អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ជិត៣០០នាក់មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ហ៊ែល កំសាន
2 ឆ្នាំមុន

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរ​​ថៃ​​ នៅសប្តាហ៍នេះបានចាប់​​បញ្ជូន​​ពលករ​ខ្មែរ ដែលចំណាក់ស្រុកទៅ​​​​ធ្វើការខុសច្បាប់ជិត៣០០នាក់ ឱ្យ​ត្រឡប់​មកកាន់ប្រទេសកំណើត​វិញ​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមីនា។ នេះបើតាមការឱ្យដឹងពី លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត...។

លោក វ៉ាន ដារ៉ាន់ បានឱ្យដឹងបន្ថែមថា ក្នុងចន្លោះថ្ងៃទី២១ រហូតដល់ថ្ងៃទី២៦ ក្នុងខែមីនា អាជ្ញាធរកម្ពុជាបានទទួលពលករខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន២៤៣នាក់​ ដែលពលករទាំងនោះបានចូលទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ហើយត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនខ្លួនមកកម្ពុជាវិញ។ មន្រ្តីរូបនេះ បានឱ្យដឹងទៀតថា ក្នុងចំណោមពលករទាំង២៤៣នាក់ មានស្រី្តចំនួន៥០នាក់ និងកុមារចំនួន៨នាក់។ លោក វ៉ាន់ ដារ៉ាន់ បានឱ្យដឹងបន្ថែមថា ពលករខ្មែរដែលត្រូវភាគីអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ ពួកគេនិយាយថា ការដែលហ៊ានលួចឆ្លងដែនចូលទៅធ្វើការនៅក្រៅប្រទេស ព្រោះមានមេខ្យល់ខ្មែរធានានាំខ្លួនចូលទៅធ្វើការដោយមិនមានបញ្ហាអ្វីឡើយ។ ពលករខ្មែរទាំងនោះ បានបន្តប្រាប់ លោក វ៉ាន់ ដារ៉ាន់ ថា ជាថ្នូរនឹងការនាំខ្លួន និងទទួលបានការងារធ្វើនៅប្រទេសថៃ ពលករត្រូវបង់ប្រាក់ឱ្យមេខ្យល់ខ្មែរក្នុងម្នាក់ចំនួន៦ពាន់បាត ឬបើគិតជាប្រាក់រៀលមានចំនួនជិត៧០ម៉ឺនរៀល ខណៈការងារដែលទទួលបានភាគច្រើនជាការងារធ្វើសំណង់។

គួរឱ្យដឹងបន្ថែមថា ក្នុងខែមីនា ឆ្នាំ២០២៤នេះ មានពលករខ្មែរប្រមាណជាង៩០០នាក់ហើយ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ ខណៈពលករខ្មែរដែលអាជ្ញាធរថៃចាប់បញ្ជូនមកវិញនោះ គឺជាពលករអន្តោប្រវេសន៍ខុសច្បាប់ លួចលាក់ធ្វើការងារនៅក្នុងប្រទេសថៃ ហើយភាគច្រើននៃអ្នកទាំងនោះ ធ្វើជាជាងសំណង់ កាប់អំពៅ និងដកដំឡូងតាមជាយដែនជាដើម។ នេះបើតាមការបញ្ជាក់ពី លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕ រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត