្ត្រីសន្តិសុខហ្វីលីពីនបានបញ្ជាក់នៅថ្ងៃចន្ទថា វិធានការប្រឆាំងរបស់ហ្វីលីពីនចំពោះការប្រព្រឹត្តរបស់ចិននៅសមុទ្រចិនខាងត្បូងនឹងរួមបញ្ចូលការពង្រឹងសមត្ថភាពការពាររបស់ខ្លួនជាមួយសម្ព័ន្ធមិត្ត និងវិធានការការទូតដើម្បីដោះស្រាយជម្លោះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានលើកឡើងថា៖«ការឆ្លើយតបសមាមាត្រ ចេតនា និងសមហេតុផល ដែលប្រធានាធិបតីកំពុងនិយាយអំពីការគ្របដណ្ដប់មិនត្រឹមតែទិដ្ឋភាពនៃការពង្រឹងសមត្ថភាពយោធា និងការការពារជាមួយសម្ព័ន្ធមិត្តផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏និយាយអំពីកិច្ចខិតខំប្រឹងប្រែងការទូតដ៏ហត់នឿយក្នុងការដោះស្រាយបញ្ហាផងដែរ»។ លោកពណ៌នាកញ្ចប់ថាជាពហុវិមាត្រ។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) បានប្រាប់ប្រជាជនហ្វីលីពីននៅក្នុងលិខិតចំហមួយនៅថ្ងៃអង្គារថា៖«កុំធ្លាក់ចូលទៅក្នុងអន្ទាក់ដែលរៀបចំដោយការឃោសនារបស់ចិន»។ ហ្វីលីពីនបានទទូចថា ខ្លួនមិនដែលយល់ព្រមក្នុងការអូសនាវា BRP Sierra Madre ដែលជាទីតាំងឈរជើងរបស់ទាហានមួយក្តាប់តូច ចាប់តាំងពីវាត្រូវបានដាក់មូលដ្ឋាននៅតំបន់ Second Thomas Shoal កាលពី ២៥ ឆ្នាំមុន។ ជាមួយគ្នានោះ លោក អាណូ បានបញ្ជាក់ថា មានកិច្ចព្រមព្រៀងសុភាពបុរសក្រៅផ្លូវការជាមួយប្រទេសចិន ដើម្បីរក្សាស្ថានភាពនៅច្រាំងសមុទ្រ ប៉ុន្តែមិនមែនដើម្បីអូសនាវាចេញទៅឆ្ងាយនោះទេ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) បាននិយាយថា រដ្ឋាភិបាលរបស់លោក ម៉ាកូស មិនបានឃើញឯកសារណាមួយដើម្បីគាំទ្រការអះអាងរបស់ចិនចំពោះការសន្យារបស់ហ្វីលីពីនក្នុងការដកនាវានោះទេ។

ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទបានអះអាងថា ដោយមិនគិតពីគោលនយោបាយអ្វីដែលហ្វីលីពីនដាក់ចេញនោះទេ វានឹងមិនមានផលប៉ះពាល់ដល់ការទាមទារអធិបតេយ្យភាពដែនសមុទ្ររបស់ចិននោះទេ។ មហាយក្សចិនបានទាមទារស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូលជាទឹកដីរបស់ខ្លួន ដែលត្រូវបានល្បាតដោយកងនាវាឆ្មាំសមុទ្រ ដែលមានចម្ងាយជាង ១០០០ គីឡូម៉ែត្រពីដីគោករបស់ខ្លួន។ គួរបញ្ជាក់ថាការប្រឈមមុខដាក់គ្នានៅលើលំហសមុទ្ទម្ដងហើយម្ដងទៀតបានបង្កឱ្យមានការភ័យខ្លាចថាប្រទេសក្បែរខាងទាំង២ អាចធ្លាក់ចូលទៅក្នុងជម្លោះដ៏ធំមួយ អាចទាញមហាអំណាចពិភពលោកទាំង២ប្រទេសចិន និងសហរដ្ឋអាម៉េរិក ចូលទៅក្នុងការប៉ះទង្គិចគ្នាដោយផ្ទាល់។ ហ្វីលីពីន-អាម៉េរិក ត្រូវចងភ្ជាប់ដោយសន្ធិសញ្ញាដែលតម្រូវប្រទេសទាំងពីរការពារគ្នាទៅវិញទៅមក ប្រសិនបើស្ថិតក្រោមការវាយប្រហារ ហើយរួមបញ្ចូលទាំងកងឆ្មាំសមុទ្ទ នាវាស៊ីវិល និងយោធានៅសមុទ្ទចិនខាងត្បូង៕





