
បើយោងតាមវចនានុក្រម សម្តេចសង្ឃពោធិញាណ ជួន ណាត ពាក្យថា «សង្ក្រាន្ត» មានន័យថាដំណើរឃ្លាតចាកទី ការឈានចូលដល់ ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំរាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី) ។ សង្ក្រាន្តមានបីថ្ងៃពោលគឺថ្ងៃទី១ជាថ្ងៃចូលឆ្នាំ ថ្ងៃទី២ជាពារកណ្ដាល ឬហៅថា វ័នបត (ថ្ងៃខ្វាក់) ថ្ងៃទី៣ជាពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯងជាថ្ងៃសង្ក្រាន្តពិធីសង្ក្រាន្ត។

ដោយឡែក បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
ដែលបានសរសេរនៅលើទំព័រហេ្វសប៊ុកផ្លូវការរបស់ឯកឧត្តមកាលពីថ្មីៗនេះថាពាក្យ «សង្រ្កាន្ត» មានន័យថាជាពិធីចូលឆ្នាំថ្មី
ហើយពាក្យនេះមានប្រើនៅសម័យអង្គរផងដែរបើតាមសិលាចារឹក Ka១៧
និងជាទំនៀមប្រពៃណីខ្មែរតាំងពីដើមរៀងមក។
កម្មវិធី «សង្ក្រាន្ត» តែងបានលេចវត្តមានក្នុងខែមេសាដែលជាខែប្រារព្ធពិធីចូលឆ្នាំថ្មី។
ក្នុងនោះផងដែរ មុនថ្ងៃចូលឆ្នាំខ្មែរ
ឬសង្រ្កាន្តមកដល់ប្រជាជនខ្មែរគ្រប់រូប
និងធ្វើដំណើរនិវត្តគ្រប់ទិសទីមកស្រុកកំណើតរបស់ពួកគេវិញ
ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេ រៀងរាល់មួយឆ្នាំម្ដង បន្ទាប់មក
ពួកគេនិងរៀបចំសំអាតផ្ទះសម្បែង និងតុបតែង លម្អផ្ទះសម្បែងផងដែរ ជាមួយនិង ប្រពៃណីព្យួគោមផ្កាយ ដែលពួកគេមានជំនឿថា ពន្លឺគោមផ្កាយ
និងនាំមកនូវ សិរីសួស្ដី លាភសំណាង និង ភាពមានបានផងដែរ
ក្រៅពីនេះទៀតមានលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ នៅតាមភូមិស្រុករបស់ពួកគេផងដែរ
ដូចជា ចោលឈូង លាក់កន្សែង ទាញព្រ័ត្យ បោះអង្គុញ ស្ដេចចង់ ពង្រាត់កូនក្រមុំ
ក្លែងចាប់កូនមាន់។

ថ្វីដ្បិតតែ ពាក្យថា «សង្ក្រាន្ត» ត្រូវបានពន្យល់យ៉ាងក្បោះក្បាយ និងមានសិលាចារឹក បញ្ជាក់ផងនោះ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នគេនៅតែសង្កេតឃើញកូនខ្មែរមួយចំនួននៅតែមានភាពភ័ណ្ឌច្រឡំ និងស្រពិចស្រពិល។ តួយ៉ាងមួយរយៈចុងក្រោយនេះមានភាពចម្រូងចម្រាស់យ៉ាងខ្លាំងក្រោយថៃបានដាក់ «ពិធីសង្ក្រាន្តនៅថៃ» បញ្ចូលក្នុងបញ្ជីជាបេតិកភណ្ឌអរូបីកាលពីរសៀលថ្ងៃពុធទី៦ ខែធ្នូ ឆ្នាំ២០២៣។ ពលរដ្ឋមួយភាគធំយល់ថា កម្ពុជាលែងមានសិទ្ធិក្នុងការប្រើប្រាស់ពាក្យសង្ក្រាន្តនេះតទៅទៀតហើយ និងមិនអាចប្រារព្ធពិធីនេះបានទៀត ព្រោះថៃបានដាក់ជាបញ្ជីបេតិកភណ្ឌរួច។ យ៉ាងណាការយល់ឃើញបែបនេះជា ការគិតខុសទាំងស្រុង។ សង្ក្រាន្តដូចដែរបានដឹងហើយថា មិនមែនមានតែកម្ពុជាទេដែលប្រារព្ធធ្វើ ជាក់ស្តែងពិធីនេះក៏ត្រូវបានរៀបចំនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដែលមានវប្បធម៌ស្រដៀងៗគ្នាដូចជា ឡាវ ថៃ ភូមា ជាដើម។

គួរជម្រាបថា ពលរដ្ឋខ្មែរនៅគ្រប់ទិសទី បានចាប់ផ្តើមប្រារព្ធធ្វើសង្ក្រាន្តឆ្នាំថ្មីជាបន្តបន្ទាប់ចាប់ពីចុងសប្តាហ៍នេះនៅតាមសាលារៀន វត្តអារាមជាដើម ខណៈដែលពិធីបុណ្យចូលឆ្នាំនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ១៤ ១៥ និង១៦ ខែមេសាខាងមុខ៕



