
រាជធានីភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំំ២០២៤ បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរទាំង១៤ខណ្ឌសហការជាមួយនាយកសាលា និងគ្រូតាមបណ្តាសាលារៀនអប់រំឱ្យសិស្សានុសិស្សទាំងអស់ឱ្យបញ្ឈប់សកម្មភាពដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដូចជា ប៉ាតម្សៅ គប់ទឹក បាញ់ទឹក ជាដើមករណីមិនព្រមបញ្ឈប់តាមការណែនាំនឹងត្រូវឃាត់ខ្លួនជាកំហិត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអះអាងថា៖«សូមដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈទប់ស្កាត់និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឈរជាក្រុមៗបង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ»។ ស្ថាប័នដដែលបន្ថែមថា៖«បើសិនជាធ្វើសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងជាពិសេសកាលពីពេលថ្មីៗនេះមានសិស្សជាង១០០នាក់ដែលបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈគប់ ទឹក ប៉ាតម្សៅ និងបាញ់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់យកអប់រំធ្វើកិច្ចសន្យាម្ដងរួចមកហើយ បើក្នុងករណីមិនរាងចាលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត»។

ការដាក់ចេញនូវបទបញ្ជាក្ដៅរបស់អាជ្ញាធរនេះក្រោយសង្កេឃើញនៅ «វិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ» កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ រៀបចំសង្រ្កាន្តឆ្នាំថ្មី។ ប៉ុន្តែអ្វីដែលស្មានមិនដល់នោះមានសិស្សមួយចំនួនបាននាំគ្នាមកលេង ប៉ាតម្សៅ គប់ ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាន និងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ។ ការណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាទាំងនេះរបស់អាជ្ញាធរ ក្រោមហេតុផលថា បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ហើយទង្វីនេះនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។

គួរគាត់សម្គាល់ថា ស្របពេលពិធីចូលឆ្នាំប្រពៃណីជាតិកាន់តែកៀកចូលមកដល់ គេសង្កេតឃើញសន្ទុះនៃការកើនឡើងករណីក្មេងទំនើងក្នុងសង្គមច្រើនលើសលប់។ដូច្នេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ បានសម្តែងការព្រួយបារម្ភ និងបានជំរុញឱ្យស្ថាប័នមួយចំនួនត្រូវដឹកនាំ និងចាត់ចែងដោះស្រាយបញ្ហាក្មេងទំនើងនេះឱ្យបានជាបន្ទាន់។ លោក សុជាតិ បានថ្លែងថា ស្ថាប័នដែលមានឥទ្ធិពលជាងគេក្នុងការទប់ស្កាត់បញ្ហាក្មេងទំនើង គឺក្រសួងអប់រំយុវជន និងកីឡា។ លោកថា ស្ថាប័នរដ្ឋមួយនេះត្រូវពង្រឹងវិន័យក្នុងសាលាឱ្យបានតឹងរឹងតាមវិធីណាក៏ដោយ ដែលអាចបណ្តុះបណ្តាលផ្នត់គំនិតយុវជន ពិសេសក្មេងៗដែលកំពុងសិក្សានៅថ្នាក់បឋម ដើម្បីឱ្យពួកគេមានភាពច្បាស់លាស់ និងមិនបំពានលើអ្វីដែលសាលាបានកំណត់។ ទន្ទឹមគ្នានោះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ រូបនេះក៏បាន ពន្យល់បន្ថែមថា ឪពុកម្តាយក៏ជាបុគ្គលទីពីរដែលបានដើរតួនាទីសំខាន់បន្ទាប់ពីក្រសួងអប់រំ។ ជាងនេះទៅទៀតលោកថា អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តច្បាប់ដោយមិនគួររើសមុខបុគ្គលដែលប្រព្រឹត្តខុសឡើយ នោះបញ្ហាក្មេងទំនើងក្នុងសង្គមបច្ចុប្បន្នអាចនឹងត្រូវដោះស្រាយបាន។

សូមរំឭកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរសមត្ថកិច្ចខណ្ឌទូលគោកឃាត់ខ្លួនក្រុមយុវជន និងសិស្សសាលាប្រមាណ១១៣នាក់ ដែលបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្បែរវិទ្យាល័យជាស៊ីមសាមគ្គី ខណៈពួកគេមិនបានចូលរៀន និងជិះម៉ូតូប្រមាណ៥១គ្រឿង ប្រដេញគ្នា ស្រែកហ៊ោកញ្ច្រៀវបាញ់ទឹកដាក់គ្នា គប់ទឹក ដេញប៉ាតម្សៅ ពិសេសពួកគេមិនបានពាក់មួកសុវត្ថិភាពអំឡុងពេលជិះម៉ូតូនោះឡើយ។ ដោយឃើញសកម្មភាពអានាធិបេយ្យបែបនេះ ទើបអាជ្ញាធរមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពួកគេយកទៅធ្វើការអប់រំណែនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកតែម្ដង៕






