
រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹងមួយដល់ម្ចាស់អាជីវអាជីវកម្មរអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូតិ៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវមកបំពេញកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណនៅ(ន.អ.ប.)ឱ្យបានទាន់ពេលវេលា...។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) សូមជម្រាបជូន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ទាំងអស់ជ្រាបថា៖ រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូតិ៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី ន.អ.ប.។ ដូច្នេះ ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។

ដូចនេះ ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិត ន.អ.ប. សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអគារ អ.ស.ហ. លេខ១៦៨ ជាន់ទី៧ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោងទាំងអស់ជ្រាបជាព័ត៌មាន...៕






